មន្ត្រីកូរ៉េខាងជើងជាច្រើន ប្រឈមទណ្ឌកម្មធ្ងន់ធ្ងរ ដោយសារអសមត្ថភាពទប់ស្កាត់មហន្តរាយអំឡុងព្យុះវាយប្រហារ
មន្ត្រីបក្សកាន់អំណាចកូរ៉េខាងជើង បានអំពាវនាវ ដាក់ទោសឲ្យធ្ងន់ធ្ងរចំពោះមន្ត្រីមួយចំនួន ដែលធ្វេសប្រហែស អសមត្ថភាពធ្វើតាមបទបញ្ជា បង្កមហន្តរាយស្លាប់ និងរបួសពលរដ្ឋស្លាប់ អំឡុងពេលកូរ៉េខាងជើង ត្រូវព្យុះទីហ្វុងវាយប្រហារកាលពីសប្តាហ៍មុន។
យោងតាមការចេញផ្សាយលើកញ្ចក់ទូរទស្សន៍រដ្ឋកូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ ប្រទេសឯកោកូរ៉េខាងជើង បានរងគ្រោះយ៉ាងធ្ងន់ធ្ងរពីការវាយប្រហារដោយព្យុះទីហ្វុង បង្កជាទឹកជំនន់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាយជាកំណត់ត្រាគ្រោះមហន្តរាយធម្មជាតិធ្ងន់ធ្ងរមិនធ្លាប់មានពីមុន។
កាសែត Rodong Sinmun ដែលជាប្រព័ន្ធផ្សព្វផ្សាយផ្លូវការបក្សពលករកូរ៉េ បានរាយការណ៍ថា ទីក្រុង Wonsan ស្ថិតនៅតំបន់ឆ្នេរភាគខាងកើត គឺរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារមន្ត្រីនៅទីនោះ មិនបានអនុវត្តវិធានការការពារអគារ និងជម្លៀសពលរដ្ឋ ណែនាំដោយរដ្ឋាភិបាល ពិសេសប្រមុខរដ្ឋ គីម ជុងអ៊ុន ឲ្យមានប្រសិទ្ធភាព បណ្តាលឲ្យពលរដ្ឋរបួស និងស្លាប់ក្នុងហេតុការណ៍គ្រោះធម្មជាតិនេះ ធ្ងន់ធ្ងរមិនធ្លាប់មានពីមុន។
ក្នុងកិច្ចប្រជុំបក្សកាលពីថ្ងៃពុធកន្លងទៅ មន្ត្រីជាន់ខ្ពស់ជាច្រើន វាយតម្លៃទៅនឹងមហន្តរាយ និងស្នើឲ្យរដ្ឋាភិបាលព្យុងយ៉ាងចាត់វិធានការបន្ទាន់ទៅលើមន្ត្រីអសមត្ថភាព ពួកគេប្រព្រឹត្តខុស ត្រូវទទួលទោសតាមច្បាប់។ នេះបើតាមសំណេរនៅលើកាសែត Rodong Sinmun។
បើសិនជារដ្ឋាភិបាលព្យុងយ៉ាង កំណត់ការដាក់ទោសតាមច្បាប់លើមន្ត្រីទាំងនោះមែន ពួកគេអាចប្រឈមទោសយ៉ាងធ្ងន់ធ្ងរ និងឈាមដល់ប្រហារជីវិតទៀតផង៕ ដោយ៖ ត្នោត