Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថៅកែរោងចក្រមួយចំនួនមិនគោរព ការសន្យាបើកប្រាក់ខែ បង្ខំកម្មករ-កម្មការិនីរាប់ពាន់នាក់ ចេញតវ៉ាតាមផ្លូវដើម្បីសុំរកយុត្តិធម៌ឲ្យពួកគេ

កម្មករ-កម្មការិនី រាប់ពាន់នាក់ ដែលបំរើការងារនៅក្នុងរោងចក្រពីរផ្សេងគ្នា បានផ្ទុះការតវ៉ាទាមទារ​ឱ្យ​ថៅកែគោរពតាមកិច្ចសន្យា ទៅលើលក្ខខណ្ឌដែលបានចរចារគ្នា មុនពេលរោង​ចក្រប្រកាស​ព្យួរ​និង​បិទ​ទ្វារ។

ដោយគ្មានដំណោះស្រាយ ពីភាគីពាក់ព័ន្ធណាមួយនៅក្នុងវិស័យវាយនភណ្ឌ នៅវេលាព្រឹកថ្ងៃទី១ ខែ កក្តដា ឆ្នាំ២០២០នេះ កម្មករ-កម្មការិនីប្រមាណជិត១ពាន់នាក់ ដែលបំរើការងារ​នៅរោង​ចក្រ​ខាន់​ណា​ខេម​បូឌាមួយអ៊ីញ បាននាំគ្នាដង្ហែក្បួននៅលើផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ រាជធានីភ្នំពេញ ឆ្ពោះ​ទៅ​កាន់ផ្ទះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីទាមទារ​ឱ្យមាន​កិច្ចអន្តរាគមន៍ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជុំវិញករណីថៅកែមិនបានទូទាត់ប្រាក់សំណង តាមការសន្យា៥ចំណុល។

កម្មការិនីរោងចក្រកាត់ដេរខាន់ណាខេម​បូឌាមួយអ៊ីញបានលើកឡើងថា ថ្ងៃនេះកម្មករនាំគ្នាឈរដង្ហែក្បួន ដើម្បីទាមទារឱ្យថៅកែ ធ្វើការដោះស្រាយរឿងរោងចក្របិទទ្វារ ហើយគ្មានសំណង។

កម្មការិនីរោងចក្រកាត់ដេរម្នាក់ទៀត ដែលបំរើការងារ នៅក្នុងរោងចក្រខាន់ណាខេមបូឌាមួយអ៊ីញបានឱ្យដឹង កម្មករសុំឱ្យថៅកែដោះស្រាយការសន្យា លើលក្ខខណ្ឌទាំង៥ចំណុច ប៉ុន្តែ​ថៅកែ​សម្រេចលុបចេញ២ចំណុច។ 

ក្បួនដង្ហែរបស់កម្មករត្រូវបានផ្អាកដំណើរការ នៅវេលាម៉ោង ១០ព្រឹកថ្ងៃដដែលនេះ ខណៈអាជ្ញាធរ​ខណ្ឌ​ពោធិ៍សែនជ័យ បានធ្វើការសម្របសម្រួល មិនឱ្យមាន​ការដើរជាក្បួន នៅក្នុងតំបន់របស់​ពួកគេ ព្រោះដើម្បីទប់ស្កាត់នូវភាពអសកម្មផ្សេងៗ ដែលអាចកើតមានឡើង ព្រមទាំងរក្សាសណ្តាប់ធ្នាប់ នៅតំបន់ខាងលើនេះផងដែរ។

លោកហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា លោកមិនចង់ឱ្យកម្មករនាំគ្នាដើរនៅលើផ្លូវជាតិលេខ៤នេះទេ ព្រោះវាប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងអាចជាឱកាសសម្រាប់ជនទី៣។ លោកអភិបាលបានសន្យាផ្តល់រថយន្ត សម្រាប់ដឹកកម្មករធ្វើដំណើរ ទៅផ្ទះលោកនាយករដ្ឋមន្ត្រី។ 

ទោះបីជាមាន ការរំសាយក្បួនដង្ហែរបស់ហ្វូងកម្មករយ៉ាងណាក៏ដោយ ប៉ុន្តែកម្មករ​គ្រោងនឹង​ធ្វើការ​ជួប​ជុំ​គ្នា​ជាថ្មីម្តងទៀត នៅវេលាម៉ោង៤ល្ងាចថ្ងៃដដែល កន្លែងដដែល ដើម្បីធ្វើដំណើរតាម​រថយន្តឆ្ពោះទៅ​កាន់​ផ្ទះសម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីជាថ្មីម្តងទៀត។

ស្រដៀងគ្នាផងដែរ មានករណីផ្ទុះ​ការតវ៉ាមួយកន្លែងទៀត ដែលបង្កឡើងនៅខាងមុខរោងចក្រវ៉ាយ​អូលែត អីភែរឹល ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ដោយកម្មករទាមទារឱ្យថៅកែរោងចក្រ គោរពតាម​ការសន្យា​ នូវ​លក្ខខណ្ឌ៥ចំណុចដូចគ្នា ប៉ុន្តែថៅកែអនុវត្តបានត្រឹមតែ៣ចំណុចប៉ុណ្ណោះ។

កម្មការិនីរោងចក្រវ៉ាយអូលែតអីភែរឹលបានឱ្យដឹងថា ពីរខែមុនរោងចក្រប្រកាសព្យួរការងារទេ ហើយសន្យាឱ្យកម្មករត្រូវចូលធ្វើការងារវិញនៅថ្ងៃទី១ ខែកក្តដា ប៉ុន្តែពេលមកដល់រោងចក្រ​ប្រកាស​បិទទ្វារតែម្តង។

កម្មការិនីរោងចក្រវ៉ាយអូលែតអីភែរឹលម្នាក់ទៀតបានលើកឡើងដែរថា ក្រោយរោងចក្របិទទ្វារ ថៅកែបានបិទក្រដាសជាប់នឹងខ្លោងទ្វាររោងចក្រ ដោយបញ្ជាក់ពីការផ្តល់សំណង​ទៅលើ៣ចំណុច​ប៉ុណ្ណោះ។ កម្មករមិនយល់ព្រម នៅខណៈពេលបាត់បង់នូវអត្ថប្រយោជន៍ពីរចំណុចទៀត ដូច្នេះពួកគេនាំគ្នាបន្តធ្វើកូដកម្ម នៅខាងមុខរោងចក្របន្តទៀត។ 

ខណៈពេលកំពុងមានការតវ៉ានៅខាងមុខរោងចក្រ ថៅកែបានឱ្យសនិ្តសុខបើកទា្វររបងរោងចក្រ ដើម្បី​ឱ្យកម្មករចូលទៅក្នុងរោងចក្រ។ កម្មករមួយចំនួនបាននិយាយថា ថៅកែបានហៅកម្មករ​ចរ​ចារគ្នា ដើម្បី​សម្រប​សម្រួល ទៅលើលក្ខខណ្ឌដែលកម្មករទាមទារពីរចំណុចទៀត គឺទី១ ប្រាក់បញ្ឈប់ការងារ ទី២ ប្រាក់​អតីតភាពការងារ។

រហូតមកដល់ពេលនេះ ការចរចាររវាងថៅកែនិងកម្មករ នៅមិនទាន់ចេញជាលទ្ធផលយ៉ាងណានៅឡើយ​ទេ ដូច្នេះក្រុមកម្មករនិងស្វែងរកកិច្ចអន្តរាគមន៍បន្តទៀត ក្នុងករណីប្រសិនបើរោងចក្រ​មិន​មាន​ដំណោះ​ស្រាយណាមួយសមស្រប សម្រាប់កម្មករ៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9444629