បាល់ទាត់៖ ក្លិបតោខៀវ Chelsea បានច្រានចោលសំណើរបស់ក្លិប Inter ដែលស្នើសុំចុះហត្ថលេខាជាមួយខ្សែការពារស្លាបឆ្វេង Emerson Palmieri ក្នុងតម្លៃ ២០ លានអឺរ៉ូ ប៉ុន្តែក្លិបមានមូលដ្ឋាននៅអ៊ីតាលីនេះ ហ៊ានឱ្យដល់ ៣០ លានអឺរ៉ូ ប្រសិនបើកិច្ចព្រមព្រៀងនោះរួមមានខ្សែប្រយុទ្ធ Olivier Giroud ម្នាក់ផងដែរ។
កាសែតអ៊ីតាលី Tuttosport បានអះអាងថា Chelsea នឹងមិនលក់ខ្សែការពារ Emerson ក្នុងតម្លៃទាបឡើយ នៅទីផ្សាររដូវក្តៅនេះបើកទ្វារ ត្បិតកីឡាករវ័យ ២៥ ឆ្នាំមិនសូវបានបង្ហាញខ្លួនញឹកញាប់នៅរដូវកាលនេះក៏ដោយ។ យ៉ាងណាមិញ Inter នៅតែរំពឹងអាចចរចាគ្នាត្រូវថ្លៃក្នុងការនាំយក Emerson និង Giroud ក្នុងតម្លៃ ៣០ លានអឺរ៉ូ ដែលគ្រោងចំណាយដើម្បីផ្ទេរកម្លាំងសំខាន់ទាំងពីររូបនេះមកជួយជ្រោមជ្រែងក្រុមបន្ថែមនៅរដូវកាលក្រោយ ខណៈពេលដែលថ្មីៗនេះពួកគេទើបបញ្ចប់ការផ្ទេរបានខ្សែការពារស្លាបស្តាំ Achraf Hakimi ពីក្លិប Real Madrid។
យ៉ាងណាក៏ដោយ Inter នៅតែរំពឹងអាចចុះហត្ថលេខាយកបាន Giroud បន្ទាប់ពី Chelsea ទើបតែនាំចូលខ្សែប្រយុទ្ធថ្មីរបស់ក្លិប RB Leipzig គឺកីឡាករ Timo Werner ដែលធ្វើឱ្យកីឡាករនៅតំបន់ប្រយុទ្ធគរជើងគ្នាច្រើន ម្ល៉ោះហើយតោខៀវនឹងគិតគូរលក់ចេញខ្លះនៅរដូវក្តៅនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia