ព្រោះតែយល់អំពីហេតុផលក្នុងលោក និងជីវិតសព្វសត្វទាំងឡាយ ព្រះពុទ្ធសមណគោតមបានលើកយកអំពីគន្លឹះចំនួន៤ ដែលនាំឲ្យសម្រេចប្រយោជន៍ភ្លាមៗក្នុងពេលបច្ចុប្បន្នគឺ៖
១- ឆន្ទៈ-ស្រលាញ់ ពេញចិត្ត បង្កើននូវចំណង់ចំណូលចិត្ត និងសេចក្ដីប្រាថ្នាឲ្យខ្ពស់ ។ ទាំងនេះគឺជាជំហានដំបូងដែលយើងត្រូវរកឲ្យឃើញនូវអ្វីដែលយើងប្រាថ្នា អ្វីដែលយើងចង់បាន អ្វីដែលយើងចូលចិត្ត ការដែលយើងត្រូវរកឲ្យឃើញនូវអ្វីដែលយើងស្រលាញ់ និងចូលចិត្តធ្វើ គឺជារឿងសំខាន់បំផុតដំបូងគេបង្អស់ ដែលនាំឲ្យយើងសម្រេចគោលដៅបាន ។
២- វិរិយៈ-ការព្យាយាម បន្ទាប់ពីរកឃើញនូវអ្វីដែលយើងស្រលាញ់ចូលចិត្តហើយ យើងត្រូវដុតដៃដុតជើង ព្យាយាមយកឈ្នះគ្រប់ឧបសគ្គដែលយើងជួបឲ្យខាងតែបាន។ ព្យាយាមធំប៉ុណ្ណា ជោគជ័យធំប៉ុននោះ។ មនុស្សជោគជ័យ មិនដែលបោះបង់ មនុស្សបោះបង់ មិនដែលជោគជ័យ។
៣- ចិត្តៈ-យកចិត្តទុកដាក់ មានត្រឹមរបស់ដែលយើងចូលចិត្ត ហើយព្យាយាមធ្វើវា នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ យើងត្រូវបណ្ដុះចិត្ត យកចិត្តទុកដាក់ក្នុងការងារនោះៗឲ្យមែនទែន ដើម្បីកុំឲ្យវាថ្លោះធ្លោយ ដោយសារសេចក្ដីប្រមាថរបស់យើង ។
៤- វិមំសា-ការពិចារណា វិភាគឲ្យគ្រប់ជ្រុងគ្រប់ជ្រោយនូវរាល់ជំហាននៃកិច្ចការ ឬសេចក្ដីប្រាថ្នារបស់យើងថាតើ ការងារនោះបើយើងធ្វើមានប៉ះពាល់ប្រយោជន៍អ្នកណាទេ? វាធ្វើឲ្យអ្នកដទៃឈឺចាប់ដោយសារយើងទេ?
កាលបើបុគ្គលប្រព្រឹត្តប្រតិបត្តិគ្រប់ចំណុចទាំង៤គ្រប់ជ្រុងជោយហើយ នោះប្រយោជន៍លោកិយនឹងកើតឡើងដល់បុគ្គលនោះប្រាកដជាក់ ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព