បាល់ទាត់៖ ខ្សែបម្រើប្រយុទ្ធវ័យក្មេង Gabriel Martinelli បានចុះកុងត្រាថ្មីរយៈពេលវែងជាមួយក្លិប Arsenal។
ក្រោយកុងត្រាចាស់របស់យុវជនថ្នាលប្រេស៊ីលវ័យ ១៩ ឆ្នាំផុតកាលពីថ្ងៃទី៣ ខែកក្កដារួចមក ក្លិប Arsenal បានផ្តល់កិច្ចសន្យាថ្មីមួយដែលមានរយៈពេលវែង ពោលគឺរហូតដល់ឆ្នាំ២០២៤។ គួរបញ្ជាក់ផងដែរថា កីឡាករវ័យក្មេងរូបនេះត្រូវបាន Arsenal ចុះហត្ថលេខាយកមកពីក្លិប Ituano កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩។
បច្ចុប្បន្ន កីឡាករ Martinelli កំពុងមានបញ្ហារបួសជង្គង់ដែលតម្រូវឱ្យមានការសម្រាកព្យាបាលរយៈពេលយូរ ព្រមទាំងខកខានការប្រកួតនៅសល់ក្នុងរដូវកាលនេះផងដែរ។ ត្បិតរូបគេកំពុងមានរបួសក៏ពិតមែន ប៉ុន្តែលោក Mikel Arteta អ្នកចាត់ការទូទៅរបស់ក្លិប Arsenal នៅតែមានជំនឿលើគេថាអាចមានទម្រង់លេងល្អដូចដើម ហើយនឹងមានអនាគតភ្លឺស្វាងក្រោយបន្តកុងត្រាថ្មីជាមួយក្លិបរយៈពេលវែង៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore