Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ៦នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

នៅថ្ងៃព្រហស្បតិ៍នេះរដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ៦នាក់ ​និងមិនមានអ្នកស្លាប់ថ្មីទេ។ គិតមកដល់ថ្ងៃនេះ ប្រទេសថៃមាន ៣៨ថ្ងៃហើយដែលមិនមានអ្នកឆ្លងថ្មីក្នុងតំបន់។  

អ្នកឆ្លងថ្មីទាំង ៦នាក់ គឺជាជនជាតិថៃដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ី អាហ្វ្រិកខាងត្បូង និងអារ៉ាប៊ីសាអ៊ូឌីត។  លោកវេជ្ជបណ្ឌិត Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពមេរោគកូវីដ-១៩ បានមានប្រសាសន៍ថា អ្នកជំងឺ៤នាក់ដំបូង​មកពីប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី២៤ ខែមិថុនាមានដូចជា និស្សិតប្រុសអាយុ ២១ឆ្នាំម្នាក់ និងកម្មករ ៣នាក់មានអាយុ ៣៧, ៤៣ និង ៦២ឆ្នាំ។ ពួកគេត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក​ក្នុងខេត្ត​ Chon Buri ហើយ​ធ្វើតេស្តទទួលបានលទ្ធផលវិជ្ជមាន​កូវីដ-១៩ កាលពីថ្ងៃទី២៩ ខែមិថុនា។ ​

​អ្នកឆ្លងថ្មីទី៥ គឺជានិស្សិតប្រុសអាយុ ២០ឆ្នាំ​ វិលត្រឡប់មកពីអាហ្វ្រិកខាងត្បូងកាលពីថ្ងៃទី២៨ ខែមិថុនា។ គាត់បានធ្វើតេស្ត​វិជ្ជមាននៅថ្ងៃទី ​៣០ ខែមិថុនា។​ ​អ្នកជំងឺថ្មីទី៦ គឺជាកម្មករភេទប្រុសអាយុ ២១ឆ្នាំ វិលត្រឡប់មកពីប្រទេស​អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី២៤ ខែមិថុនា។ ​គិតមកដល់ថ្ងៃនេះ ប្រទេសថៃមានអ្នកជំងឺសរុបចំនួន ៣១៧៩នាក់ និងមានអ្នកជាសះស្បើយឡើងវិញចំនួន ៣០៥៩នាក់​។ បច្ចុប្បន្នថៃនៅសល់អ្នកជំងឺចំនួន ៦២នាក់​ទៀតដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយ​អ្នកស្លាប់នៅតែ​រក្សាចំនួន ៥៨នាក់ដដែល។

លោកវេជ្ជបណ្ឌិត Panprapa បាន​បន្ថែមថាអ្នកជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកបានកើនឡើង​ដល់ ១០.៨​​លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ៥១៨​​ ៩៦៨នាក់។ សហរដ្ឋអាមេរិកមាន​អ្នកឆ្លងច្រើនជាងគេគឺ ២.៧៨លាននាក់​​ និងមានអ្នកស្លាប់ច្រើនបំផុតគឺ ១៣០ ៧៩៨នាក់​៕ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖  bangkok post

from: https://tnaot.com/km/m/detail/article/9447551