រាជធានីភ្នំពេញ ៖ បងប្អូនមានដឹងទេថា ក្នុងចំណោមអភិបាលក្រុងភ្នំពេញទាំង១១រូប គិតពីឆ្នាំ១៩៧៩រហូតដល់បច្ចុប្បន្ន តើនរណាដឹកនាំរាជធានីភ្នំពេញបានយូរជាងគេ ? តិចជាងគេ? ល្បីជាងគេ ? សំណាងជាងគេ ? លំបាកជាងគេ? សប្បាយជាងគេ? ស្លូតជាងគេ? កាចជាងគេ ? និងស្រស់ស្អាតជាងគេ?
គិតចាប់ពីក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ មកដល់ឆ្នាំ២០២០នេះ មានរយៈពេល៤១ឆ្នាំហើយ ។ ក្នុងការរៀបចំការងារគ្រប់គ្រងរចនាសម្ពន្ធ័ រដ្ឋបាលដែនដី របស់រាជរដ្ឋាភិបាល សម្រាប់គ្រប់គ្រងក្នុងរាជធានីភ្នំពេញ ត្រូវបានធ្វើការផ្លាស់ប្តូរអភិបាលក្រុងភ្នំពេញ ចំនួន១១រូប ។
តាមរយៈឯកសារ ការផ្លាស់ប្តូររចនាសម្ពន្ធ័ដឹកនាំជាអភិបាលក្រុងភ្នំពេញ តែងតែមានការភ្ញាក់ផ្អើល និងដឹងលឺល្បីខ្ទរខ្ទារ ព្រោះអាណាចក្រនេះ គឺជាមជ្ឈមណ្ឌលប្រមូលផ្តុំ រាប់ទាំងក្បាលម៉ាស៊ីនរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក៏នៅទីនេះដែរ ហើយក៏អាចនិយាយបានទៀតថា អភិបាលរាជធានីភ្នំពេញនេះ គឺជាប៉ុស្តិ៍ត្រូវប៉ាន់ ក្នុងចំណោម ខេត្តក្រុងនានានៅទូទាំងប្រទេស ហើយក៏ជាប៉ុស្តិ៍ប្រកួតប្រជែងគ្នាផងដែរ ។
ដោយសារកន្លែងត្រូវប៉ាន់ និងប្រកួតប្រជែងគ្នាបែបនេះហើយ បានជាមហាជនតែងតែចាប់អារម្មណ៍ និងយកចិត្តទុកដាក់ចំពោះតែអភិបាលរាជធានីភ្នំពេញប៉ុណ្ណោះ ក្នុងនោះក៏មានចម្ងល់ដោយលើកឡើងជាសំនួរថា តើអភិបាលក្រុងភ្នំពេញមួយណាដែលកាន់តំណែងយូរជាងគេ ? និងមានការអភិវឌ្ឃន៏ច្រើនជាងគេ ? តើអភិបាលក្រុងភ្នំពេញមួយណាដែលកាន់តំណែងតិចជាងគេ ? ល្បីជាងគេ ? សំណាងជាងគេ ? លំបាកជាងគេ? សប្បាយជាងគេ? ស្លូតជាងគេ? កាចជាងគេ ? ស្រស់ស្អាតជាងគេ ?
ចំពោះសំនួរដែលសួរថា តើអភិបាលក្រុងភ្នំពេញមួយណាដែលកាន់តំណែងយូរជាងគេ នោះ ប្រជាពលរដ្ឋដែលដឹង និងរស់នៅទាន់ពីឆ្នាំ១៩៧៩ រហូតមដល់ពេលនេះនោះ ពិតជាអាចឆ្លើយបាន គឺលោក កែប ជុតិមា បានដឹកនាំរាជធានីភ្នំពេញមានរយៈពេល១០ឆ្នាំ ចាប់ពីឆ្នាំ២០០៣ដល់ឆ្នាំ២០១៣ ហើយក៏អាចចាត់ទុកថាជា អភិបាលរាជធានីភ្នំពេញ មានសំណាងជាងគេ ព្រោះនៅចន្លោះដែលលោកបានគ្រប់គ្រងនោះ ស្របពេលសេដ្ឋកិច្ចប្រទេសជាតិកំពុងតែកើនឡើងយ៉ាងខ្លាំង អ្នកវិនិយោគចូលមកភ្នំពេញច្រើន ជាពិសេសទៅទៀតនោះ ដីកំពុងតែឡើងថ្លៃកប់ពពក ហើយក៏មានការ អភិវឌ្ឍន៏ខ្លាំងក្លាផងដែរ។
ចំពោះសំនួរដែលសួរថា តើអភិបាលក្រុងភ្នំពេញមួយណាដែលកាន់តំណែងតិចជាងគេ នោះមានចំនួន២រូប គឺទី១-លោក ខាង សារិន ក្នុងចន្លោះពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨០ និងទី២. លោក ស៊ីម កា ចន្លោះពីឆ្នាំ១៩៩២ដល់ឆ្នាំ១៩៩៣ ។ ប៉ុន្តែចំពោះសំនួរដែលសួរថា តើអភិបាលក្រុងមួយណាដែលមានស្នាដៃជាងគេ? ល្បីល្បាញជាងគេ? លំបាកជាងគេ? សប្បាយជាងគេ? ស្លូតជាងគេ ? កាចជាងគេ ? និង ស្រស់ស្អាតជាងគេ ? នោះ គឺពិតជាមិនអាចបកស្រាយបាននោះទេ ព្រោះខ្លាចអតីត អភិបាលក្រុងនានាលោកអន់ចិត្ត ប៉ុន្តែបងប្អូនដែលបានចូលរួមអង្កេត និងតាមដានពិតជាបានដឹង ចឹងទេ ទុកឲ្យបងប្អូនធ្វើការវិនិច្ឆ័យចុះ ។
យោងតាមឯកសារមួយសន្លឹកដែលមានភ្ជាប់ជាមួយរូបថត និងឆ្នាំដែលអភិបាលរាជធានីភ្នំពេញ បានដឹកនាំចាប់ពីឆ្នាំ១៩៧៩មកដល់ឆ្នាំ២០១៨នេះ បានបង្ហោះតៗគ្នាបានឲ្យដឹងថា គិតចាប់តាំងពីឆ្នាំ១៩៧៩ មកទល់ឆ្នាំ២០១៨នេះ អភិបាលក្រុងភ្នំពេញចំនួន១១រូបហើយ ត្រូវបានផ្លាស់ប្តូរ គឺទី១-លោក ខាង សារិន ក្នុងចន្លោះពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៨០ ទី២-លោក ចាន់ វ៉ែន ពីឆ្នាំ១៩៨០ដល់ឆ្នាំ១៩៨២ ទី៣-លោក កែវ ចិន្តា ចន្លោះពីឆ្នាំ១៩៨២ដល់ឆ្នាំ១៩៨៥ ទី៤-លោក ថោង ខុន ចន្លោះពីឆ្នាំ១៩៨៥ដល់ឆ្នាំ១៩៩០ ទី៥- លោក ហុក ឡង់ឌី ចន្លោះពីឆ្នាំ១៩៩០ដល់ឆ្នាំ១៩៩២ ទី៦-លោក ស៊ីម កា ចន្លោះពីឆ្នាំ១៩៩២ដល់ឆ្នាំ១៩៩៣ ទី៧-លោក ឈឹម សៀកឡេងចន្លោះពីឆ្នាំ១៩៩៣ដល់ឆ្នាំ១៩៩៨ ទី៨- លោក ជា សុផារ៉ា ចន្លោះពីឆ្នាំ១៩៩៩ដល់ឆ្នាំ២០០៣ ទី៩-លោក កែប ជុតិមា ចន្លោះពីឆ្នាំ២០០៣ដល់ឆ្នាំ២០១៣ ទី១០-លោក ប៉ា សុជាតិវង្ស ចន្លោះពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៧ និងទី១១-លោក ឃួង ស្រេង បានដឹកនាំជាអភិបាលរាជធានីភ្នំពេញក្នុងពេលបច្ចុប្បន្ននេះ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព