យោងតាមការិយាល័យអប់រំក្នុងតំបន់បានឱ្យដឹងថា មានគ្រូម្នាក់បានបញ្ជាឱ្យសិស្សអនុវិទ្យាល័យម្នាក់កាត់សក់ម៉ូតដ៏អាក្រក់សម្រាប់ការទទួលទារុណកម្មដែលគេបានធ្វើ ហើយបច្ចុប្បន្នលោកគ្រូរូបនោះបានចេញមុខមកសុំទោសចំពោះគ្រួសារបន្ទាប់ពីមានគេរិះគន់ នៅខេត្ត Si Sa Ket ។ លោក Chuchart Kaewnok ប្រធានការិយាល័យអប់រំសិស្សអនុវិទ្យាល័យមិនបានបញ្ចេញឈ្មោះគ្រូនោះទេ ប៉ុន្តែលោកបាននិយាយថាហេតុការណ៍នេះបានកើតឡើងនៅសាលា Yang Chum Noi Phitthayakhom ក្នុងស្រុក Yang Chum Noi កាលពីថ្ងៃទី៣ ខែកក្កដា។
លោក Chuchart បាននិយាយថា ម្តាយរបស់សិស្សមានឈ្មោះថា Jin អាយុ ៣៣ឆ្នាំ បានសរសេរសារមួយបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកដើម្បីលាតត្រដាងពីរឿងរ៉ាវដែលទាក់ទងនឹងកូនស្រីរបស់គាត់។ លោកស្រីបាននិយាយថា មានលោកគ្រូម្នាក់គិតថាសក់របស់សិស្ស(កូនស្រីគាត់)វែងពេកហើយក៏យកកន្ត្រៃមកកាត់មួយកំណាត់ចោលហើយចាត់ទុកថាជាការដាក់ទណ្ឌកម្ម។ ការធ្វើទារុណកម្មនេះប្រព្រឹត្តឡើងក្នុងអំឡុងពេលគោរពទង់ជាតិពេលព្រឹកដែលមានវត្តមានសិស្សជាច្រើននៅទីនោះ។ យោងតាមម្តាយសិស្សបានឱ្យដឹងថា ការដាក់ទណ្ឌកម្មនេះបណ្តាលឱ្យកូនស្រីគាត់មានភាពអាម៉ាស់មុខនិងឈឺចាប់ក្នុងចិត្តយ៉ាងខ្លាំង។ លោក Chuchart បាននិយាយទៅកាន់ម្តាយក្មេងស្រីដើម្បីដោះស្រាយបញ្ហានេះក្នុងកិច្ចប្រជុំមួយដែលមានការចូលរួមពីសំណាក់លោក Issara Seriwatthanawut និងចៅហ្វាយស្រុក Suporn Theerarojchalee ព្រមទាំងនាយកសាលា Yang Chum Noi Phitthayakhom ។
លោក Chuchart បាននិយាយថាក្រសួងអប់រំបានអនុញ្ញាតឱ្យនិស្សិតស្រីមានសក់វែងបានប៉ុន្តែត្រូវប្រាកដថាបានចងឱ្យបានស្អាតនិងមានរបៀបរៀបរយ។ លោកបាននិយាយថាលោកគ្រូដែលបានដាក់ទោសសិស្សនោះ ពិតជាបានប្រើសិទ្ធិអំណាចរបស់គាត់ជ្រុលមែន ហើយលោកគ្រូនោះក៏បានចេញមុខសុំទោសម្តាយនិងក្មេងស្រីផងដែរ។ គ្រូបង្រៀនដែលធ្វើខុសនឹងច្បាប់សាលានោះត្រូវបានគេស្តីបន្ទោសនិងត្រូវបានហាមឃាត់មិនឱ្យធ្វើខុសលើកទី២ទៀតទេ។ ម្តាយរបស់ក្មេងស្រីបាននិយាយថា កូនស្រីរបស់គាត់នឹងអវត្តមានមកសាលាមួយរយៈសិន រង់ចាំរហូតដល់រូបគេមានអារម្មណ៍ធូរស្បើយឡើងវិញចំពោះរឿងដែលបានកើតឡើង៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post