ម្ចាស់ទូកដ និងកាណូតទេសចរណ៍តម្រូវឲ្យធ្វើរឿងច្រើនយ៉ាងដើម្បីដឹកភ្ញៀវទេសចរនាថ្ងៃសម្រាកភ្ជុំបិណ្ឌ
រាជធានីភ្នំពេញ ៖ ក្នុងន័យទប់ស្កាត់នូវការរីករាយដាលជំងឺកូវីដ ១៩ ក៏ដូចជាជម្រុញចលនានៃការធ្វើដំណើរកម្សាន្តក្នុងស្រុកប្រកបដោយសុវត្ថិភាពខ្ពស់នោះ ក្រសួងទេសចរណ៍បានចេញ ចេញសារាចរណែនាំនៅថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២០នេះ ដល់ម្ចាស់ទូកដ និងកាណូតទេសចរណ៍ ដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរកាត់សមុទ្រ ទន្លេ ស្ទឹង និងបឹង មិនឱ្យផ្ទុកលើសចំណុះ និងត្រូវបំពាក់នូវសម្ភារៈសង្គ្រោះចាំបាច់នានា និងការពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឳកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបន្តថា «ចំណែកមន្ទីរទេសចរណ៍រាជធានី-ខេត្តត្រូវសហការជាមួយមន្ទីរបរិស្ថាន មន្ទីរសុខាភិបាល និងផ្នែកពាក់ព័ន្ធនានា ដើម្បីអប់រំណែនាំម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ និងភ្ញៀវទេសចរឱ្យចូលរួមថែរក្សាបរិស្ថាន អនាម័យ ដោយលុបបំបាត់ការបោះចោលសំរាម និងកាកសំណល់ផ្តេសផ្តាស ជាពិសេសបញ្ឈប់ការបោះចោលក្រដាសត្រោមតុ និងត្រូវចាត់វិធានការតាមគ្រប់រូបភាពដើម្បីធានាអនាម័យក្នុងភោជនីយដ្ឋាន រួមទាំងបន្ទប់ទឹក បង្គន់អនាម័យ ហើយបុគ្គលិកបំរើការត្រូវមានឯកសណ្ឋានឱ្យបានត្រឹមត្រូវ»។
លោករដ្ឋមន្ត្រី ថោង ខុន បានបន្ថែមទៀតថា មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ និងរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យ។ រាល់តម្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវសរសេរឱ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីជម្រាបជូនភ្ញៀវឱ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
ទទួលបានសារាចរណែនាំនេះ គ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវសហការជាមួយអាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធ និងឯកជន អនុវត្តតាមខ្លឹមសារខាងលើឱ្យបានលទ្ធផលល្អ ប្រសើរក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព