Sattya
លោក ហ៊ិន គឹមយាន មានស្រុកកំណើតនៅខេត្តបាត់ដំបងចាប់យកជំនាញក្រាភិចឌីហ្សាញនេះនៅសាលាជំនាញសិល្បៈទស្សនីយ៍ភាព និងបច្ចុប្បន្នជាគ្រូបង្រៀនផ្នែកក្រាភិចឌីហ្សាញ។
ដោយមានចិត្តស្រលាញ់ការច្នៃម៉ូតសម្លៀកបំពាក់តាំងពីតូចក្រូចឆ្មារមក បានជុំរុញអោយយុវជនម្នាក់ លោកគឹមយាន ក៏បានចាប់យកជំនាញជាអ្នកច្នៃម៉ូតសម្លៀកបំពាក់ម្នាក់ដែរ ហើយលោកទើបតែនឹងរះបានរយៈមួយឆ្នាំមកហើយដែរនេះទេ ព្រោះទើបចាប់ផ្ដើមនៅចុងឆ្នាំ២០១៨នេះ។
បើនិយាយពីគំនិតនៃការច្នៃម៉ូតសម្លៀកបំពាក់របស់ ហ៊ិន គឹមយាន គឺកាន់តែប្លែកនិងគួរអោយទាក់ទាញភ្នែក ក៏ដូចជាចំណាប់អារម្មណ៍អ្នកមើលដូចជាស្មេរនេះតែម្ដង ដោយសារតែម៉ូតសម្លៀកបំពាក់នីមួយៗគឺបង្ហាញពីសមិតទ្ធផលផ្សេងៗសម្រាប់តំណាងខេត្តបាត់ដំបងផ្ទាល់ នៅក្នុងទម្រង់ជារូបភាពឧទាហរណ៍លក្ខណៈជារូបតុក្កតាឃ្យូតៗអត់ចាញ់តុក្កតាជប៉ុននោះទេ និង សម្លៀកបំពាក់ពិតៗដែលបានច្នៃរួចចេញពីការឌីសាញឧទាហរណ៍នោះ។ ទឹកដៃរបស់គាត់ក៏នឹងចាប់ចិត្តចាប់ភ្នែកគ្នាយើងដែលជាសំណប់ចិត្តរបស់វប្បធម៌ដូចគ្នាទើបបានជាស្មេរលើកយកមកបង្ហាញអោយបានដឹងនិងឃើញរបស់ល្អៗនៃការបង្កើតថ្មីពីសំណាក់កូនខ្មែរជំនាន់ក្រោយថ្ងៃនេះហ្នឹងណា។
កុំអោយថាស្មេរចេះតែនិយាយអួតអីតែម្នាក់ឯង តោះចាប់ផ្ដើមអូសទៅខាងក្រោមទៅមើលស្នាដៃទាំងនោះទាំងអស់គ្នា!!!
ទី១៖ តាដំបងក្រញូង
ទី២៖ ស្រូវ
ទី៣៖ ស្រុក សំឡុតព្រៃឈើ
ទី៤៖ ស្រុកម៉ោងឬស្សីមានចម្ការម្នាស់
ទី៥៖ ខេត្តសំបូរណែមត្រីឆៅ
ទី៦៖ ខេត្តក្បែរទន្លេសាបសំបូរត្រី
ទី៧៖ នាគសន្ដិភាពសួនក្នុងក្រុង
ទោះបីជាពេលនេះ គឹមយាន មិនទាន់ទទួលបានពានរឺក៏ប័ណ្ណសរសើរណាមួយមកបញ្ជាក់ពីភាពគួរអោយស្ញប់ស្ញែងនៃទឹកដៃច្នៃម៉ូតសម្លៀកបំពាក់ក៏ដោយ តែសម្លៀកបំពាក់ទាំងនេះត្រូវបានបង្ហាញក្នុងកម្មវិធីជាច្រើនដូចជានៅតាមសាលារៀនវិទ្យាល័យនិងសកលវិទ្យាល័យក្នុងក្រុងបាត់ដំបងក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរ កម្មវិធី Our Charity Our Children កម្មវិធីSa’art ដែលទាក់ទងទីក្រុងស្អាត កម្មវិធីហ្វារពន្លឺសិល្បៈ កម្មវិធីទិវាអង្គការសហប្រជាជាតិ និងកម្មវិធីជំនោរ ART ជាដើម។
ជាចុងក្រោយ គឹមយាន ក៏មិនភ្លេចសំណូមពរដល់យុវជនយើងជំនាន់ក្រោយគួរតែធ្វើអ្វីដែលជាចំណង់ចំណូលចិត្តនិងការស្រលាញ់របស់ខ្លួន មិនមែនជាអ្វីដែលអ្នកផ្សេងរឺឪពុកម្ដាយប្រាប់អោយធ្វើនោះទេ។ លើសពីនេះទៅទៀត ឪពុកម្ដាយក៏មិនគួរបង្ខំអោយកូនធ្វើអ្វីដែលមិនមែនជាការចូលចិត្តរបស់ខ្លួន ព្រោះថាការដែលធ្វើអ្វីចេញពីការស្រលាញ់ដោយខ្លួនឯងនឹងធ្វើអោយពួកគេកាន់តែអភិវឌ្ឍន៍សមត្ថភាពបន្ថែមបាន។
ក៏កុំភ្លេចគាំទ្រស្នាដៃពួកគាត់ទាំងអស់គ្នាណា ហើយក៏អាចតាមដានបន្ថែមបានតាមរយៈហ្វេសបុកផេកបានដោយផ្ទាល់បើសិនជាគ្នាយើងចង់ដឹងព័ត៌មានបន្ថែមពីអ្នកសិល្បៈនិងសមាគមហ្វារពន្លឺសិល្បៈផ្សេងទៀត។