បាល់ទាត់៖ ខ្សែប្រយុទ្ធ Luka Jovic របស់ក្លិប Real Madrid នៅតែជាជម្រើសនាំចូលទី ១ របស់ក្លិប AC Milan ក្នុងរដូវក្តៅនេះ ដើម្បីមកជំនួសកីឡាករ Zlatan Ibrahimovic ខណៈពេលដែលខ្សែប្រយុទ្ធក្លិប Roma គឺកីឡាករ Patrik Schick ជាបេក្ខភាពបន្ទាប់បន្សំផងដែរ។
យោងតាមគេហទំព័រអ៊ីតាលី Calciomercato បានឱ្យដឹងថា ក្លិប Milan នឹងចុះហត្ថលេខាយក Jovic នៅក្នុងអំឡុងពេលទីផ្សារកីឡារដូវក្តៅបើកទ្វារខាងមុខ ប្រសិនបើ Real Madrid យល់ព្រមសំណើដែលបានផ្តល់ជូនកន្លងទៅ។
យ៉ាងណាមិញ Schick ក៏ជាគោលដៅនាំចូលម្នាក់ផងដែរ ប្រសើនបើ Milan បរាជ័យក្នុងការផ្ទេរ Jovic ដែលពួកគេមិនរំពឹងថាមានតម្លៃខ្លួនទាបនោះទេ ដោយសារ Madrid ក៏បានទិញខ្សែប្រយុទ្ធរូបនេះ ពីក្លិប Eintracht Frankfurt ក្នុងតម្លៃខ្ពស់ផងដែរ ពោលគឺប្រមាណ ៦០ លានអឺរ៉ូនៅឆ្នាំ២០២០។
បច្ចុប្បន្ន ខ្សែប្រយុទ្ធ Schick កំពុងលេងនៅក្លិប RB Leipzig របស់អាល្លឺម៉ង់ក្នុងលក្ខខណ្ឌខ្ចីជើងពី Roma មួយរដូវកាល ហើយរកបាន ១០ គ្រាប់ពីការបង្ហាញខ្លួនចំនួន ២២ ប្រកួតនៅក្របខ័ណ្ឌ Bundesliga។ ក្លិប RB Leipzig ក៏មានជម្រើសទិញដាច់ខ្សែប្រយុទ្ធរបស់ Roma រូបនេះផងដែរ ក្នុងតម្លៃប្រមាណ ២៩ លានអឺរ៉ូ។ បើតាមការរាយការណ៍កន្លងមក RB Leipzig ហាក់មិនមានបំណងទិញយក Schick ពី Roma នោះទេ ហើយពួកគេមានគម្រោងបញ្ជូនខ្សែប្រយុទ្ធរូបនេះទៅកាន់អ៊ីតាលីវិញនៅពេលឆាប់ៗ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia