នៅថ្ងៃអាទិត្យនេះរដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ ចំនួន ៥នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ ដែលធ្វើឱ្យអ្នកឆ្លងជំងឺសរុបក្នុងប្រទេសកើនឡើងដល់ ៣១៩០នាក់ ហើយអ្នកស្លាប់នៅរក្សាចំនួន ៥៨ នាក់ដដែល។
គិតមកដល់ថ្ងៃនេះប្រទេសថៃមានអ្នកជំងឺចំនួន ៣០៧១នាក់ដែលបានជាសះស្បើយ និងបន្សល់ទុកអ្នកជំងឺចំនួន ៦១នាក់ សម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពមេរោគកូវីដ-១៩ បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថាអ្នកជំងឺ ២នាក់ បានត្រឡប់មកពីប្រទេសគុយវ៉ែត មកពីសហរដ្ឋអាមេរិកម្នាក់ មកពីប្រទេសឥណ្ឌាម្នាក់ និងមកពីប្រទេសជប៉ុនម្នាក់។
អ្នកជំងឺដែលត្រឡប់មកពីប្រទេសជប៉ុនបានធ្វើតេស្តនិងមានលទ្ធផលវិជ្ជមានកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ រីឯអ្នកផ្សេងទៀតគឺនៅថ្ងៃសុក្រ។ បច្ចុប្បន្នប្រទេសថៃកំពុងមានច្បាប់ឈប់សម្រាកចំនួន ៤ថ្ងៃ នៅចុងខែកក្កដាខាងមុខនេះ។ រដ្ឋាភិបាលកំពុងមានការព្រួយបារម្ភថាអំឡុងពេលឈប់សម្រាកអាចមានប្រជាជនយ៉ាងច្រើនកុះករធ្វើដំណើរពីទីក្រុងបាងកកទៅកាន់ស្រុកកំណើតរបស់ពួកគេដើម្បីជួបជុំគ្រួសារ ហើយអាចបណ្តាលឱ្យមានការឆ្លងជំងឺកាន់តែច្រើន៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post