សំបុកសត្វអណ្តើកថ្មីត្រូវបានគេរកឃើញនៅភូមិមួយឈ្មោះ Khao Lak នៃខេត្តភូកេតដោយមានពងជិត ១០០គ្រាប់ឯណោះ ។
លោក Haritchai Rittichuay ប្រធានឧទ្យានជាតិ Khao Lampi – Hat Thai Mueang បានប្រាប់កាសែត The Phuket News ថាសំបុកនេះត្រូវបានរកឃើញកាលពីថ្ងៃអង្គារទី៧ ខែកក្កដា។ លោក Haritchai បាននិយាយថាអ្នកនេសាទក្នុងតំបន់ឈ្មោះ Rome Sengkeaw រាយការណ៍ថាបានរកឃើញផ្លូវសត្វអណ្តើកមួយនៅលើដីខ្សាច់ខាងមុខកោះ Khao Nayak កាលពីម៉ោង ៥ព្រឹក។
លោក Haritchai បានបន្ថែមថាក្រុមមន្រ្តីបានមកដល់និងបានរកឃើញសំបុកសត្វអណ្តើកនៅម៉ោងប្រហែល ៨ព្រឹក។ លោកបានមានប្រសាសន៍ថា ក្នុងសំបុកអណ្តើកនោះមានពងចំនួន ១០០គ្រាប់ ដែលក្នុងនោះមាន ៩១ គ្រាប់ទំនងជាជិតញាស់ហើយ។
ដោយសារសំបុកអណ្តើកនេះនៅឆ្ងាយពីឧទ្យានជាតិ ដូចនេះក្រុមការងារនឹងបន្ថែមកម្លាំងមើលថែដល់សំបុកនោះឱ្យបានដិតដល់ ត្បិតខ្លាចអាកាសធាតុនៅជិតនោះមិនសូវល្អនិងខ្លាចក្រែងមានជនខិលខូចយាយីដល់សំបុកសត្វអណ្តើកនោះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ phuket news