សុខភាព៖ បូរ៉ាក់ (Borax) ជាសារធាតុគីមីម្យ៉ាង ដែលបង្កើតឡើងពីសារធាតុរ៉ែធម្មជាតិឈ្មោះ សូដ្យូមបូរ៉ាត សម្រាប់ប្រើជាសារធាតុសម្អាត គ្រឿងសម្អាង និងថ្នាំសម្លាប់សត្វល្អិត។ ប៉ុន្តែត្រូវបានហាមឃាត់មិនឱ្យប្រើលើចំណីអាហារឡើយ ព្រោះអាចប៉ះពាល់ដល់សុខភាព និងអាយុជីវិត។
សារធាតុគីមីបូរ៉ាក់ (Borax) ជាធម្មតាគេច្រើនតែហៅថា ទឹកអន្សា ហើយវាមានមុខងារដូចជា៖
- ជាសារធាតុសម្អាត៖ នៅក្នុងសាប៊ូសម្អាតសម្លៀកបំពាក់ ឬទឹកសាវ៉ែល ដែលមានប្រសិទ្ធិភាពខ្ពស់ និងធ្វើឱ្យសម្លៀកបំពាក់ទន់ក្រោយពេលបោកសម្អាត។
- ជាគ្រឿងសម្អាង៖ សារធាតុបូរ៉ាក់ ត្រូវបានគេប្រើជាគ្រឿងផ្សំរបស់ឡេលាបខ្លួន សាប៊ូអប់ ឬ សាប៊ូដុសខ្លួនជាដើម ដែលមានមុខងារការពារ ឬ លាងសម្អាតជាតិខ្លាញ់នៅលើស្បែក។
- ជាថ្នាំសម្លាប់សត្វល្អិត៖ សារធាតុបូរ៉ាក់ ជាសារធាតុដែលមានជាតិពុលហើយមានប្រសិទ្ធិភាពក្នុងការសម្លាប់សត្វ ស្រមោច កន្លាត និង សត្វល្អិតផ្សេងៗទៀត ។ល។
ជាទូទៅសារធាតុបូរ៉ាក់ មានប្រសិទ្ធិភាព ២ ទៅ ៣ ឆ្នាំ ហើយត្រូវតែរក្សាឱ្យឆ្ងាយពីសំណើម។
ផ្ទុយទៅវិញ សារធាតុគីមីប្រភេទនេះ ត្រូវបានម្ចាស់សិប្បកម្ម ឬឈ្មួញមួយចំនួន ប្រើប្រាស់ជាមួយនឹងប្រភេទចំណីអាហារ ដើម្បីរក្សាគុណភាពបានរយៈពេលយូរ ដូចជា នៅក្នុង ពពុះសណ្តែក មឹក បង្គាស្រស់ ត្រីហើម ត្រីងៀត ប្រហិតសាច់គោ ត្រី ឈាមជ្រូក ប៉ាតេ សរសៃគុយទាវ បង្អែមលត បង្អែមបាញ់ឌុក ខ្ញីហាន់រួច ទំពាំងជូរ និងស្ពៃជ្រក់ជាដើម។
ប៉ុន្តែវាអាចបង្ករឱ្យមានគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតរបស់មនុស្សបាន។ បើយើងប៉ះពាល់សារធាតុបូរ៉ាក់នេះ អាចបង្ករឱ្យមានជំងឺ របកស្បែក ប្រគ្រីវកាច់ និង ខ្សោយក្រលៀន ។ល។ ការបរិភោគអាហារដែលមានផ្ទុកសារធាតុបូរ៉ាក់ត្រឹមតែ ១៥ ទៅ ២០ ក្រាម អាចសម្លាប់មនុស្សពេញវ័យបាន ហើយត្រឹមតែ ៥ ក្រាមប៉ុណ្ណោះសម្រាប់កុមារ។
តាមការបង្ហាញរបស់អ្នកជំនាញ នៅពេលដែលយើងបរិភោគអាហារមានផ្ទុកសារធាតុបូរ៉ាក់ អាចបណ្ដាលឱ្យក្អួតធ្លាក់ឈាម ចុកពោះ រាក ឈឺក្បាល វិលមុខ ក្រហមស្បែក ក្នុងពេលភ្លាមៗ។ ករណីទុកយូរ អាចនាំឱ្យឈឺប្រអប់ដៃជើងស្មា និងសន្លាក់ ប៉ះពាល់ដល់ពោះវៀន តម្រងនោម ដង្ហើមថយចុះ និងខូចប្រព័ន្ធប្រសាទ ឬអាចប៉ះពាល់ដល់អាយុជីវិត។
ដូចនេះ សារធាតុបូរ៉ាក់ តម្រូវឱ្យរក្សាឱ្យឆ្ងាយពីគ្រឿងបរិភោគ ហើយត្រូវបានហាមឃាត់បានហាមឃាត់ មិនអនុញ្ញាតិឱ្យមានការប្រើប្រាស់ដាក់ក្នុងផលិតផលចំណីអាហារនោះឡើយ ព្រោះបង្កឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ហើយបើសិនដាក់នៅក្នុងផលិតផលចំណីអាហារនូវបរិមាណហួសកម្រិតអាចបង្កឱ្យពុលស្លាប់ភ្លាមៗតែម្តង។
សូមជម្រាបថា ក្នុងរយៈពេលកន្លងមកនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (CCE) បានចុះត្រួតពិនិត្យនៅតាមបណ្តាខេត្តនានា ដោយរកឃើញផលិតផល និងចំណីអាហារមួយចំនួន មានផ្ទុកសារធាតុគីមីបូរ៉ាក់ (Borax) នៅក្នុងពពុះសណ្តែក ក៏ដូចជាចំណីអាហារនានា។ ក្នុងនោះ ក៏បានផ្អាកសិប្បកម្មពពុះសណ្តែក ចំនួន ៧កន្លែងផងដែរ ក្រោយពីរកឃើញមានប្រើសារធាតុគីមីបូរ៉ាក់ នៅខេត្តកណ្តាល៕