រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានក្រវាត់កាបូប១នៅនឹងចង្កេះ រួចជិះម៉ូតូ១គ្រឿងតែម្នាក់ឯង នៅតាមដងផ្លូវ ស្រាប់តែមានជនសង្ស័យ១ក្រុមជិះម៉ូតូ២គ្រឿងដេញតាមពីក្រោយ លុះពេលទៅដល់ទន្ទឹមគ្នាជនសង្ស័យក៏បានឆក់កាបូបពីចង្កេះដែលមានលុយ និងគ្រឿងអលង្ការនៅក្នុងនោះសរុបជាង១០លានរៀល ហើយបានគេចខ្លួនបាត់ដោយសុវត្ថិភាព ។
ដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ នៅក្បែរវិមានសព(ទីលានបញ្ចុះសពយុទ្ធជនវៀតណាម) តាមផ្លូវបេតុងចូលផ្សារព្រៃទា ស្ថិតនៅក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះខាងលើបានសុំមិនបញ្ចេញឈ្មោះគាត់ឡើយ ហើយគាត់បាននិយាយថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាកហុងដាស្កូបពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GV 2361 មួយគ្រឿង ធ្វើដំណើរតាមផ្លូវបេតុងខាងលើដោយក្រវាត់កាបូបលុយ និងគ្រឿងអលង្ការនោះ នៅជាប់នឹងចង្កេះ ។
លុះពេលទៅជិតដល់ផ្ទះទៅហើយ ស្រាប់តែមានជនសង្ស័យ១ក្រុមជិះម៉ូតូ២គ្រឿងដេញតាមហើយពេលទៅដល់ទន្ទឹមក៏ធ្វើសកម្មភាពឆក់កាបូបពីចង្កេះរបស់គាត់បានសម្រេច រួចជិះម៉ូតូគេចខ្លួន ហើយភ្លាមៗនោះគាត់បានស្រែកឲ្យគេឯងជួយដែរ តែមិនមានអ្នកណាហ៊ានដេញតាមចោរនោះទេ ចោរបានគេចខ្លួនទៅបាត់ដោយសុវត្ថិភាពអស់ ។
ស្ត្រីរូបនេះបានបញ្ជាក់ថា នៅក្នុងកាបូបក្រវាត់ចង្កេះរបស់គាត់ដែលត្រូវក្រុមចោរឆក់យកទៅបាត់នោះ មានលុយជិត១០លានរៀល និងខ្សែកផ្លាទីនមួយខ្សែ ទូរស័ព្ទដៃ២គ្រឿង ព្រមទាំងឯកសារមួយចំនួនទៀតផងដែរ ដែលគិតជា ទឹកប្រាក់សរុបជាង១០លានរៀល ។
ក្រោយពេលកើតហេតុគាត់បានទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ប៉ុន្តែពេលទៅដល់ត្រូវបាននគរបាលប្រាប់ឲ្យត្រឡប់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២វិញ ព្រោះទីតាំងកន្លែងកើតហេតុ គឺស្ថិតនៅក្នុងសង្កាត់កសកាបទី២ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព