ខេត្តបាត់ដំបង ៖ មន្ត្រីកងរាជអាវុធហត្ថបានរាយការណ៏ថា គ្រាប់មីនប្រឆាំងមនុស្សដែលផលិតនៅអតីតសហភាពសូវៀតចំនួនជាង២០គ្រាប់ ត្រូវបានអ្នកភូមិប្រទះឃើញ ហើយបានប្រមូលយកទៅរក្សាទុកមួយកន្លែង នៅចំណុចហុងទី៥ កាលពីព្រឹកថ្ងៃទី០៦ កញ្ញា ស្ថិតក្នុងភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ដែលគ្រាប់មីនទាំងនោះភាគច្រើននៅមានគុណភាពល្អនៅឡើយ។
មន្ត្រីអាវុធហត្ថបានប្រាប់ថា ប្រជាពលរដ្ឋម្នាក់ឈ្មោះ ហែម សុផល ភេទប្រុស អាយុ៦៧ឆ្នាំ ជាអ្នកប្រទះឃើញគ្រាប់មីននោះ ដែលរាយប៉ាយនៅតាមដំបូក និងនៅក្នុងព្រៃ ហើយគាត់ក៏បានរើសប្រមូលយកទៅគរទុកមួយកន្លែងត្រង់ចំណុចខាងលើ ក្រោយមកទើបគាត់រាយការណ៍ប្រាប់ទៅលោកមេភូមិបានជ្រាបជាក្រោយ។
បើតាមរបាយការណ៍របស់មន្ត្រីខាងលើបានឱ្យដឹងថា គ្រាប់មីននោះមានចំនួន២៦គ្រាប់ ដែលជាប្រភេទគ្រាប់កប់ក្នុងដីប្រឆាំងមនុស្ស ( មីនសញ្ញាលេខបូក ) ដែលផលិតនៅអតីតសហភាពសូវៀត។ ហើយក្នុងចំណោមនោះ មានចំនួន០៦គ្រាប់ខូចគុណភាព រីឯចំនួន២០គ្រាប់ទៀតនៅមានគុណភាព១០០% នៅឡើយ។
បើតាមអាជ្ញាធរមូលដ្ឋាន ក៏បាននិយាយពីប្រវត្តិខ្លះៗ នៃតំបន់ប្រទះឃើញគ្រាប់មីននោះថា តំបន់នោះជាអតីតទីតាំងសមរភូមិច្បាំងគ្នាយ៉ាងក្ដៅគគុកកាលពីសម័យសង្គ្រាម។ បច្ចប្បន្នតំបន់នោះ ក៏នៅមានសេសសល់គ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌគ្រប់ប្រភេទផងដែរ បើទោះជាធ្លាប់បានបោសសំអាតត្រង់តំបន់ខ្លះដោយអង្គភាពកំចាត់មីមក្ដី។ ដូច្នេះគ្រាប់មីនដែលពលរដ្ឋប្រទះឃើញខាងលើនេះ គឺជាគ្រាប់ដែលសេសសល់ពីសម័យសង្គ្រាម ដែលមិនទាន់បានបោសសំអាតនៅឡើយ។
មន្ត្រីកងរាជអាវុធហត្ថបាននិយាយថា ក្រោយពីទទួលបានព័ត៌មាននេះ គេបានចុះទៅពិនិត្យ និងបានរាយការណ៍ទៅកាន់មន្ត្រីសម្របសម្រួលយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រចាំស្រុកមោងនិងរុក្ខគិរីរួចហើយ ដើម្បីចាត់ការបន្ត។ ប៉ុន្តែយ៉ាងណា គ្រាប់មីនទាំងនោះ កំពុងរក្សាទុកនៅចំណុចខាងលើនៅឡើយ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព