Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បើហត់ចិត្ត ធ្វើម៉េច?

Seang Sokcheng

ទោះជាយើងខំតាមដានទំលាប់យើង ខំហ្វឹកហាត់ខ្លួន ហាត់ខួរក្បាល និងចិត្តដើម្បីឲ្យយើងមានឆន្ទៈ គ្រប់គ្រងខ្លួនឯងគេចចេញពីភាពខ្ជិលប៉ុណ្ណាក៏ដោយ ក៏នៅតែមានពេលខ្លះគឺយើងអស់រលីងពីខ្លួន ហត់ទាំងចិត្តហត់ទាំងកាយ មិនអាចបន្តគ្រប់គ្រងខ្លួនឯងទៀតឡើយ។ 

តាមពិតទៅ នេះជារឿងធម្មជាតិទេ។ គ្រប់ពេលដែលយើងព្យាយាមទប់ចំណង់ គ្រប់ពេលដែលយើងផ្ចង់អារម្មណ៍ និងជំរុញឲ្យខ្លួនឯងធ្វើអ្វីដែលខ្លួនមិនធ្លាប់ធ្វើនោះ គឺយើងកំពុងប្រើប្រាស់កំលាំងឆន្ទៈរបស់យើងហើយ។ 

ឧបមាដូចជាពេលដែលយើងព្យាយាមអូសក្រឡាក្រាស់យើងពីនេះពីនោះមិនចេះចប់អញ្ចឹង នោះហើយគឺយើងកំពុងប្រើកំលាំងឆន្ទៈយើងហើយ! ពេលដែលយើងព្យាយាមរៀបឬក ដើម្បីឲ្យចូលចំណោមជាមួយក្រុមមិត្តរួមថ្នាក់យើង ទោះចរិតពិតរបស់យើងមិនដូចគេក៏ដោយចុះ ក៏ជាពេលដែលយើងកំពុងតែប្រើឆន្ទៈដែរ! 

សំខាន់នោះគឺ កំលាំងឆន្ទៈមិនមែនដូចមហាសមុទ្រមិនចេះរីងហួតនោះទេ។ វាដូចអណ្តូងមួយអញ្ចឹង អាចមានទឹកប្រើបានរហូតក៏ពិតមែន តែមានពេលខ្លះទឹកច្រើន ពេលខ្លះទឹកតិចផងដែរ។ បើយើងប្រើឆន្ទៈច្រើនពេក នោះក៏វាអាចអស់ពីអណ្តូងដែររ! តែសំណាងហើយដែលយើងមានវិធីខ្លះ អាចទប់ទល់ជាមួយការហត់ចិត្តអស់កំលាំងឆន្ទៈនេះបាន! 

វិធីទី ១៖ ធ្វើរឿងដែលពិបាកបំផុតឲ្យចំពេលដែលអ្នកខ្លាំងបំផុត

Credits, pinimg

វិធីមួយនេះគឺជាវិធីស្រួលបំផុត។ ប្រសិនបើធម្មជាតិចារមកថាកំលាំងឆន្ទៈយើងមានពេលពេញ មានពេលអស់នោះ ម៉េចមិនធ្វើរឿងពិបាកបំផុតពេលកំលាំងយើងនៅពេញបឹបទៅ? ក៏ប៉ុន្តែពេលណាទើបយើងមានកំលាំងឆន្ទៈពេញនោះ? ស្មេរក៏អត់ដឹងដែរ ព្រោះយើងម្នាក់ៗខុសៗគ្នា។ 

ជាធម្មតាមនុស្សភាគច្រើន រួមទាំងស្មេរផងដែរ តែងមានកំលាំងឆន្ទៈពេញផ្អឹបនៅពេលព្រឹកព្រហាម! អញ្ចឹងហើយបានជាស្មេរដាក់ការងារពិបាកៗដូចជា ការរៀបផែនការជីវិត ការតាំងសមាធិ និងហាត់ប្រាណ នៅពេលព្រឹកទាំងអស់។ ព្រោះថាបើដាក់ពេលថ្ងៃល្ងាច ឬពេលយប់ គឺមិនដែលមានកំលាំងធ្វើបានតាមចិត្តនោះទេ។ 

ឯអ្នកខ្លះវិញ ប្រហែលជាអាចមានកំលាំងឆន្ទៈខ្លាំងពេលផ្សេងៗ ដូច្នេះហើយមានតែសាកពិសោធជាមួយខ្លួនឯងទេ ទើបអាចដឹងច្បាស់! សាកព្យាយាមសង្កេតមើលខ្លួនឯងឲ្យបានពីរបីថ្ងៃទៅមើល… ឬក៏អាចសាកធ្វើការងារពិបាកៗ នៅពេលព្រឹក ស្អែកសាកធ្វើពេលថ្ងៃ ខានស្អែកសាកធ្វើពេលល្ងាច ឬពេលយប់ ដើម្បីចង់ដឹងថា មួយណាធ្វើមានប្រសិទ្ធិភាពជាង! 

វិធីទី ២៖ បោកខ្លួនឯងថាខ្លួនមិនទាន់ហត់នោះទេ 

នៅឆ្នាំ ១៩២៤ លោក អាឈីបល ហៀល (Archibald Hill) បានលើកទ្រឹស្តីមួយថា អារម្មណ៍នឿយហត់មិនមែនដោយសារសាច់ដុំយើងហត់លែងទៅមុខបាននោះទេ តែដោយសារខួរក្បាលយើងចង់ការពារមិនឲ្យយើងបាក់កំលាំងហត់ពិតមែន ក៏បញ្ជាឲ្យយើងមានអារម្មណ៍នឿយចង់ឈប់ទៅ។ 

នៅឆ្នាំ ២០០៥ អ្នកវិទ្យាសាស្ត្រ ធីម ណូអាក្ស (Tim Noakes) និងក្រុមការងាររបស់គាត់ក៏បានពិសោធចង់ដឹងថាតើទ្រឹស្តីពីឆ្នាំ ១៩២៤ នេះត្រឹមត្រូវឬក៏អត់។ ពួកគាត់ក៏បានធ្វើពិសោធច្រើនដងតៗគ្នា ហើយបានរកឃើញជានិច្ចថា ពេលដែលខួរក្បាលយើងបញ្ចេញអារម្មណ៍នឿយហត់នោះ តាមពិតក្នុងខ្លួនប្រាណយើង គ្មានសញ្ញាណាមួយថា សាច់ដុំយើងកំពុងឈឺខ្លាំង ឬត្រូវការឈប់ឥលូវភ្លាមៗនោះទេ។ ឲ្យតែពេលដែលបេះដូងយើងដើរញាប់ជាងធម្មតា ហើយថាមពលក្នុងខ្លួនយើងកំពុងធ្លាក់ចុះបន្តបន្ទាប់នោះ ខួរក្បាលយើងក៏ភ័យ ហើយបញ្ចេញអារម្មណ៍នឿយហត់ដើម្បីឲ្យយើងឈប់ ទោះជាតាមពិតយើងនៅអាចបន្តទៅមុខបានយូរទៀតក៏ដោយ។ 

នេះហើយបានជាកីឡាករ កីឡាការិនីជាច្រើនតែងមិនយកចិត្តទុកដាក់នឹងអារម្មណ៍នឿយហត់នោះទេ ព្រោះពួកគាត់ដឹងថា សមត្ថភាពខ្លួនប្រាណរបស់មនុស្សយើងអាចទ្រាំទ្របានច្រើនជាងនេះទៀត ហើយអារម្មណ៍នេះគ្រាន់តែជាការបន្លាចរបស់ខួរក្បាលយើងតែប៉ុណ្ណោះ! 

ប្រសិនបើអ្នកចង់ដឹងបន្ថែមពីការស្រាវជ្រាវនេះ អ្នកអាចអានទីនេះ និងទីនេះ។ 

អញ្ចឹង ប្រសិនបើអារម្មណ៍នឿយហត់មិនមែនជាដែនកំណត់នៃសមត្ថភាពយើង តើអ្វីទៅជាដែនកំណត់របស់យើងឲ្យប្រាកដនោះ? ស្តាប់ទៅដូចមិនគួរឲ្យជឿក៏ពិតមែន តែតាមពិតគេរកឃើញថាមនុស្សយើងបន្តទៅមុខ ឬបោះបង់ចោល គឺសំអាងលើជំនឿរបស់យើងនោះទេ! ស្មេរដំបូងក៏មិនចង់ជឿទ្រឹស្តីនេះដែរ តែទាល់តែបានអានរបាយការណ៍ស្រាវជ្រាវមួយនេះ ទើបហ៊ានជឿ!

និយាយឲ្យខ្លីទៅ ក្នុងការស្រាវជ្រាវនេះ គេបានពិសោធលើមនុស្សដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នា តែមានការយល់ឃើញខុសគ្នា។ ប្រភេទទីមួយគឺប្រភេទមនុស្សដែលជឿលើ «ឆន្ទៈមានកំណត់» ដោយពួកគាត់ជឿថា ប្រសិនបើគាត់ហត់ឆន្ទៈហើយនោះ គាត់នឹងមិនអាចបំពេញការងារក្រោយៗឲ្យបានល្អ ដូចពេលដែលគាត់មិនទាន់មានអារម្មណ៍នឿយហត់នោះទេ។  

ឯមនុស្សមួយប្រភេទទៀតគឺជឿលើ «ឆន្ទៈមិនមានកំណត់» ដោយផ្ទុយទៅវិញ គាត់ជឿថា ទោះគាត់មានអារម្មណ៍នឿយហត់ពីការងារណាមួយក៏ដោយ ក៏គាត់នៅតែអាចបន្តបំពេញការងារក្រោយៗបានល្អ និងដោយសប្បាយចិត្តផងដែរ។ 

គេក៏ឲ្យពួកគាត់ទាំងពីរក្រុមនេះធ្វើលំហាត់តៗគ្នា ដែលជាសកម្មភាពមួយអាចស៊ីកំលាំងឆន្ទៈយើងបានច្រើនគួរសមដែរ។ លទ្ធផលចុងក្រោយនោះគេឃើញថា មនុស្សក្រុមទីមួយ ដែលជឿថាខ្លួននឹងធ្វើការមិនសូវល្អដោយសារភាពនឿយហត់នោះ ពិតជាបានដូចមាត់មែន ដោយរឹតតែធ្វើលំហាត់ច្រើនទៅ ថ្វីដៃពួកគាត់កាន់តែចុះទៅៗពិតមែន។ ផ្ទុយទៅវិញ មនុស្សក្រុមទីពីរ ទោះជាមានអារម្មណ៍នឿយក្រោយពេលបំពេញលំហាត់ច្រើន តែបែរជានៅតែធ្វើការដោយសប្បាយ និងរក្សាថ្វីដៃបានថេរពីដើមដល់ចប់ដដែល!  

អញ្ចឹង តើយើងអាចជំរុញឲ្យខ្លួនឯងបន្តតស៊ូបន្តបានតាមរបៀបណាខ្លះ?

Credits, Hurca

របៀបជំរុញខ្លួនឯងស្រួលបំផុតនោះគឺ ប្រាប់ខ្លួនឯងថា ទោះជាធ្វើលើកនេះពិបាកក៏ពិតមែន តែឲ្យតែយើងធ្វើឲ្យចប់សព្វគ្រប់ នោះលើកក្រោយវានឹងស្រួលជាងនេះជាមិនខានឡើយ។ ប្រាប់ខ្លួនឯងទៅថា បើយើងបោះបង់លើកនេះ ការងារមួយនេះនឹងរឹតតែពិបាកទៅទៀត ពេលយើងធ្វើវាលើកក្រោយ! 

ម៉្យាងវិញទៀតមានការស្រាវជ្រាវមួយនោះ គេបានពិសោធក្រុមសិស្សនិស្សិតមួយក្រុមដែលកំពុងល្វើយហត់ខួរក្បាល។ ទោះហត់ដល់កំរិតណាក្តី ក៏ក្រុមនិស្សិតនោះនៅតែអាចបន្តធ្វើការងារដែលគេដាក់ឲ្យបាន នៅពេលគេសន្យាថាធ្វើចប់គេនឹងឲ្យលុយ! ហេហេ បានលុយហើយនរណាមិនខំប្រឹង? 

តែមិនត្រឹមតែប៉ុណ្ណឹងទេ ពួកគេក៏អាចជំរុញឲ្យខ្លួនបន្តតស៊ូអត់ធ្មត់បាន នៅពេលដែលគេប្រាប់ថា លំហាត់ដែលគាត់ធ្វើនេះអាចជួយរកឃើញវិធីព្យាបាលជំងឺភ្លេចភ្លាំងបាន (Alzheimer’s disease)។ ហើយកត្តាជំុរញចុងក្រោយដែលមានប្រសិទ្ធិភាពចំពោះពួកគាត់នោះ គឺពេលដែលក្រុមនិស្សិតផ្ទាល់តែម្តងប្រាប់ខ្លួនឯងថា បើខំធ្វើលើកនេះឲ្យហើយ លំហាត់ក្រោយៗនឹងស្រួលទៅៗជាមិនខានឡើយ! 

អូខេ! សូមសរុបសេចក្តីបន្តិចមុនពេលយើងបញ្ចប់! មុននឹងបញ្ចប់ សូមសង្ខេបអត្ថបទយើងបន្តិច។ ថ្ងៃនេះយើងដឹងថា ពេលដែលយើងហត់អស់កំលាំងឆន្ទៈនោះជារឿងធម្មតាទេ។ ដើម្បីបង្ការមិនឲ្យវាធ្ងន់ធ្ងរពេក យើងគួរ 1/ ដឹងថាម៉ោងណាដែលខ្លួនមានកំលាំងឆន្ទៈខ្លាំងជាងគេ ហើយធ្វើរឿងពិបាកពេលក្នុងម៉ោងនោះឲ្យហើយ 2/ ជំរុញខ្លួនឯងឲ្យខំប្រឹងតស៊ូទោះហត់ក្តីដោយ

ក/មានជំនឿថាបើខំប្រឹងពេលនេះ នោះការងារវានឹងស្រួលធ្វើនៅថ្ងៃមុខ ខ/ដោយប្រើប្រាស់រង្វាន់ក្រៅកាយផ្សេងៗដូចជាលុយជាដើម និង

គ/ ដោយមើលឃើញថាការងារដែលយើងធ្វើនេះមានប្រយោជន៍យ៉ាងណាខ្លះដល់មនុស្សម្នាផ្សេងៗ និងដល់សង្គមជាតិ! 

Credits, Ivan

from: https://tnaot.com/km/m/detail/article/9440829