
សួស្តីមិត្តទាំងអស់គ្នា! មិត្តទាំងអស់គ្នាច្បាស់ជាដឹងហើយថាវីយូឡុងជាឧបករណ៍តន្ត្រីបស្ចឹមប្រទេសមួយដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងវិស័យតន្ត្រី និងចម្រៀងរបស់ប្រទេសកម្ពុជាយើងតាំងពីសម័យមុនមកដល់សម័យបច្ចុប្បន្ន។ ថ្ងៃនេះទំព័រ វីយូឡុង បែបខ្មែរ សូមនាំមិត្តទាំងអស់គ្នាមកស្វែងយល់បន្ថែមនូវព័ត៌មានលម្អិត និងចំណុចពិសេសខ្លះៗពីឧបករណ៍តន្ត្រីមួយនេះ។
១. អ្វីទៅជាវីយូឡុង? ដើមកំណើតមកពីណា?
វីយូឡុងជាឧបករណ៍តន្ត្រីខាងគ្រឿងខ្សែកូតមួយក្នុងចំណោមបួននៃគ្រួសារគ្រឿងខ្សែរបស់វា។ វាបានចាប់កំណើតឡើងកំឡុងសតវត្សទី១៥នៃគ.ស នៅទ្វីបអឺរ៉ុបដែលការចាប់ផ្តើមបង្កើតឡើងដំបូងដើម្បីលេងតន្ត្រីនៅតាមវិហារគ្រឹស្តសាសនានានា ដែលដើមឡើយរូបរាងរបស់វាមិនដូចវីយូឡុងសព្វថ្ងៃនេះដោយវាត្រូវបានវិវត្តន៍ជាបន្តបន្ទាប់ទើបលេចចេញជារូបរាងដូចសព្វថ្ងៃនេះ។
២. អ្វីជាចំណុចពិសេសរបស់វីយូឡុង?
វីយូឡុងក៏ដូចឧបករណ៍បីទៀតក្នុងគ្រួសាររបស់វាផងដែរដោយត្រូវបានបំពាក់ដោយខ្សែចំនួនបួនដើម្បីកូតដោយខ្សែទាំងបួនរឹតចំនួនប្រាំសម្លេងពីមួយខ្សែទៅមួយខ្សែពីទាបទៅខ្ពស់។ ដោយឡែកឧបកណ៍នេះមានខ្សែទាបជាងគេគឺខ្សែ សុល(G) បន្ទាប់មក រ៉េ(D) រួច ឡា(A) និងខ្សែខ្ពស់ជាងគេគឺ មី(E)។ ដើម្បីបញ្ចេញសម្លេងទៅបានវីយូឡុងត្រូវការឆាក (bow) ដើម្បីកូតទៅលើខ្សែទាំងបួនបង្កើតបានជារំញ័រសម្លងចេញទៅ យ៉ាងណាមិញយើងក៏អាចកេះវាបានដែរ។
៣. ផ្នែកផ្សេងៗនៃវីយូឡុង
- ព្រលួត (tuning pegs, adjuster) សម្រាប់រឹតខ្សែ
- ខ្ទង់ (fingerboard) សម្រាប់ប្រើម្រាមដៃឆ្វេងចុច
- ក(neck) សម្រាប់ដាក់មេដៃឆ្វេងពីខាងក្រោម
- ប្រអប់សំនៀង(body) សម្រាប់ប្រមូលផ្តុំរំញ័សម្លេង
- យ៉ង(bridge) សម្រាប់បញ្ជូនរំញ័ពីខ្សែទៅប្រអប់សំនៀង
- ទ្រនាប់ចង្កា(chinrest) សម្រាប់ដាក់ចង្កាគៀបនឹងតួវីយូឡុង
- Tailpiece សម្រាប់ថ្ពក់ខ្សែពីដើម្បីរឹត
- F-hole ជារន្ធសម្រាប់បញ្ចេញសម្លេងមកខាងក្រៅតួ
- ឆាក(bow) សម្រាប់កូត
៤. ផ្នត់គំនិត រឺមនោរម្មណ៍នៃវីយូឡុង
សម្រាប់ឧបករណ៍តន្ត្រីមួយនេះសម្លេងធម្មជាតិរបស់វាមានទំនោរទៅរកភាពអន្លង់អន្លោច ស្រងេះស្រងោចសោកសៅ មិនថាលេងជាបទបែបសម័យរឺបុរាណនោះទេទាំងបែបបទបស្ចឹមប្រទេស និងបែបបទរបៀបខ្មែរ។ ដូច្នេះភាគច្រើនប្រជាជនខ្មែរយើងច្រើនតែលឺសម្លេងវីយូឡុងនៅក្នុងបទចម្រៀងខ្មែរសម័យដើមជាច្រើនដែលមានភាពអន្លង់អន្លោចដូចជាបទ លុះលង់ក្រោមធរណី បទ បុប្ផាមាសស្នេហ៍ ដែលកូតដោយលោក ហាស់ សាឡន និងបទបែបកម្សត់សោកសៅដូចជាបទ បំពេរទិព្វសូដាចន្ទ បទ ចម្រៀងមរណៈ ដែលកូតដោយលោក អ៊ំ ដរ៉ា ជាដើម។ យ៉ាងណាមិញក៏នៅមានបទបែបសប្បាយលែបខាយជាច្រើនទៀតរបស់ខ្មែរយើងដែលប្រើវីយូឡុងផងដែរ។
វីយូឡុង បែបខ្មែរ នឹងនាំមិត្តទាំងអស់គ្នាទៅស្វែងយល់បន្ថែមទៀតពីវីយូឡុង និងឧបករណ៍តន្ត្រីនានានៅអត្ថបទក្រោយទៀត៕