នៅឃុំសង្កែសាទប ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានត្រពាំងមួយ អ្នកស្រុកហៅថា “ត្រពាំងបឹងតេ” ។ ត្រពាំងនេះ មានលក្ខណៈប្លែក ដែលនាំឲ្យអ្នកស្រុកជិតខាង និង អ្នកដំណើរណាដែលបានទៅដល់ទីនោះ ចាប់អារម្មណ៍គ្រប់ៗ គ្នា ។ ទំហំត្រពាំង មិនជាធំប៉ុន្មានទេ ប្រមាណជាមាត់រង្វះ ១០០ ម៉ែត្រប៉ុណ្ណោះ ។ មាត់ត្រពាំងជុំវិញ មានកក់ដុះខ្នាន់ខ្នាប់ ពុំដែលមានសត្វធាតុណាមួយ ចូលទៅស៊ី ទៅរុករានឡើយ, ឯដីត្រង់ដុះកក់នោះ មានសភាពទន់ជ្រាយ ល្មមដើរបាន ឥតផុងជើងទេ តែទៅដល់កណ្ដាលត្រពាំង បែរជាមានត្រឹបមួយដុំ ដុះស្មៅខ្លះ កក់ខ្លះ ហើយដីនោះ ជាភក់មមោកស្មោះ ។ បើគេចង់ឆ្លងត្រឹបនេះ ទាល់តែយកឈើវែងៗ ដាក់គង រួចដើរសួពីលើឈើនោះទើបបាន ។ មានអ្នកស្រុកនិយាយបន្ថែមទៀតថា កាលជំនាន់បារាំង នៅជាអាណាព្យាបាលប្រទេសខ្មែរ កាលនោះ បារាំងទៅពិនិត្យមើល ប្រុងនឹងធ្វើស្ពានឆ្លង ហើយបុកសសរស្ពានចំកណ្ដាលត្រពាំង ។ ពេលនោះ គេឃើញមានដូចផ្សែងចំហាយ ហុយៗ ចេញពីត្រឹបនេះមក ។ លុះគេពិនិត្យសង្កេត ក្នុងត្រឹបកណ្ដាលនេះទៅ ឃើញមានថ្មដុំមូលៗ ជាច្រើនដុំ សំបកក្រៅក្រហមៗ របៀបដូចជាថ្មបាយក្រៀម ឯសាច់ថ្មខាងក្នុងពណ៌សក្បុស ហើយនៅចន្លោះៗ ថ្មនោះ មានទឹកថ្លាហូររហែងៗ ចេញពីរន្ធថ្មមកផង ។ គម្រោងការស្ថាបនាស្ពាន ពីជំនាន់នោះ ក៏ពុំបានសម្រេចឡើយ ។
ដោយឃើញមានលក្ខណៈប្លែក ហើយជាធម្មតា នៅស្រុកខ្មែរយើង តែមានទីកន្លែងប្លែកៗ យ៉ាងនេះ ប្រាកដជាមានរឿងព្រេងនិទានប្រចាំទីកន្លែងនោះជាមិនខាន ហេតុនេះ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ដែលត្រូវរាវរកឯកសារតម្កល់ទុក ក៏បានអំពាវនាវ ស៊ើបសួររករឿងព្រេងស្ដីពីត្រពាំងបឹងតេ នេះឡើង ។ ជាភ័ព្វល្អ លោក ទា ញ៉ុញ ស្នងការក្រុមព្រះនគរបាលជាតិ លោកបានយកចិត្តទុកដាក់ ជួយរាវរករឿងនេះផង ព្រោះលោកធ្លាប់ទៅឃើញនឹងភ្នែក កាលដែលលោកទៅបំពេញមុខការនៅខេត្តកំពង់ស្ពឺ ។ មិនយូរប៉ុន្មាន លោកយកប្រដាប់ថតសំឡេងមួយ មកចាក់ជូនក្រុមជំនុំស្ដាប់ ដែលលោកបានថតសំឡេងរបស់លោក ទូច-វ៉ាន់ ភ្នាក់ងារក្រុមនគរបាលក្រុងកំពង់ស្ពឺ និទានហូរហែអំពីរឿងព្រេងនេះ ។
ដំបូង លោក ទូច-វ៉ាន់ បញ្ជាក់ពីពេលវេលាថា កាលនោះលោកបានត្រូវរាជការខេត្ត ចាប់ឲ្យទៅបំពេញបេសកកម្ម តាមស្រុកឃុំនានាក្នុងខេត្តកំពង់ស្ពឺ ជាមួយដំណើរពិនិត្យការនៃលោកប្រមុខខេត្ត ។ ពេលយប់មួយ នៅសំណាក់ក្នុងឃុំសង្កែសាទប លោកក៏បានសួរទៅអ្នកស្រុកដែលមកចោមរោមថា ៖ ពូ មីង ណាចេះចាំរឿងរ៉ាវអ្វី សុំនិទានមក ចែកចាយគ្នាស្ដាប់កែអផ្សុក ។ កាលនោះ មានតាម្នាក់ អាយុ ៧០ ប្លាយឆ្នាំ បានឆ្លើយថា គាត់ចេះរឿងត្រពាំងបឹងតេ ព្រោះគាត់ធ្លាប់ស្ដាប់ម្ដាយគាត់ និទានពីដើមមក ។ រឿងនោះ មានសេចក្ដីសង្ខេប ដូចតទៅនេះ ៖
កាលពីបុរាណព្រេងព្រឹទ្ធ យូរយារណាស់មកហើយ មានសេដ្ឋីម្នាក់ មានទ្រព្យយ៉ាងស្ដុកស្ដម្ភ មានភូមិករ រស់នៅត្រង់ត្រពាំងបឹងតេនេះ ។ សេដ្ឋីទាំងពីរនាក់ប្ដីប្រពន្ធ ពិតមែនតែសម្បូណ៌សម្បត្តិទ្រព្យ ប៉ុន្តែមានចិត្តកំណាញ់ពន់ពេកណាស់ ។ ភោគសម្បត្តិចូលមកទាំងអម្បាលម៉ាន មិនងាយចំណាយឲ្យរបេះទៅវិញទេ ទោះបី ការចំណាយនោះ ជាការចាំបាច់យ៉ាងណាក៏ដោយ ហើយពុំសូវចេះយោគយល់មុខអ្នកក្រខ្សត់ទាំងឡាយផង ។ សេដ្ឋី មានកូនពីរនាក់ ប្រុសបង ស្រីប្អូន ដែលជាទីពេញចិត្តណាស់ ទៅណាមកណាម្ដងៗ មានរទេះពិសេស ដែលបិទមាសដាំពេជ្រ ដាំត្បូងភ្លឺឆ្អិនឆ្អៅ ជាយានយ៉ាងប្រសើរ នាំឲ្យអ្នកស្រុកទូទៅ នឹកស្ងើចដល់ភោគសម្បត្តិ នៃសេដ្ឋីនេះពន់ពេកណាស់ មានមនុស្សជាបរិវារនោះ ៥០០ នាក់ ព្រមទាំងគោរទេះសេះដំរី ៥០០ មួយមុខ ជាធនធានផង ។ នៅក្នុងស្រះខាងក្រោយផ្ទះ ដែលមានទឹកថ្លាឆ្វង់ សម្រាប់ជាទីសម្រាកលំហែទុក្ខសោកនៃគ្រួសារសេដ្ឋីនោះ មានចិញ្ចឹមក្រពើមួយយ៉ាងធំ ។ ប្របមាត់ស្រះ មានដីទួលមួយកន្លែង ដែលជាទីតាំងខ្ទមអ្នកតារក្សាក្រពើ រក្សាភូមិករនោះទាំងមូល ។ គ្រួសារសេដ្ឋីក្ដី គ្រួសារអ្នកព្រៀងលានជិតខាងក្ដី រមែងមកបែរបន់អ្នកតានេះ ឲ្យបានសម្រេចសមប្រាថ្នារៀងៗ ខ្លួន ។ ថ្ងៃមួយ សេដ្ឋីនិយាយពិគ្រោះនឹងភរិយាថា ៖ ឱ ភាណអើយ ! កូនប្រុសកូនស្រីយើង ធំល្មមមានគូស្រកររៀងខ្លួនហើយ ប៉ុន្តែខ្ញុំគិតទៅឃើញថា បើយើងទៅដណ្ដឹងកូនអ្នកដទៃ មកផ្សំផ្គុំនឹងកូនប្រុសយើង ឬ ទុកកូនស្រីយើងជាគូនឹងកូនអ្នកដទៃទៅ ឃើញថា យើងពិតជាលំបាកខាតបង់ ចែករំលែកទ្រព្យសម្បត្តិជាមិនខាន ។ ហេតុនេះ កុំឲ្យលំបាក គួរតែយើងរៀបផ្សំផ្គុំកូនស្រីកូនប្រុសយើងទាំងពីរ ជាប្ដីប្រពន្ធតែម្ដងទៅ ដើម្បីនៅថែទាំសម្បត្តិយើងតទៅ ។ កាលបើប្រពន្ធបានស្ដាប់ប្ដីហើយ សមនឹងចិត្តមច្ឆរិយៈកំណាញ់របស់គាត់ផង ក៏ព្រមព្រៀងតាមប្ដី ហើយក៏ចាត់ការធ្វើរោងក្រសាល អញ្ជើញភ្ញៀវជិតឆ្ងាយ មកក្នុងពិធីអាពាហ៍ពិពាហ៍កូនប្រុស ស្រីនេះ ។ កាន់តែជិតដល់ថ្ងៃណាស់ហើយ ប្រពន្ធសេដ្ឋី នឹកស្ដាយប្រាក់កាស ដែលនឹងចំណាយទិញម្ហូបអាហារ ក្នុងពេលរៀបចំការកូន ទើបគាត់នឹកឃើញគំនិតមួយ និយាយពិគ្រោះទៅស្វាមីវិញថា ៖ – ឱ ភាណអើយ ! ក្នុងពេលរៀបការកូនយើងនេះ ខ្ញុំស្ដាយប្រាក់ទិញម្ហូបម្ហាណាស់ បើយើងកាប់គោក្របី ក៏ឃើញថានឹងខាតបង់សត្វដែលជួយធ្វើការរកស៊ីយើងដែរ ។ ដូច្នេះ ខ្ញុំយល់ថា បើយើងសម្លាប់ក្រពើ ដែលយើងចិញ្ចឹមនៅក្នុងស្រះក្រោយផ្ទះ យកសាច់វាមកធ្វើម្ហូបលៀងភ្ញៀវវិញ ខ្ញុំយល់ថាមិនខាតបង់ឡើយ ។ ព្រោះសព្វថ្ងៃ ក្រពើគ្មានបានជួយរកស៊ីជួយធ្វើអ្វីយើងទេ ។
សេដ្ឋី ឮពាក្យប្រពន្ធ ពេញចិត្តណាស់ ទើបម្នីម្នាចាត់ឲ្យអ្នកបម្រើការ សម្លាប់ក្រពើ យកសាច់ធ្វើម្ហូប តាមគំនិតប្រពន្ធគិត ។
និយាយពីបាវស្រីម្នាក់ របស់សេដ្ឋី ឈ្មោះនាងតី ដែលជាអ្នកឲ្យអាហារដល់ក្រពើរាល់ៗ ថ្ងៃ យប់មួយនាងយល់សប្ដិឃើញអ្នកតារក្សាក្រពើមកប្រាប់ថា “តីឯងកុំស៊ីការកូនសេដ្ឋីឲ្យសោះហ្នា៎ ! ព្រោះការនេះគេកាប់ក្រពើយកសាច់លៀងភ្ញៀវហើយ ហើយតីឯងចាំមើលចុះ អ្នកណាស៊ីការនេះខ្លះ នឹងឃើញទាន់ហន់ភ្លាមជាមិនខាន” ។ នាងតី ភ្ញាក់ឡើងសញ្ជឹងគិតតែម្នាក់ឯង ។ លុះដល់ថ្ងៃគេរៀបការគគ្រឹកគគ្រេង មានភ្ញៀវជិតខាងមកអ៊ូអរ នាងតី គេចវេះចេញពីផ្ទះបាត់ទៅ ។ ពេលកំពុងស៊ីផឹកអ៊ឹកធឹកជួបជុំគ្នានោះ ស្រាប់តែព្រះធរណីស្រុតទាំងផែន ចំត្រង់ផ្ទះសេដ្ឋី ដែលកំពុងការកូន លិចបាត់អស់ ។
នាងតី កាលបើឃើញហេតុអស្ចារ្យដូច្នេះ នាងព្រួយចិត្ត រលឹកអាល័យដល់ចៅហ្វាយក្មេងៗ ទាំងពីរនាក់ ដែលធ្លាប់មានចិត្តសន្ដោស មេត្តាដល់ខ្លួនកាលពីមុនរៀងមក ។ ស្វាងពីសោកហើយ នាងនឹកដល់គុណអ្នកតា ដែលបានមកប្រាប់នាង ឲ្យជៀសផុតពីគ្រោះថ្នាក់ ។ ម្ល៉ោះហើយ នាងក៏ទៅកោរសក់ថ្វាយអ្នកតា ជាការតបស្នងសងគុណអ្នកតាវិញ ។ មុននឹងកោរ នាងចុះទៅក្នុងស្រះកក់សក់ឲ្យជោក គឺស្រះជាលំនៅរបស់ក្រពើប្របនឹងខ្ទមអ្នកតា ។ ហេតុនេះហើយ បានជាស្រះនេះ សព្វថ្ងៃ អ្នកស្រុកហៅថា “ត្រពាំងកក់” គឺជាត្រពាំងដែលនាងតីកក់សក់ ។ រួចនាងឡើងទៅលើទួលកោរសក់ទៀត បានជាទួលនេះ គេឲ្យឈ្មោះថា “ទួលកោរសក់នាងតី” ដែលហៅក្លាយៗ មកថា “ទួលកោរនាងតី” ជាប់រហូតសព្វថ្ងៃ ។ ដោយនឹកអាល័យម្ចាស់ស្រី-ប្រុសពុំមានភ្លេច នាងតីក៏ទៅតាំងលំនៅក្បែរកន្លែងព្រះធរណីស្រូបផ្ទះសេដ្ឋី ដែលស្រុតទៅជាត្រពាំងធំមួយ គឺជាត្រពាំងដែលគេហៅថា “ត្រពាំងបឹងតេ” សព្វថ្ងៃនេះ ។ មិនយូរប៉ុន្មាន មានបុរសម្នាក់មកទាក់ទង ដណ្ដឹងនាងតីធ្វើជាប្រពន្ធ បាននៅជាមួយគ្នាជាសុខសាន្ត ប្រកបរបរដំណាំដាំដុះផ្សេងៗ ។ ដល់នាងតីមានផ្ទៃពោះបាន៦ខែ ឬបុរសនោះ ក៏នឹកឃើញការនឿយណាយ ក្នុងកងទុក្ខនាលោកីយ៍ ក៏លួចរត់ចោលប្រពន្ធ ទៅបួសធ្វើជាអ្នកតាបសសច្ចំ នៅឯភ្នំខ្ជោល ។
ចំណែកនាងតី នាងនៅតែម្នាក់ឯង រហូតដល់គ្រប់ខែ ហើយក៏សម្រាលបានកូនប្រុសមួយ ។ វេលាប្រសូតបុត្រ អ្នកភូមិជិតខាងមកជួយអបអរសាទរ ក៏សន្មត់នាមកូននេះថា “បុត្តកុមារ” ។ កាលបើចម្រើនវ័យបាន ១៣ ឆ្នាំ បុត្តកុមារ ចេះតែសួររកឪពុក លុះសួរញឹកញយពេក ម្ដាយក៏ប្រាប់តាមត្រង់ថា “ឪពុកឯង ទៅបួសចម្រើនមេត្តាភាវនា នៅឯភ្នំខ្ជោលនោះទៅហើយ បើឯងចង់ឃើញ ត្រូវដើរស្វែងរកក្នុងព្រៃនោះទៅ កាលបើឃើញហើយ ត្រូវឯងរំលឹកពីរឿងដើមរបស់ម្ដាយ នៅពេលដែលជួបនឹងឪពុកឯងកាលពីដំបូងនោះ ប្រាប់ឲ្យហូរហែទើបគេស្គាល់” ។ នាងនិយាយរឿងដើមរបស់ខ្លួន ប្រាប់កូនសព្វគ្រប់ហើយ កូនក៏លាចេញទៅ ។ បុត្តកុមារ ស្វែងរកឪពុក អស់ពេលយ៉ាងយូរក្នុងព្រៃ ទើបបានប្រទះឃើញតាបសមួយអង្គ គង់ភាវនានៅក្រោមដើមឈើ លើផែនថ្មមួយផ្ទាំងធំ ។ កុមារចូលទៅ ថ្វាយបង្គំហើយ ក៏រ៉ាយរាប់សព្វគ្រប់ ឲ្យតាបសស្ដាប់ ។ តាបសពុំទាន់ជឿជាកូនទេ ក៏តាំងអធិដ្ឋានថា “ប្រសិនកុមារនេះ ជាកូនខ្ញុំមែន កាលណាខ្ញុំទះកុមារមួយដៃទៅ សុំឲ្យកុមារអណ្ដែតមកលើស្មាខ្ញុំ” ។
ថាហើយ តាបសយកដៃស្ដាំទះទៅ ស្រាប់តែកុមារអណ្ដែតមកនៅលើស្មាឆ្វេង ដូចសេចក្ដីប្រាថ្នា ទើបតាបស ជឿថាជាកូនខ្លួនពិត តាំងពីនោះមក ។ តាបស ចាប់បង្រៀនវិជ្ជាសិល្បសាស្ត្រ ដល់កូនជារៀងរាល់ថ្ងៃ ។ លុះប្រមាណជាច្រើនឆ្នាំតមក កូនក៏សុំលាឪពុក ទៅរកម្ដាយវិញ ឪពុក គ្មានអ្វីជាប្រសើរទុកជាកេរឡើយ មានតែគ្រាប់ត្រសក់បីគ្រាប់ ហុចទៅឲ្យកូន ហើយផ្ដាំថា “គ្រាប់ត្រសក់បីគ្រាប់នេះ នឹងផ្ដល់កិត្តិយសយ៉ាងធំ ឲ្យកូននៅពេលខាងមុខជាប្រាកដ ដល់កូនដាំទៅហើយ បានផ្លែជាដំបូង ត្រូវតែបេះផ្លែនោះ យកទៅថ្វាយស្ដេចកុំខាន(១) ឯទីកន្លែងដាំ ត្រូវដាំនៅមាត់ត្រពាំង ដែលជាលំនៅស្ថានរបស់ម្ដាយឯង ហើយត្រូវសន្មត់ហៅកន្លែង នោះថា “បឹងនាងតីៗ” តាមឈ្មោះម្ដាយឯងរហូតទៅ ។ កុមារថ្វាយបង្គំឪពុកបីដង លាលោកឪពុកធ្វើដំណើរចេញទៅរកម្ដាយ ដែលកាន់តែចាស់ ហើយក៏ប្រាប់ម្ដាយ ឲ្យសន្មត់នាមត្រពាំងក្បែរផ្ទះនេះ ហៅថាបឹងនាងតីៗ តាមបណ្ដាំឪពុក, បានជាសព្វថ្ងៃនេះ ក្លាយទៅជា “បឹងតេ” ទៅវិញ ។ រឿងរ៉ាវដើម នៃបឹងតេ មានប៉ុណ្ណេះឯង គឺកើតមកពីពាក្យ បណ្ដាំតាបសឫសី សន្មត់តាមឈ្មោះនាងតី ដែលជាអ្នកស្ថិតនៅត្រង់មាត់ត្រពាំង គឺជាកន្លែងដែលព្រះធរណី ស្រុតស្រូបយកពួកសេដ្ឋីទ្រឹស្តស្មូរ ខុសប្រពៃណីនេះឯង ។
(កូនតាបសនោះគឺនាយចំការត្រសក់ផ្អែម ដែលបានសោយរាជក្រោយចោលលំពែងត្រូវស្ដេចច្រឡំថាជាចោរមកលួចបេះត្រសក់ខ្លួន ក្រោយមកដោយបាត់ស្ដេច ទើបបុរោហិតនិងរាជអាមាត្រផ្សងបុស្សរថមង្គលរកង្នកមានបុណ្យឡើងគ្រងរាជ្យ ហើយដំរីមង្គលនោះមកលុតក្រាប នៅចំការត្រសក់តាត្រសក់ផ្អែម)
ប្រភពៈ ប្រជុំរឿងព្រេងខ្មែរ