ក្រុមហ៊ុនអគ្គិសនីនូវែលសេឡង់ Powerco បានរួមដៃគ្នាជាមួយនឹងក្រុមហ៊ុនថាមពលថ្មី Emrod ដើម្បីធ្វើការសាកល្បងវិធីសាស្ដ្របញ្ជូនអគ្គីសនីពីចំនុចមួយទៅចំនុចមួយដោយមិនប្រើប្រាស់ខ្សែរភ្លើង ហើយគម្រោងនេះនឹងចាប់ផ្ដើមដំណើរការនៅខែតុលាខាងមុខនេះហើយ ។
ប្រព័ន្ធបញ្ជូនអគ្គីសនីនេះឧបករណ៍ដូចជា ថាមពលអគ្គីសនីមួយ អង់តែនបាញ់ថាមពលមួយដើម អង់តែនបញ្ជូនថាមពលបន្ដជាច្រើនដើម និងអង់តែនទទួលថាមពលមួយដើម ( ជាប្រភេទអង់តែន Rectenna ) ដើម្បីផ្គុំជាប្រព័ន្ធបញ្ជូនថាមពលតឥតខ្សែរមួយ ។
ក្រុមហ៊ុន Emrod នឹងបំលែងថាមពលអគ្គីសនីទៅជារលក Microwave ហើយធ្វើការបាញ់បញ្ជូនពន្លឺឡាស៊ែរតាមអង់តែនដំបូលមូលទៅកាន់អង់តែនបញ្ជូនថាមពលបន្ដ ហើយអង់តែនបញ្ជូនថាមពលបន្ដនឹងប្រមូលផ្ដុំពន្លឺឡាស៊ែរបន្ដបញ្ជូនទៅកាន់អង់តែនទទួលថាមពល ចុងក្រោយទើបបំលែងរលក Microwave ដែលទទួលបានទៅជាថាមពលអគ្គីសនីវិញ ។
តាមពិតគំនិតបញ្ជូនថាមពលដោយមិនប្រើខ្សែរភ្លើងនេះមិនមែនជាគំនិតថ្មីនោះទេ នេះគឺគំនិតរបស់លោក Nikola Tesla តាំងពីជាង១០០ឆ្នាំមុនឯណ្ណោះ ។
កាលឆ្នាំ១៨៩០ លោក Nikola Tesla បានបង្កើតអង់តែនមួយដែលមានកំពស់ ១៨៧ ហ្វីត និងដំបូលមូលមួយមានមុខកាត់ ៦៨ ហ្វីត ទោះជាពេលនោះឧបករណ៍នេះពុំទាន់បានសាងសង់រួចរាល់ក៏ដោយ តែលោក Nikola Tesla នៅតែបន្ដធ្វើការសាកល្បងនេះ ។ កាលនោះលោកបានជោគជ័យក្នុងការបញ្ជូនថាមពលពីកន្លែងមួយទៅដល់ទីតាំងមួយទៀត ដែលមានចម្ងាយ ៣,២ គីឡូម៉ែត្រ ដោយបានថាមពលអគ្គីសនីមានកំលាំងដល់ទៅ ៣០០,០០០ វ៉ាត់ ថែមទាំងបង្កើតនូវរន្ទះបាញ់ដែលមានប្រវែងដល់ទៅ ៣៩ ហ្វីតឯណ្ណោះ។
ប៉ុន្ដែការសាកល្បងនេះបានបណ្ដាលអោយម៉ាស៊ីនអគ្គីសនីនៅតំបន់នោះឆេះខូច ហើយធ្វើអោយដាច់ភ្លើងក្នុងតំបន់យ៉ាងធ្ងន់ធ្ងរ ចុងក្រោយលោក Nikola Tesla ក៏ឈ្លោះគ្នាជាមួយអ្នកវិនិយោគផងដែល ដូច្នេះហើយ នៅឆ្នាំ ១៩១៧ លោក Nikola Tesla ក៏បានវាយកំទេចឧបករណ៍នោះ ទាំងការសាងសង់មិនទាន់បានរួចរាល់ ។
រីឯ ១៣០ ឆ្នាំក្រោយមក ក្រុមហ៊ុន Emrod ក៏បានប្រើប្រាស់ឡើងវិញវិធីសាស្ដ្របញ្ជូនថាមពលពីចម្ងាយ តែគំនិតនេះពុំដូចគំនិតរបស់លោក Nikola Tesla ដែលបានបង្កើតនោះទេ ។
ដោយក្រុមហ៊ុន Emrod បានប្រើប្រាស់ឧបករណ៍បន្ដរលក Microwave ដើម្បីបញ្ជូនថាមពល និងទទួលថាមពលវិញ (Rectifying antenna)។
រលក Microwave ក៏មានវត្ដមានលើផ្នែកវិទ្យាសាស្ដ្រ ផ្នែកសុខាភិបាល រួមទាំង WIFI និង Bluetooth ដែលជាឧស្សាហកម្មមិនគិតថ្លៃជាច្រើនផ្សេងៗទៀត ហើយគ្រឿងបរិក្ខារទាំងនេះមើលទៅដូចជាស្លាកសញ្ញាដែលបង្ហាញយ៉ាងទទេសស្អាតមួយចឹង។
លោក Greg Kushnir ដែលជាអ្នកបង្កើតក្រុមហ៊ុន Emrod បាននិយាយថា ពួកគេគឺជាក្រុមហ៊ុនដំបូងបំផុតដែលអាចដោះស្រាយគម្រោងមួយនេះបាន ហើយពួកគេក៏បានធ្វើការសាកល្បងក្នុងការបញ្ជូនថាមពលរយៈចម្ងាយជិតផងដែល។
គិតត្រឹមបច្ចុប្បន្ននេះ ឧបករណ៍បញ្ជូនថាមពលឥតខ្សែរនេះអាចបញ្ជូនថាមពលរហូតដល់ចម្ងាយ ១៣០ ហ្វីត ហើយឧបករណ៍ទទួលថាមពលនៅតែអាចទទួលថាមពលបានធម្មតា ទោះនៅក្នុងតំបន់ភ្នំ ឬកន្លែងដែលពិបាកនាំថាមពលអគ្គីសនីទៅដល់ក៏ដោយ ។
ទោះជាស្ថិតក្នុងស្ថានភាពគ្រោះធម្មជាតិដូចជាព្យុះក៏ដោយ អង់តែនថាមពលអគ្គីសនីក៏នៅតែអាចតម្លើងបានដោយងាយស្រួល ហើយក្រុមការងារនេះបានប្រើបច្ចេកទេសនេះបញ្ជូនថាមពលអគ្គីសនីដែលមានកំលាំងខ្លាំងដល់ទៅ ១០០ ដង ដែលធ្វើឡើងនៅរយៈចម្ងាយឆ្ងាយបំផុត ។
ចំពោះបញ្ហាគេចោតសួរថា ប្រសិនមានសត្វស្លាប ឬស្លឹកឈឺបាំងឧបករណ៍ទទួលថាមពល វានឹងអាចកើតបញ្ហាដាច់ប្រព័ន្ធឬទេ? ឯខាងក្រុមហ៊ុន Emrod បានឆ្លើយវិញថា ប្រសិនមានវត្ថុមកជិត នោះពន្លឺឡាស៊ែររបស់ Microwave នឹងធ្វើការការពារដោយបិទឡាស៊ែរភ្លាម តែការផ្ដាច់ចរន្តអគ្គិសនីភ្លាមៗនេះគឺមិនបណ្ដាលអោយប្រព័ន្ធថាមពលអគ្គីសនីទាំងមូលមានបញ្ហាខូចខាតទេ។
លោក Greg Kushnir បាននិយាយទៀតថា ក្រុមហ៊ុនលោកបានរួមដៃគ្នាជាមួយនឹងក្រុមហ៊ុនអគ្គីសនី Powerco ធ្វើការសាកល្បងនៅខែតុលាឆ្នាំនេះ ដោយធ្វើការបញ្ជូនថាមពលនៅផ្ទៃដីដីគោកនូវែលសេឡង់ ឆ្លងសមុទ្រទៅដល់កោះ Stewart Island ដែលមានចម្ងាយ ១៩ ម៉ាយល៍ ហើយដើមទុនក្នុងការបញ្ជូនអគ្គីសនីនេះចំណាយតែពាក់កណ្ដាលតម្លៃនៃវិធីបញ្ជូនអគ្គីសនីចាស់តែប៉ុណ្ណោះ ៕