សេដ្ឋីជនជាតិឥណ្ឌាម្នាក់បាននិយាយថាគាត់បានចំណាយប្រាក់ប្រហែល ៤០០០ ដុល្លារសម្រាប់ទិញម៉ាស់មាសដើម្បីពាក់ការពារការឆ្លងមេរោគកូវីដ-១៩។
អ្នកជំនួញម្នាក់ឈ្មោះ Shankar Kurhade មកពីទីក្រុង Pune បាននិយាយថា ម៉ាស់មាសនេះមានទម្ងន់ ៦០ក្រាម ហើយជាងបានចំណាយពេលធ្វើវាអស់រយៈពេល៨ថ្ងៃទើបរួចរាល់។ លោក Shankar បានប្រាប់ AFP ថា “វាគឺជាម៉ាស់ស្តើងហើយមានរន្ធតូចៗទុកសម្រាប់ដកដង្ហើម។ ខ្ញុំមិនប្រាកដទេថាតើវានឹងមានប្រសិទ្ធភាពដើម្បីការពារខ្ញុំពីការឆ្លងជំងឺឬទេ ប៉ុន្តែខ្ញុំនៅតែប្រថុយធ្វើដើម្បីការពារខ្លួនពីការឆ្លងជំងឺ” ។
នៅពេលចេញទៅក្រៅបុរសអាយុ ៤៩ឆ្នាំ រូបនេះបាននិយាយថាគាត់ចូលចិត្តតុបតែងខ្លួនដោយគ្រឿងអលង្ការមាសទម្ងន់ ១គីឡូក្រាម រួមមានខ្សែដៃ ខ្សែក និងចិញ្ចៀននៅម្រាមដៃស្តាំគ្រប់ម្រាមរបស់គាត់។
លោក Kurhade បាននិយាយថាលោកមានគំនិតធ្វើម៉ាស់មាសនេះ ក្រោយពីបានឃើញសេចក្តីរាយការណ៍អំពីបុរសពាក់អាវធ្វើពីប្រាក់។
លោកបានបន្តថា “អ្នកភូមិជាច្រើនសុំខ្ញុំថតរូបជាមួយ មើលទៅពួកគេពិតជាភ្ញាក់ផ្អើលនៅពេលឃើញខ្ញុំពាក់ម៉ាស់មាសនៅតាមផ្សារ” ។
ប្រទេសឥណ្ឌាជាប្រទេសដែលមានអ្នកឆ្លងមេរោគកូវីដ-១៩ ក្នុងចំនួនច្រើនគឺ ៦៥០០០០ នាក់ និងមានអ្នកស្លាប់ប្រហែល ១៨៦០០នាក់។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post