ជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដែលផ្តល់សម្រាប់ជនក្រីក្រី ក្នុងអំឡុងពេលកើតមានវិបត្តិកូវីដ១៩នេះ គឺភាគច្រើនប្រជាពលរដ្ឋ បានយកទៅប្រើប្រាស់ ក្នុងការទិញថ្នាំសង្កូវ ដើម្បីព្យាបាលជំងឺរ៉ុំារ៉ៃ។
ដោយឡែកគ្រឿងឧបភោគ បរិភោគប្រភេទគ្រៀមៗ គឺបានជួយសម្រួលក្នុងបន្ទុក នៃការចំណាយក្នុងគ្រួសារ បានរយៈពេល១ខែទៅ២ខែប៉ុណ្ណោះ ដូច្នេះពួកគាត់ត្រូវស្វះស្វែង រកការងារតូចតាចធ្វើ ដើម្បីបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ នាថ្ងៃខាងមុខទៀត។
ជាមួយគ្នានេះ មានប្រជាជនក្រីក្រជាច្រើននាក់ បានគាំទ្រចំពោះគោលការ ជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលខ្លី។ ពួកគេបានដឹងយ៉ាងប្រាកដថា ជំនួយឧបត្ថម្ភនេះ មិនអាចមានរហូតទេ ដូច្នេះអ្នកដែលមានរាងកាយគ្រប់គ្រាន់ នឹងមានកម្លាំង គឺចេញទៅធ្វើសំណង់ ទៅលាងចាន ក្នុងពិធីបុណ្យ ឬពិធីរៀបការ និងដើរបោកខោអាវ នៅតាមផ្ទះជាដើម។
ស្រ្តីម្នាក់រស់នៅសង្កាត់ភ្នំពេញថ្មីបានឱ្យដឹងថា គាត់ឈឺ ហើយលុយដែលបើកបាន គឺយកទៅទិញថ្នាំទាំងអស់។
ស្រ្តីម្នាក់ដែលមានជីវភាពក្រីក្រ រស់នៅខណ្ឌសែនសុខបានឱ្យដឹងថា គាត់ពិតជាបានទទួលជំនួយនេះយ៉ាងប្រាកដមែន។ គាត់នៅតែដើររកការងារធ្វើ ដូចជាទៅលាងចានឱ្យគេ បានកម្រៃ១ម៉ឺនរៀល និងដើរបោកខោអាវតាមផ្ទះ បាន១ម៉ឺនរៀលទៀត។
ដោយឡែកស្រ្តីចំណាស់ម្នាក់ទៀត ដែលងងឹតភ្នែកបានប្រាប់ដែរថា គាត់ប្រកបរបររើសអេតចាយ ហើយរយៈពេល២ខែនេះ គាត់ងងឹតភ្នែកមើលមិនច្បាស់ គាត់សម្រេចចិត្តឈប់ប្រកបមុខរបរនេះ។ “កូនប្រុសស្រីរបស់ខ្ញុំធ្វើសំណង់ និងកាត់ដេរ ប៉ុន្តែឥឡូវនេះពួកគេគ្មានការងារធ្វើទេ”។
ជាមួយគ្នានេះ ស្រ្តីវ័យ៥៧ឆ្នាំម្នាក់ទៀតបានលើកឡើងថា គាត់ត្រេកអរនឹងសប្បាយចិត្ត ដែលរដ្ឋាភិបាល បានប្រកាសផ្តល់ជំនួយសម្រាប់ជនក្រីក្រ។ ស្រ្តីដដែលនេះបានអះអាងថា មានគ្រួសារដែលមានជីវភាពធូរធារ បានស្នើសុំសង្កាត់ឱ្យដាក់ឈ្មោះជាជនក្រីក្រ ប៉ុន្តែមកដល់ពេលនេះ មិនដែលឃើញគាត់ទទួលបានអំណោយអ្វីទេ។
ស្រ្តីស្ថិតក្នុងគ្រួសារក្រីក្រម្នាក់ទៀត បានប្រាប់ថា អ្នកនៅទីនេះ នៅតែខិតខំប្រឹងប្រែងស្វែងរកការងារធ្វើ ដោយមិនអាស្រ័យខ្លាំង ទៅលើជំនួយរបស់រដ្ឋាភិបាលនោះទេ។ “អ្នកជិតខាងផ្ទះខ្ញុំ នៅតែហៅទៅលាងចានពេលមានពិធីបុណ្យ ឬពិធីការផ្សេងៗម្តងៗ ហើយអ្នករស់នៅទីនេះតែងទៅធ្វើទាំងអស់គ្នា។ ឥឡូវនេះ ខ្ញុំដើរតាមផ្ទះបោកខោអាវអោយគេ ដើម្បីយកលុយមកទប់ទល់ការចំណាយ”។
ទោះបីជាយ៉ាងនេះក្តី ក៏ប្រជាពលរដ្ឋក្រីក្រខាងលើនេះ នៅតែអំពាវនាវឱ្យរដ្ឋាភិបាលជួយផ្តល់ជំនួយបន្តទៀតដែរ។
ជុំវិញរឿងនេះ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន បានបង្ហាញពីការព្រួយបាម្ភណ៍ នៅលើគេហទំព័រហ្វេសប៊ុកថា តើបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺឆ្លងកូវីដ-១៩ នឹងបានទទួលថវិកាឧបត្ថម្ភដូចម៉្តេចដែរ?
សម្តេចហ៊ុន សែនបានលើកឡើងថា កាលពីពេលថ្មីនេះ លោកបានប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ-១៩”។
ការងារនេះ គឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុង លើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំ សង្កាត់ដែលត្រូវតែធ្វើឱ្យបានច្បាសលាស់ និងហ្មត់ចត់បំផុត ដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាព ក្នុងការផ្តល់សេវាឧបត្ថម្ភសាច់ប្រាក់។
ជាមួយគ្នានេះសម្តេច ព្រមានចាត់វិធានការណ៍ក្តៅចំពោះអាជ្ញាធរភូមិ-ឃុំ-សង្កាត់ណាមួយ ដោយគ្មានការលើកលែង ប្រសិនបើរកឃើញថា មានករណីមិនប្រក្រតីណាមួយកើតឡើង។
ជុំវិញរឿងនេះ លោកជុំ សារ៉ាយចៅសង្កាត់ភ្នំពេញថ្មី បានឱ្យដឹងថា ក្រុមមន្ត្រីភូមិឃុំ និងផ្នែកអធិការកិច្ច បាននាំគ្នាចុះស្វែងរកជនក្រីក្រ តាមរយៈការចុះទៅសម្ភាសន៍ទៅដល់កន្លែងផ្ទាល់តែម្តង។
លោកចៅសង្កាត់បានអះអាងថា ពួកគេមានការយកចិត្តទុកដាក់ នឹងមិនហ៊ានប្រព្រឹត្តខុស ពីបំរាមរបស់រាជរដ្ឋាភិបាលឡើយ។
ចំពោះការចុះស្រង់ទិន្នន័យស្វែងរកជនក្រីក្រ នៅក្នុងសង្កាត់ភ្នំពេញថ្មី វគ្គទី១ មានជនក្រីក្រចំនួន៣៥៩គ្រួសារនិងប្រមាណ១០០គ្រួសារទៀត គឺជាអ្នកដាក់ពាក្យស្នើសុំចុះប័ណ្ណក្រីក្រ៕ ដោយ៖ ឃួន លក្ខិណា