លិខិតឆ្លងដែនថៃថ្មីបានដាក់ឱ្យដំណើរការកាលពីថ្ងៃពុធដោយមានផែនការបង្កើនសុពលភាពរហូតដល់ទៅ ១០ឆ្នាំចាប់ពីខែបន្ទាប់។
លិខិតឆ្លងដែនដែលបានកែប្រែថ្មីត្រូវបានរចនាឡើងដើម្បីបង្កើនសន្តិសុខទាំងម្ចាស់កម្មសិទ្ធនិងប្រទេស។ យោងតាមនាយកដ្ឋានកុងស៊ុលថៃបានឱ្យដឹងថា លក្ខណៈពិសេសថ្មីរួមមានហត្ថលេខានិងទិន្នន័យដែលស្កេនពីរាងកាយរបស់អ្នកប្រើប្រាស់ដើម្បីសម្គាល់ជាអត្តសញ្ញាណទៀតផង។ យោងតាមសេចក្ដីជូនដំណឹងបានឲ្យដឹងថា នៅលើលិខិតឆ្លងដែនថ្មីក៏មានកន្លែងប្រវត្តិសាស្ត្រសំខាន់ៗចាប់ពីសម័យសុខោទ័យរហូតដល់សម័យ Rattanakosinដែលត្រូវបានបោះពុម្ពនៅលើទំព័រនីមួយៗដើម្បីផ្តល់ចំណេះដឹងដល់ម្ចាស់កម្មសិទ្ធផងដែរ។
លិខិតឆ្លងដែនថៃបច្ចុប្បន្នមានសុពលភាពរយៈពេល ៥ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទដែលនាយកដ្ឋានប្រកាសជាសាធារណៈ។ នាយកដ្ឋានបាននិយាយថាពួកគេគ្រោងនឹងពន្យារពេលផុតកំណត់រហូតដល់ទៅ ១០ឆ្នាំ ចាប់ពីខែក្រោយនេះ។ ការិយាល័យនាយកដ្ឋាននៅលើផ្លូវ Chaeng Watthana ត្រូវបានបិទជាបណ្តោះអាសន្នដើម្បីជួសជុល។ សេវាកម្មធ្វើលិខិតឆ្លងដែនត្រូវបានផ្លាស់ប្តូរទៅអគារមជ្ឈមណ្ឌលសេវាកម្មអតិថិជននៅក្បែរក្រុមហ៊ុនទូរគមនាគមន៍ CAT Telecom ដែលនៅជាប់នឹងកន្លែងកិច្ចការរបស់រដ្ឋាភិបាល។ ការិយាល័យកុងស៊ុលថៃក៏មានការិយាល័យលិខិតឆ្លងដែននៅទីតាំងផ្សេងទៀតទូទាំងទីក្រុងបាងកកនិងនៅខេត្តផងដែរ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post