បាល់ទាត់៖ ក្លិបអ៊ីតាលី Napoli ជិតឈានដល់ការចុះហត្ថលេខានឹងខ្សែប្រយុទ្ធ Victor Osimhen របស់ក្លិបបារាំង Lille ក្នុងពេលឆាប់ៗខាងមុខ។
មានការអះអាងថា Osimhen ជាបេក្ខភាពមកជំនួសខ្សែប្រយុទ្ធ Arkadiusz Milik កំពុងត្រៀមចាកចេញនៅចុងខែសីហា ក្រោយផុតកុងត្រាជាមួយ Napoli។
ជម្រើសជាតិនីហ្សេរីយ៉ារូបនេះ ជាគោលដៅផ្ទេររបស់ Napoli ចាប់តាំងពីដើមរដូវកាល ប៉ុន្តែ Lille មិនអនុញ្ញាតឱ្យកម្លាំងសំខាន់វ័យ ២១ ឆ្នាំ របស់ពួកគេចាកចេញលឿនពេកទេ។ យ៉ាងណាមិញរបាយការណ៍នៅអ៊ីតាលីបានបញ្ជាក់ថា Osimhen កំពុងធ្វើដំណើរទៅកាន់ទីក្រុង Naples ដើម្បីជួបពិភាក្សាក្រៅផ្លូវការមួយទាក់ទងនឹងការផ្ទេរ។
តម្លៃខ្លួនកីឡាកររូបនេះ ត្រូវបានគេរំពឹងថាប្រមាណ ៨០ លានអឺរូ ក្រោយបង្ហាញទម្រង់លេងល្អ ដោយរកបាន ១៣ គ្រាប់ បញ្ជូនបាល់ឱ្យមិត្តរួមក្រុមសម្រេចទី (Assist) ៤ ដង នៅក្របខ័ណ្ឌបារាំង Ligue 1 រដូវកាលនេះ។ គួរឱ្យដឹងដែរថាក្លិប Lille បញ្ចប់យុទ្ធនាការទៅនៅក្នុងរដូវកាលនេះ ដោយឈរនៅលេខ ៤ ខណៈដែល PSG នៅតែអាចរក្សាតំណែងជើងឯកបានសារជាថ្មី៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia