នៅថ្ងៃសៅរ៍នេះរដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ ចំនួន ៧ នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ។
មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពមេរោគកូវីដ១៩ បានមានប្រសាសន៍ថា អ្នកជំងឺថ្មីទី ១ គឺជាបុរសជនជាតិប្រេស៊ីលអាយុ ៤០ ឆ្នាំបានធ្វើដំណើរមកដល់ប្រទេសថៃ នៅថ្ងៃទី ២០ ខែសីហា និងធ្វើតេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី ២ ខែកញ្ញា។
អ្នកជំងឺថ្មីទី ២ គឺជានិស្សិតជនជាតិអាមេរិក អាយុ ១៦ ឆ្នាំបានមកដល់ប្រទេសថៃនៅថ្ងៃទី ២៤ ខែសីហា ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងទីក្រុងបាងកក និងធ្វើតេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី ៣ ខែកញ្ញា។
អ្នកជំងឺថ្មីទី ៣ និងទី ៤ គឺជាជានិស្សិតជនជាតិរុស្ស៊ីម្នាក់ អាយុ ១៨ ឆ្នាំ និងស្ត្រីម្នាក់អាយុ ៤៥ ឆ្នាំបានមកដល់ប្រទេសថៃនៅថ្ងៃទី ៣១ ខែសីហា ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងទីក្រុងបាងកក ព្រមទាំងធ្វើតេស្តវិជ្ជមាននៅថ្ងៃទី ៣ ខែកញ្ញា។
អ្នកជំងឺថ្មី ២នាក់ផ្សេងទៀត គឺជាជនជាតិឥណ្ឌា ដែលក្នុងនោះមានបុរសម្នាក់អាយុ ៤៣ ឆ្នាំ និងនិស្សិតអាយុ ១៤ ឆ្នាំម្នាក់បានមកដល់ប្រទេសថៃនៅថ្ងៃទី ១ ខែកញ្ញា និងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងទីក្រុងបាងកក ហើយធ្វើតេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី ១ ខែកញ្ញា។
អ្នកជំងឺថ្មីទី ៧ គឺជាបុគ្គលិកក្រុមហ៊ុនជនជាតិបង់ក្លាដែសម្នាក់ មានអាយុ ២៤ ឆ្នាំ បានមកដល់ប្រទេសថៃនៅថ្ងៃទី ២ ខែកញ្ញា ត្រូវដាក់ឱ្យនៅដាច់ដោយឡែកក្នុងទីក្រុងបាងកកនិងបានធ្វើតេស្តវិជ្ជមានកូវីដ១៩នៅថ្ងៃទី ៣ ខែកញ្ញា។
បច្ចុប្បន្នប្រទេសថៃមានអ្នកជំងឺកូវីដ១៩សរុបចំនួន ៣ ៤៣៨ នាក់ ដែលមានអ្នកជាសះស្បើយចំនួន ៣ ២៧៩ នាក់ និងបន្សល់ទុកអ្នកជំងឺចំនួន ១០១ នាក់កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ រីឯអ្នកស្លាប់នៅរក្សាចំនួន ៥៨ នាក់ដដែល។
មជ្ឈមណ្ឌល CCSA បានមានបញ្ជាក់ថា នៅទូទាំងពិភពលោកមានអ្នកឆ្លងមេរោគកូវីដ១៩សរុបចំនួន ២៦.៧៨ លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ៨៧៨ ៧៦៥ នាក់។ សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនជាងគេគឺ ៦.៤ លាននាក់ ហើយប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់ទី ២ មានអ្នកឆ្លងសរុបចំនួន ៤.១ លាននាក់ និងប្រទេសឥណ្ឌាស្ថិតនៅលំដាប់ទី ៣ ដែលមានអ្នកឆ្លងសរុបចំនួន ៤ លាននាក់។ ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ១២១ ក្នុងចំណោមប្រទេសដែលឆ្លងមេរោគកូវីដ១៩នៅទូទាំងពិភពលោក៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ bangkok post