គេមិនដូចយើងទេ… គេយល់តែចិត្តគេ គ្មានអ្នកណាមកយល់ពីចិត្តយើងច្បាស់ជាងខ្លួនយើងនោះទេ។ ដូច្នេះកុំអាក់អន់ចិត្ត កុំគិតរឿងដែលមិនល្អ ព្រោះវាមិននាំអ្វីដែលចម្រើនដល់យើងទេ…
ត្រូវដឹង! គេខុសពីយើង កុំចង់ឱ្យគេដូចជាយើង កុំមិនពេញចិត្តអ្វីដែលគេបានធ្វើ កុុំឱ្យទង្វើគេប៉ះពាល់ដល់អារម្មណ៍ខ្លួនឯង ត្រូវរៀនទទួលស្គាល់ការពិតទើបចិត្តបានធូរស្បើយ។ កុំបន្ថែមសម្ពាធឱ្យចិត្ត កុំស្មុគជាមួយនឹងបញ្ហាដែលអត់ប្រយោជន៍ ក៏កុំសូវខ្វល់ខ្វាយនឹងពាក្យសម្តីរបស់គេច្រើនពេក កុំយកសម្តីឥតន័យរបស់គេមកដាក់ក្នុងចិត្តឱ្យសោះ! ធ្វើចិត្តឱ្យសប្បាយ ដាស់តឿនខ្លួនឯងឡើងទើបអ្នកមិនពិបាកចិត្ត។
ត្រូវរៀនអប់រំចិត្តដោយខ្លួនឯង ព្រោះគ្មានអ្នកណាមកជួយយើងបានក្រៅពីខ្លួនយើងនោះទេ។ ចូរគិតតែអ្វីដែលល្អៗ កុំរំលឹករឿងសៅហ្មងដែលកន្លងហួស កុំយកចិត្តទៅបៀតនឹងទុក្ខច្រើនពេក វាគ្មានបានអីមកវិញទេ ក្រៅពីធ្វើឱ្យអ្នកមិនសប្បាយចិត្ត ថែមទាំងអាចនាំឱ្យកើតជំងឺបាក់ទឹកចិត្តថែមទៀតផង។ រឿងខ្លះបើស្ពាយវាធ្ងន់ហើយក៏ដាក់វាចុះខ្លះទៅ កុំយកស្ពាយជាប់ខ្លួនច្រើនពេក ប្រយ័ត្នធ្ងន់ស្លាប់ដោយមិនដឹងខ្លួន។
ដូច្នេះបើអ្នកមិនចង់ខ្វល់ចិត្ត ចូរបោះចោលរឿងដែលមិនសមគិត នឹកតែរឿងល្អៗ ទើបជីវិតអ្នកបានប្រសើរ៕
អត្ថបទ៖ ដែន