ក្រសួងអប់រំយុវជន និងកីឡា គ្រោងដាក់សំណើទៅរដ្ឋាភិបាល ដើម្បីសុំការអនុញ្ញាតឱ្យដំណើរការសាកល្បង ដំណាក់កាលទី១ សាលារៀនស្តង់ដាសុវត្ថិភាពខ្ពស់មួយចំនួនតូច ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។
កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើកត្តាសុខុមាលភាព សង្គម សេដ្ឋកិច្ច និងការលើកកម្ពស់វិនិយោគ។
យោងតាមកិច្ចប្រជុំខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងស្នើសុំការសម្រេច ពីប្រមុខរាជរដ្ឋាភិបាល នូវវិធានការចាំបាច់ សម្រាប់ការបើកដំណើរការសាលារៀន ដំណាក់កាលទី១រួមមាន៖ គ្រឹះស្ថានសិក្សាត្រូវចុះកិច្ចសន្យា ទទួលខុសត្រូវលើការអនុវត្តន៍ វិធានការសុវត្ថិភាពសុខភាពសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកដូចជា÷ ការអនុវត្តន៍ លក្ខខណ្ឌតម្រូវ នៃការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបទកូវីដ-១៩ ការរៀបចំបរិស្ថានសាលារៀន និងថ្នាក់រៀនឲ្យស្របតាមស្តង់ដាសុវត្ថិភាពសុខភាពសិក្សា, ការរក្សាគម្លាតសុវត្ថិភាព, ការវាស់កំដៅបុគ្គលជាប្រចាំ, និងការលាងដៃជាប្រចាំ ការពាក់ម៉ាស។ ល។
ជាមួយគ្នាផងដែរ ក្រសួងអប់រំ បានតម្រូវឱ្យគ្រឹះស្ថានសិក្សាត្រូវអនុវត្តការអប់រំតាមគន្លងថ្មីដូចជា៖ រៀនក្នុងថ្នាក់ខ្លះ រៀនតាមអនឡាញខ្លះ តាមគោលការណ៍ស្ម័គ្រចិត្ត និងការយល់ព្រមពីមាតាបិតា។គ្រឹះស្ថានសិក្សាត្រូវរៀបចំក្រុមការងារទទួលបន្ទុកសុវត្ថិភាពសុខភាពសិក្សា ដើម្បីត្រួតពិនិត្យជាប្រចាំ ក្រោមការដឹកនាំរបស់ប្រធានគ្រឹះស្ថានសិក្សា និងម្ចាស់ភាគហ៊ុន។
បន្ថែមពីលើនេះ គ្រឹះស្ថានសិក្សាត្រូវតម្រូវឲ្យមានការធ្វើតេស្តពិនិត្យសុខភាព និងរកមេរោគកូវីដ-១៩ សម្រាប់បុគ្គលិកអប់រំ និង សិស្សានុសិស្ស។ គ្រឹះស្ថានសិក្សាត្រូវអនុវត្តវិធានការតម្រូវនានា។
ក្រសួងអប់រំ យុវជននិងកីឡានឹងចុះត្រួតពិនិត្យវាយតម្លៃយ៉ាងម៉ឺងម៉ាត់លើការអនុវត្តន៍របស់គ្រឹះស្ថានសិក្សា។
ផ្អែកតាមបទពិសាធន៏ និងការវាយតម្លៃការអនុវត្តដំណាក់កាលទី១ ទើបក្រសួងអប់រំ យុវជន និងកីឡាអាចកំណត់បាន នូវជំហ៊ានបន្តបន្ទាប់សម្រាប់ដំណាក់កាលទី២ និងទី៣៕ ដោយ៖ ឃួន លក្ខិណា