ភ្នំពេញ៖ យុវជនដែលជាកម្មករសំណង់ម្នាក់ធ្លាក់ពីលើអាគារសំណង់ជាន់ទី២០ស្លាប់ភ្លាមៗ។
ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី៩ខែកក្កដាឆ្នាំ២០២០
ស្ថិតនៅផ្លូវលេខ៣២២សង្កាត់បឹងកេងកងទី១ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។
សពយុវជនខាងលើនេះមានឈ្មោះ នី មីនុន អាយុ១៦ឆ្នាំមុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិប្រណាក់ឃុំចើងដើងស្រុកបារាយខេត្តកំពង់ធំ ស្នាក់នៅការដ្ឋានសំណង់កើតហេតុខាងលើ។
ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុយុវជនរងគ្រោះខាងលើនិងពូបង្កើតបានឡើងទៅបំពេញការងារនៅជាន់ទី២០ខណៈពេលជិះកន្ត្រកយោងចុះមកក្រោមបានធ្លាក់ចុះជាន់ផ្ទាល់ដីបណ្តាលឲ្យស្លាប់ភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននៃអធិការដ្ឋានខណ្ឌបឹងកេងកងសហការណ៏ជាមួយកម្លាំងជំនាញកោសល្យវិច្ច័យស្នងការនគរបាលរាជធានីភ្នំពេញនិងមន្ត្រីសាលាខណ្ឌបានចុះទៅពិនិត្យសពនិងផ្អាកការដ្ឋានសំណង់ខាងលើជាបណ្តោះអាសន្ន។
ចំណែកសពយុវជនខាងលើនេះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។ ដោយ៖សួង សាម