បុរសជនជាតិអូស្ត្រាលីអាយុ ៥៩ ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់កាលពីថ្ងៃសៅរ៍នៅខាងក្នុងផ្ទះល្វែងមួយដែលមានថង់ប្លាស្ទិកគ្របក្បាលនិងមានខ្សែចងករបស់គាត់។
លោកវរសេនីយ៍ទោ Nithat Waewpradab ស្នងការរងនៃអធិការក្រុង Pattaya បានមានប្រសាសន៍ថា សាកសពជនរងគ្រោះត្រូវបានគេរកឃើញនៅលើគ្រែក្នុងបន្ទប់មួយដែលស្ថិតនៅជាន់ទីបួននៃអគារកម្ពស់បួនជាន់។ ពេលទៅដល់កន្លែងកើតហេតុគេឃើញជនរងគ្រោះពាក់អាវយឺត ស្លៀកតែខោទ្រនាប់ ហើយក្បាលរបស់គេគ្របដោយថង់ប្លាស្ទិច និងមានខ្សែចងរឹតនៅត្រង់កទៀតផង។ ដៃរបស់ជនរងគ្រោះត្រូវចងយ៉ាងតឹងផងដែរ។ នៅលើដងខ្លួនជនរងគ្រោះ ប៉ូលិសរកមិនឃើញស្នាមជាំដែលបញ្ជាក់ថាត្រូវគេវាយដំធ្វើបាបនោះទេ ហើយក្នុងបន្ទប់ដែលមានដាក់កុំព្យូទ័រដល់ទៅ ៧គ្រឿង ក៏ប៉ូលិសរកមិនឃើញថាមានស្នាមដានវាយតប់គ្នានោះដែរ។
ស្ថិតក្នុងការសន្និដ្ឋានបឋម ប៉ូលិសសង្ស័យថាជនរងគ្រោះប្រហែលជាមានបញ្ហាស្ត្រេសហើយព្យាយាមសម្លាប់ខ្លួន។ មានវីដេអូថតដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញថាគ្មាននរណាម្នាក់បានចូលក្នុងបន្ទប់របស់គាត់ទេ។ ម្ចាស់អគារដែលរកឃើញសាកសពបានប្រាប់ប៉ូលិសថា ជនរងគ្រោះបានរស់នៅក្នុងផ្ទះល្វែងជិតនេះ ៣ ឆ្នាំហើយ។ សាកសពជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយក្នុងទីក្រុងបាងកកដើម្បីកំណត់ពីមូលហេតុពិតប្រាកដនៃការស្លាប់។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post