រាជធានីភ្នំពេញ ៖ យោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញជម្រាបជូន លោក មាន ព្រហ្មមុនី លោក ថា ឡាវី និងកញ្ញា អេង ម៉ាឡៃ តំណាងអ្នកដឹកនាំចូលរួមធ្វើបាតុកម្មបានអោយដឹងថា ចំពោះការធ្វើបាតុកម្ម ដោយអហិង្សាក្នុងគោលបំណង ដើម្បីទាមទារតវ៉ារកយុត្តិធម៌សង្គមរយៈពេល០៩ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ចាប់ពីម៉ោង០៨និង០០នាទីដល់ម៉ោង ១៨និង០០នាទី នៅទីលានប្រជាធិបតេយ្យរបស់លោក លោកស្រីនោះរដ្ឋបាលរាជធានីភ្នំពេញ ពុំអនុញ្ញាតជូនទេ ។
លិខិតនោះ បានបញ្ជាក់ថា មូលហេតុដែលមិនអនុញ្ញាតដោយសារ ៖ ១- លោក លោកស្រីមិនអាចកំណត់សមាសភាព និងចំនួនអ្នកចូលរួមបានច្បាស់លាស់ ដែលការធ្វើបាតុកម្មនេះនឹងអាចបង្កគ្រោះថ្នាក់ណាមួយ ឬនឹងអាចប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ (មាត្រា១១ នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយ សន្តិវិធី) ។
២- លោក លោកស្រីបានធ្វើការអំពាវនាវតាមបណ្តាញសង្គមផេកឈ្មោះ ពលរដ្ឋសកម្ម ដែល ខ្លឹមសារមានចរិតបំផុស ញុះញង់ឱ្យប្រឆាំងជាមួយនឹងដំណើរការនីតិវិធីតុលាការ ។
ក្នុងករណីលោក លោកស្រីមិនគោរពតាមស្មារតីកិច្ចប្រជុំ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ កាលពី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ លោក លោកស្រីត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន។ អាស្រ័យហេតុនេះ សូម លោក លោកស្រី ជ្រាប និងចូលរួមអនុវត្តតាមខ្លឹមសារខាងលើ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព