ភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់សមត្ថកិច្ចបង្ក្រាបគ្រឿងញៀននៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា រយៈពេល៦ខែ ឆ្នាំ២០២០ ចាប់គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចទូទាំងប្រទេសបានបង្ក្រាបករណីគ្រឿងញៀនសរុបចំនួន ៥៣៤០ករណី ដោយឃាត់ខ្លួនមនុស្ស ១០៥១២នាក់។
ក្នុងចំណោមជនសង្ស័យដែលឃាត់ខ្លួនទាំង ១០៥១២នាក់នេះ មានស្រីចំនួន៦៤៧នាក់ ហើយជនបរទេសចំនួន១៣៨នាក់ មាន៧សញ្ជាតិសម្រាប់ករណីគ្រឿងញៀនដែលបង្ក្រាបបានរួមមានករណីជួញដូរ រក្សាទុក កែឆ្នៃ បង្ក្រាបចំនួន ៣៣៩៥ករណី ឃាត់មនុស្ស៦៣៧៨នាក់ (ស្រី ៤៩៦នាក់) និងករណីប្រើប្រាស់ចំនួន ១៩៤៥ករណី ឃាត់មនុស្ស៤២៣៤នាក់ (ស្រី១៥១នាក់)។
ចំពោះការអនុវត្ដន៍ដីកាមានចំនួន២១៨ដីកា ឃាត់ ២០២នាក់ (ស្រី៥នាក់)សម្រាប់សារធាតុញៀនគ្រប់ប្រភេទ ដែលរឹបអូសបានមានចំនួនជាង ២៥៧គីឡូក្រាម និង ១០៦៦កញ្ចប់តូច, កញ្ឆាចំនួន១៨១,៩៤២ដើម និង២៦៦គីឡូក្រាម, សម្ភារចាប់យកមានរថយន្ដ៤៩គ្រឿង ម៉ូតូ១១៧៩គ្រឿង ទូរស័ព្ទ៣៤៩៩គ្រឿង ជញ្ជីង២១៨គ្រឿង អាវុធខ្លី៧ដើម អាវុធវែង១៧ដើម៕ ផេង ភាព