កាលពីថ្ងៃទី៤ ខែកញ្ញា របាយការណ៍មួយបានបង្ហាញថា តារាសម្តែង Suzy បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៥០លានវ៉ុន ប្រមាណជា ៤២ ១០៧.៩៣ដុល្លារសហរដ្ឋអាមេរិក ដល់សហព័ន្ធតៃក្វាន់ដូដើម្បីអបអរទិវាតៃក្វាន់ដូនៅប្រទេសកូរ៉េ។ ផលិតកម្ម Soop របស់នាងបានបញ្ជាក់ថា តារាសម្តែងរូបនេះបានបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីរំលឹកដល់ថ្ងៃដែលគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានអនុម័តជាផ្លូវការនូវតៃក្វាន់ដូក្នុងឆ្នាំ១៩៩៤ នៅប្រទេសកូរ៉េ ។
ថ្មីៗនេះផងដែរ Suzy ក៏បានបរិច្ចាគទឹកប្រាក់ ១០០លានវ៉ុន ប្រមាណជា ៨៤ ២១៥.៨៥ ដុល្លារសហរដ្ឋអាមេរិក ដល់សមាគមជួយសង្គ្រោះគ្រោះមហន្តរាយកូរ៉េ ដើម្បីជួយដល់អ្នកដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរនៅប្រទេសរបស់ខ្លួន ហើយកាលពីឆ្នាំមុននាងបានបរិច្ចាគថវិកាចំនួន ១០០លានវ៉ុនដល់ជនរងគ្រោះដោយសារអគ្គិភ័យនៅតំបន់ Goseong ។
នៅក្នុងព័ត៌មានផ្សេងទៀតក៏បានចុះផ្សាយថា Suzy កំពុងសម្តែងនៅក្នុងរឿងភាគថ្មីមួយដែលមានចំណងជើងថា Start Up របស់ស្ថានីយទូរទស្សន៍ tvN នឹងចាប់ផ្តើមចាក់បញ្ចាំងនៅខែតុលាខាងមុខនេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop