បាល់ទាត់៖ យោងតាមរបាយការណ៍ពីកាសែត L’Equipe បានឲ្យដឹងថាក្លិប Atletico Madrid មានចំណាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធ Alexandre Lacazette របស់ក្លិប Arsenal ជាថ្មីម្តងទៀតនៅរដូវក្តៅនេះ។
កាសែតបារាំងខាងលើអះអាងថា លោក Diego Simeone អ្នកចាត់ការទូទៅក្លិប Atletico នៅតែចង់បានខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំរូបនេះដដែល ក្រោយធ្លាប់បរាជ័យលើការផ្ទេរកាលពីរដូវក្តៅឆ្នាំមុន។ លោក Simeone មានបំណងចង់បាន Lacazette ជាថ្មី ក្រោយពីក្លិប Arsenal កំពុងចាប់អារម្មណ៍កូនក្រុមរបស់លោកម្នាក់ គឺខ្សែបម្រើ Thomas Partey ដែលជាគោលដៅផ្ទេរដ៏សំខាន់មួយសម្រាប់លោក Mikel Arteta។
យ៉ាងណាមិញ លោក Simeone មានបំណងចង់ផ្តល់ជូន Partey ឱ្យ Arsenal ដើម្បីជាថ្នូរនឹងការផ្ទេរ Lacazette មកជួយពង្រឹងតំបន់ប្រយុទ្ធបន្ថែមនៅរដូវកាលក្រោយ។
សម្រាប់រដូវកាលនេះ Lacazette បង្ហាញខ្លួនសរុបឱ្យក្លិបបានចំនួន ៣២ ប្រកួតរកបាន ១០ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ៤ ដងផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-espana