Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្រះសង្ឃអំពាវនាវ ឲ្យមានការប្រុងប្រយ័ត្នអំឡុងពេលភ្ជុំបិណ្ឌ ព្រោះឃើញពុទ្ធបរិស័ទ មួយចំនួននៅមិនខ្វាយខ្វល់

ពុទ្ធបរិស័ទ បានបង្ហាញពីជំនឿចិត្តខ្លាំង​ ទៅលើចំណាត់ការសុវត្ថិភាព របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅតាមទីវត្តអារាម ប៉ុន្តែបើតាមព្រះគ្រូចៅអធិការវត្តមួយចំនួន នៅតែធ្វើការផ្សព្វផ្សាយពីបញ្ហាការពារកូវីដ១៩ ព្រមទាំងអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តនូវវិធានការអនាម័យទាំងអស់គ្នា។

ពុទ្ធបរិស័ទជាច្រើននាក់ សុទ្ធតែបានលើកឡើងដូចៗគ្នាថា ពួកគេមិនសូវមានការព្រួយបារម្ភ ភ័យខ្លាចឆ្លងកូវីដ១៩ ប៉ុន្មានទេ ព្រោះថា អ្នកដែលអញ្ជើញមកកាន់ទីវត្តអារាមនៅថ្ងៃនេះ គឺសុទ្ធសឹងតែជាជនជាតិខ្មែរ ដែលរស់នៅក្នុងប្រទេស​កម្ពុជា ហើយអ្វីដែលពួកគេបារម្ភខ្លាចខ្លាំងបំផុងនោះ គឺជនជាតិបរទេសដែលចូលមកពីប្រទេសផ្សេងៗ។

ស្រ្តីវ័យចំណាស់ម្នាក់ គួរ ស៊ីអេង អាយុ៧៦ឆ្នាំ បានយកចង្ហាន់មកប្រគេនព្រះសង្ឃ ក្នុងថ្ងៃកាន់បិណ្ឌទី២។ អ្នកស្រីគួរ ស៊ីអេ បានឱ្យដឹងថា គាត់មិនសូវបារម្ភខ្លាចឆ្លងកូវីដប៉ុន្មានទេ ព្រោះគាត់មានជំនឿចិត្ត ទៅលើការព្យា​បាលអ្នកជំងឺ និងវិធានការការពាររបស់ក្រសួងសុខាភិបាល។ ”ពួកខ្ញុំអង្គុយជុំគ្នាមែន ប៉ុន្តែទាំងនេះ សុទ្ធតែជាក្រុមគ្រួសាររបស់យើងខ្ញុំ”។

ស្រ្តីម្នាក់ទៀតឈ្មោះ ធានី អាយុ៥៩ឆ្នាំ កំពុងអង្គុយចាំស្តាប់ធម៌នៅសាលាឆាន់ ទាំងទឹកមុខរីករាយ។ អ្នកស្រីបានឱ្យដឹងថា តាមប្រពៃណីខ្មែរគឺ១ឆ្នាំមានម្តង ដូច្នេះត្រូវយកចង្ហាន់និងទេយ្យទានមកប្រគេនព្រះសង្ឃ ដើម្បីឧទិសកុសល ដល់សាច់ញាតិដែលបានស្លាប់ទៅ។ “ខ្ញុំសូមអំពាវនាវដល់ពុទ្ធបរស័ទនិងបងប្អូនទាំងអស់ សូមមេត្តាមកចូលរួមធ្វើបុណ្យតាមប្រពៃណីខ្មែរ ហើយកុំខ្លាចខ្លាំងពេក នៅស្រុកខ្មែរវាមិនដូចស្រុកគេនោះទេ គឺមានការការពារបានល្អណាស់ ដូច្នេះសូមកុំព្រួយបារម្ភពេក”។

ស្រ្តីម្នាក់ទៀត ពង យ៉ែម អាយុ៥៨ឆ្នាំ បានឱ្យដឹងថា នេះជាបុណ្យប្រពៃណី ដូច្នេះត្រូវតែមកកាន់ទីវត្តអារាម ដើម្បីយកចង្ហាន់មកប្រគេនដល់ព្រះសង្ឃ សម្រាប់វេនរបស់ខ្លួន។” មនុស្សមកកាន់វត្ត ត្រូវបានថយស្ទើរពាក់កណ្តាល ដោយសារគេខ្លាចនូវជំងឺនេះ។ “ខ្ញុំមិនសូវភ័យខ្លាចអីនោះទេ ដូច្នេះទើបមិនប្រើម៉ាស់។ ស្រុកខ្មែរវាមិនងាយឆ្លងដូចនៅស្រុកគេឡើយ ហើយស្រុកខ្មែរ មានការប្រុងប្រយ័ត្នច្រើន”។

ជុំវិញរឿងនេះ ព្រះគ្រូចៅអធិការវត្តបានទទួលស្គាល់ថា ពុទ្ធបរិស័ទមួយចំនួនធំ ពិតជាមិនបានពាក់ម៉ាស់ចូលក្នុងវត្តមែន ហើយព្រះតេគុណ ក៏មិនអាចបង្ខំឱ្យមនុស្សរាប់រយនាក់ ដែលបានចូលមកកាន់​ទីវត្តពាក់ម៉ាស់បានដែរ ប៉ុន្តែព្រះអង្គនៅតែធ្វើការផ្សព្វផ្សាយ ឱ្យពុទ្ធបរិស័កគោរព តាមវិធានអនាម័យ របស់ក្រសួងសុខាភិបាល។

ព្រះមុនីវង្សា វ៉ែ ណេង ព្រះគ្រូចៅអធិការវត្តឃ្មួញ បានមានព្រះថេរដីកាថា ដោយសារតែសាលាឆាន់ មានទីឃ្លាចង្អៀត ហើយវត្តមានលោកគង់នៅច្រើន ដូច្នេះមិនទាន់អាចរក្សាគម្លាតកន្លែងឆាន់ របស់ព្រះសង្ឃបានឡើយ។ “ពុទ្ធបរិស័កចេះការពារខ្លួនឯងល្អណាស់ ព្រោះមិនត្រឹមតែមានម៉ាស់ និងយកអាកុលដាក់តាមរថយន្តនោះទេ ថែមទាំងយកមកប្រគេនអាត្មាផងដែរ”។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចព្រះសង្ឈនាយក បានចេញសារជាវិដេអូ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ប្រពៃណីជាតិ​ ខ្មែរ​ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១រោចដល់១៥រោច ខែភទ្រ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃ​ទី ៣​-១៨ ខែកញ្ញា ឆ្នាំ២០២០នេះ។ ក្រសួងសុខាភិបាល បានណែនាំ​គ្រប់ស្ថាប័ន​ទាំង​អស់ទូទាំងកម្ពុជា ឱ្យប្រុងប្រយ័ត្នការពារខ្លួន ពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ នាឱកាសបុណ្យជាតិ​ខាងលើ​នេះ៕ ដោយ៖ ឃួន លក្ខិណា

from: https://tnaot.com/km/m/detail/article/9660362