បាល់ទាត់៖ ក្លិប Barcelona បានបើកការចរចារជាមួយក្លិប Manchester City ចុះហត្ថលេខាយកខ្សែការពារក្មេង Eric Garcia នៅរដូវក្តៅនេះ។
យោងតាមកាសែតអេស្ប៉ាញ Diario Sport បានឱ្យដឹងថា Barcelona កំពុងចាប់អារម្មណ៍នឹងខ្សែការពាររបស់ក្លិប Man City រូបនេះ ក្រោយរូបគេជិតផុតកុងត្រានៅទឹកដី Etihad។ មែនទែនទៅ Garcia គឺជាអតីតកីឡាកររបស់ Barcelona ដោយរូបគេធ្លាប់ជាហាត់ជាយុវជនថ្នាល់នៅអេស្ប៉ាញ មុនផ្លាស់ទៅអង់គ្លេសនៅឆ្នាំ២០១៧។ បច្ចុប្បន្ន កីឡាករសញ្ជាតិអេស្ប៉ាញវ័យ ១៩ ឆ្នាំកំពុងលេងឱ្យក្លិប Man City U23 ហើយរូបគេក៏ធ្លាប់ត្រូវបានលោក Pep Guardiola គោះហៅមកលេងនៅឈុតម្តងម្កាលផងដែរ ពោលគឺចំនួន ៨ ប្រកួតនៅរដូវកាលនេះ។
យ៉ាងណាមិញ Barcelona ត្រូវបានគេរាយការណ៍ថា មានបំណងនាំយកយុវជនរបស់ពួកគេរូបនេះត្រឡប់មកទឹកដី Camp Nou សាជាថ្មី ប្រសិនបើ Man City មិនមានការពន្យាកិច្ចសន្យាថ្មីនៅពេលខាងមុខ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-espana