ថ្មីៗនេះ Alexis Sanchez បានទម្លាយថា គ្រាន់តែហាត់លើកដំបូងក្នុង Man Utd ក៏រូបគេមានអារម្មណ៍ចង់ត្រលប់ទៅកាន់ក្រុមចាស់ Arsenal វិញតែម្ដង។
កីឡាករវ័យ៣១ឆ្នាំ បានចូលរួមជាមួយបិសាចក្រហម Manchester United ពីក្រុមកាំភ្លើងធំ Arsenal កាលពីឆ្នាំ២០១៨ ប៉ុន្ដែការប្ដូរនោះ ហាក់មិនសមប្រកបសម្រាប់គេឡើយ។
ក្នុងវីដេអូដែលបង្ហោះក្នុងគណនី Instagram របស់គេផ្ទាល់ Sanchez បានសារភាពថា ខ្លួនមានអារម្មណ៍មិនល្អ ចាប់តាំងពីការហាត់លើកដំបូងជាមួយ Man United ម្ល៉េះ។
«ការហាត់លើកដំបូង ខ្ញុំបានដឹងរឿងជាច្រើម។ ពេលដល់ផ្ទះ ខ្ញុំនិយាយជាមួយភ្នាក់ងារខ្ញុំថា «តើកិច្ចសន្យាអាចបញ្ចប់ ហើយវិលត្រលប់ទៅកាន់ Arsenal វិញបានដែរទេ?»
«ពួកគេក៏បានសើច ហើយខ្ញុំបានប្រាប់គេថា អ្វីមួយដូចមិនសមប្រកបជាមួយខ្ញុំសោះ។ យ៉ាងណាខ្ញុំបានចុះហត្ថលេខារួចទៅហើយ»។
«នៅក្នុងការប្រកួតជាមួយ West Ham ខ្ញុំមិនត្រូវបានគេជ្រើសរើសនោះទេ។ រឿងនោះមិនដែលកើតឡើងចំពោះខ្ញុំក្នុងនាមជាកីឡាករម្នាក់ឡើយ។ វារំខានខ្ញុំ ហើយខ្ញុំបាននិយាយថាវាមិនអាចទៅរួចទេ»។
«ក្នុងនាមជាកីឡាករឆ្នើមមួយក្នុង Premier League រហូតខកខានមិនបានលេង ៥ខែ។ ពេលខ្ញុំមកដល់ផ្ទះ ខ្ញុំពិតជាសោកសៅខ្លាំងណាស់»៕
ប្រភព៖ Sportbibble