មហាវិថីថ្មី១ខ្សែ ចាប់ពីផ្លូវ១០០៣ រហូតដល់មហាវិថីឈ្នះឈ្នះ គ្រោងស្ថាបនានៅសប្តាហ៍ក្រោយ
រាជធានីភ្នំពេញ ៖ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ប៉ែកខាងជើងរាជធានីភ្នំពេញ ជាពិសេសនៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ ខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ រដ្ឋបាលរាជធានីភ្នំពេញគ្រោងបើកការដ្ឋានស្ថាបនាមហាវិថីថ្មីមួយខ្សែ ដែលមានទទឹង៣០ម៉ែត្រ និងបណ្តោយផ្លូវជាង៥គីឡូម៉ែត្រ ដោយចាប់ពីផ្លូវលេខ១០០៣ ផ្លូវបត់ចូលផ្សារទំនើបអ៊ីអន ម៉លសែនសុខ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ រហូតដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅខណ្ឌព្រែកព្នៅ (កាត់មុខហ្គ្រេនភ្នំពេញ)។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញមានគម្រោងនឹងបើកការដ្ឋានស្ថាបនាមហាវិថីមួយខ្សែ នៅសប្តាហ៍ក្រោយ ក្រោមអធិបតីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលមហាវិថីនេះមានប្រវែង៥៨៦០ម៉ែត្រ ទទឹង៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុង មានសួនច្បារកណ្តាល២ម៉ែត្រ ផ្លូវ១២ម៉ែត្រសងខាង ដែលអាចឲ្យរថយន្តធ្វើចរាចរណ៍បាន ៣គន្លងទៅ ៣គន្លងមក មាន ១គន្លងទៅមក សម្រាប់ម៉ូតូ មានចិញ្ចើមផ្លូវសងខាង២ម៉ែត្រ សម្រាប់អ្នកថ្មើជើង ជាមួយនឹងការដាក់លូសង្ខាងផ្លូវទំហំ៨តឹកផងដែរ ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព