កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៖ កូរ៉េអាចឱ្យកម្ពុជានាំផលិតផលទៅទីផ្សារដោយរួចពន្ធដល់ជាង៩០%
រាជធានីភ្នំពេញ ៖ ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជានិងកូរ៉េ ដែលបានបញ្ចប់ការចរចារនៅជុំទី ២ កាលពីចុងសប្តាហ៍មុន ដែលក្នុងនោះអ្នកពាក់ព័ន្ធនៃការចរចានេះបានអះអាងថាកិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យកម្ពុជាទទួលបានការបើកច្រកទីផ្សារពីភាគីកូរ៉េធំជាងកម្ពុជាបើកច្រកទីផ្សារឱ្យកូរ៉េ លើការនាំចូលមុខទំនិញនាំចេញនាំចូលដោយរួចពន្ធ ។
លោក ស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចរចាលើកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េបានឱ្យដឹងតាមបណ្តាញទំនាក់ទំនងសង្គមតេឡេក្រាមនៅថ្ងៃទី៤កញ្ញានេះថា ការចរចាជុំទី២ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ត្រូវបានប្រារព្ធធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅលើ ២ ផ្នែកសំខាន់ៗ រួមមាន៖១)- ការចរចាបើកទីផ្សារ (Market Access) និង ២)- ការចរចាលើអត្ថបទនៃកិច្ចព្រមព្រៀង ដែលមានជំពូក ៦ សំខាន់ៗ រួមមាន ពាណិជ្ជកម្មទំនិញ, ឧបាស្រ័យពាណិជ្ជកម្ម, វិធានដើមកំណើតទំនិញ, នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម សហប្រតិបត្តិការសេដ្ឋកិច្ច (បានបញ្ចប់) និង នីតិកម្មនិងស្ថាប័ន។
លោក ស៊ាង ថៃ មន្ត្រីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ការចរចារនៅជុំទី១ ឬនៅជុំទី២នេះយើងបានបែងចែកកិច្ចព្រមព្រៀងហើយយើងបានចាប់ផ្តើមចរចានៅចំណុចដែលមាននៅក្នុងនៃកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាមាន ពាណិជ្ជកម្មផ្នែកទំនិញ សេវា ផ្នែកវិនិយោគ ហើយលទ្ធផលចរចារដែលយើងបានកន្លងមកនេះវាយតម្លៃជាភាគរយទៅតាមជំពូកនីមួយៗ។
លោកបានបន្តថា « ក្នុងការចរចារនៅជុំទី២ដែលទើបបានចរចារបញ្ចប់នៅថ្ងៃទី ៣ ខែកញ្ញាកន្លងទៅនេះ មានការចរចាលើការបើកច្រកទីផ្សារ។ បើយើងមានមុខទំនិញជាង១ម៉ឺនមុខ យើងឱ្យគេនាំចូលប៉ុន្មាន ហើយយើងនាំចេញទៅកូរ៉េប៉ុន្មាន? អ៊ីចឹងនៅក្នុងការចរចានេះ ដោយសារប្រទេសកម្ពុជាបើយើងប្រៀបធៀបជាមួយកូរ៉េ គឺយើងក្រជាងកូរ៉េ អ៊ីចឹងភាគីទាំងពីរបានឯកភាពថាកូរ៉េបើកច្រកទីផ្សារឱ្យបានធំជាងកម្ពុជាបើកឱ្យកូរ៉េ ហើយចាំធ្វើមុខទំនិញតាមក្រោយ»។
បើតាមមន្ត្រីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជានេះ គឺខាងភាគីកូរ៉េអាចឱ្យកម្ពុជានាំផលិតផលទៅទីផ្សារដោយរួចពន្ធដល់ជាង៩០% ខណៈកូរ៉េនាំចូលមកកម្ពុជាដោយពន្ធប្រមាណ៨០%នៃផលិតផលសរុប។
លោក ស៊ាង ថៃ បានមានប្រសាសន៍ថា«ខ្ញុំនាំទំនិញទៅប្រទេសអ្នកឯងឱ្យបានរួចពន្ធជាង៩០%មក ហើយខ្ញុំជូនអ្នកឯងឱ្យមកកម្ពុជាវិញតែជាង៨០%ទេ ហើយនៅសល់ប៉ុន្មានទៀតត្រូវជាប់ពន្ធ។ ឥឡូវនេះយើងមានការឯកភាពដោយកូរ៉េបានឱ្យយើងជាង៩១% នៃមុខទំនិញអត់ត្រូវបង់ពន្ធ»។
ពាក់ព័ន្ធនិងការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីខាងលើនេះបើតាមលោកស៊ាងថៃ ការប្រជុំនៅជុំទី៣អាចនឹងចាប់ផ្តើមនៅចុងខែ៩ឬដើមខែ១០។ ការចរចារអាចមានការប្រែប្រួលខ្លះៗ ប៉ុន្តែភាគីទាំងពីរបានប្តេជ្ញាចិត្តថានឹងធ្វើឱ្យបានចប់នៅក្នុងឆ្នាំ២០២០នេះ។ពិសេសបានការអនុញ្ញាតភ្លើងខៀវពីរាជរដ្ឋាភិបាលនៃប្រទេសរៀងៗខ្លួន ហើយរដ្ឋមន្ត្រីពណិជ្ជកម្មទាំងពីរប្រទេសដែលកាលពីពាក់កណ្តាលខែកក្កដាទៅនេះក៏បានប្តេជ្ញាចិត្តថាត្រូវធ្វើឱ្យបានសម្រេចនៅមុនបំណាច់ឆ្នាំនេះដែរ។
កិច្ចប្រជុំចរចារវាងកម្ពុជា និងកូរ៉េ បានដំណើរការកន្លងទៅ មាន៖ ថ្ងៃទី៩ កក្កដា រដ្ឋមន្ត្រីទាំងពីរប្រទេស ប្រកាសបើកការចរចា។ ថ្ងៃទី១៥ កក្កដា ក្រុមការងារជួបគ្នា warm-up, ថ្ងៃទី៣០-៣១ កក្កដា ចរចាជុំទី១, ថ្ងៃទី១១ សីហា ប្រជុំជាមួយវិស័យឯកជននិង ថ្ងៃទី៣១ សីហា ដល់ ៣ កញ្ញា នឹងចរចាជុំទី២៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព