អ្នកសារព័ត៌មានក្នុងស្រុកនិងបុគ្គលិកពេទ្យបានឃើញលោកយាយឈ្មោះ Nuchan Malaikham អាយុ ៧៣ ឆ្នាំកាលពីម្សិលមិញកំពុងសុំទាននៅម្តុំស្តុប Photisarn ដោយមានហូរឈាមចេញពីស្នាមរបួសនៅលើជើងទាំងពីររបស់គាត់។
លោកយាយបាននិយាយប្រាប់អ្នកសារព័ត៌មានថា របួសរបស់គាត់បណ្តាលមកពីជំងឺទឹកនោមផ្អែម ហើយគាត់បង្ខំចិត្តកាត់ម្រាមជើងដោយខ្លួនឯងព្រោះគ្មានថវិកាទៅមន្ទីរពេទ្យ។ លោកយាយបន្តថា ការព្យាបាលជំងឺទឹកនោមផ្អែមត្រូវតែមានការយល់ព្រមពីសាច់ញាតិប៉ុន្តែគ្មានកូនណាម្នាក់មកចុះហត្ថលេខាលើឯកសារព្យាបាល និងនាំគាត់ទៅមន្ទីរពេទ្យនោះទេ ហើយវាពិតជាឈឺចាប់និងមិនអាចទ្រាំបាននោះទេ ជាពិសេសរបួសនៅត្រង់កន្លែងដែលលោកយាយកាត់ម្រាមជើងដោយខ្លួនឯង។ លោកយាយមានកូនចំនួន ៤ នាក់ដែលបច្ចុប្បន្នបានចាកចេញពីទីក្រុង Pattaya ដើម្បីរកការងារធ្វើនៅកន្លែងផ្សេងៗគ្នាបន្ទាប់ពីត្រូវគេបញ្ឈប់ពីការងារព្រោះវិបត្តិកូវីដ១៩។ ថ្មីៗនេះកូនម្នាក់របស់លោកយាយត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់គ្រឿងញៀនហើយបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ។
បច្ចុប្បន្ននេះលោកយាយរស់នៅក្នុងផ្ទះមួយដែលគេបោះបង់ចោលជាមួយកូនប្រសារពីរនាក់ តែពួកគេឈប់ឱ្យប្រាក់ទៅលោកយាយហើយ ព្រោះមានបញ្ហាសេដ្ឋកិច្ច។ ដូចនេះលោកយាយគ្មានជម្រើសអ្វីក្រៅពីដើរសុំទានដើម្បីរស់រានមានជីវិតបន្តនោះទេ។ អ្នកសង្គ្រោះស្ម័គ្រចិត្តឈ្មោះ Wachirawit Kaenpirom អាយុ ២៣ ឆ្នាំ ភេទប្រុស បានយកម្ហូបនិងគ្រឿងឧបភោគបរិភោគមកឱ្យលោកយាយដើម្បីបំបាត់ភាពអត់ឃ្លាន ព្រមទាំងបានលាងសម្អាតរបួសរបស់លោកយាយរាល់ថ្ងៃផងដែរចៀសវាងការឆ្លងមេរោគផ្សេងៗ។
លោកយាយបាននិយាយថា «ខ្ញុំសូមថ្លែងអំណរគុណចំពោះជំនួយរបស់អ្នកស្ម័គ្រចិត្ត ដែលធ្វើឱ្យខ្ញុំអាចរស់នៅជាបន្តទៀត។ ចំពោះការព្យាបាលជំងឺទឹកនោមផ្អែម ខ្ញុំនឹងមិនខកខានការណាត់ជួបគ្រូពេទ្យទេ ហើយខ្ញុំព្យាយាមលេបថ្នាំឱ្យបានត្រឹមត្រូវនិងទៀតទាត់តាមវេជ្ជបញ្ជា»។
រឿងរ៉ាវរបស់លោកយាយខាងលើគ្រាន់តែជារឿងមួយក្នុងចំណោមចំនួនប្រជាជនដែលគ្មានផ្ទះសម្បែងនិងអស់សង្ឃឹមនៅក្រុង Pattaya ផ្សេងទៀត ដែលរងផលប៉ះពាល់ដោយសារមេរោគកូវីដ១៩៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news