ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៦នាក់ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនខណៈប្រើប្រាស់ឧបករណ៍ឆក់ត្រីល្មើសច្បាប់ប្រព្រឹត្តនៅចំណុចអូរនាងខ្មៅ ព្រំប្រទល់កម្ពុជា-ឡាវ ស្ថិតក្នុងភូមិសាស្ត្រភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។
លោក ទុំ នីរ៉ូ នាយខណ្ឌជលផលបានបញ្ជាក់ប្រាប់ កោះសន្តិភាពអោយដឹងថា ក្រុមជនសង្ស័យក្នុងសកម្មភាពប្រព្រឹត្តបទល្មើសមានបក្ខពួកចំនួន៦នាក់ត្រូវឆ្មាំទន្លេអភិរក្សសត្វផ្សោតព្រះរំកិល សហការជាមួយវរៈសេនាតូចការពារព្រំដែនលេខ ៧០១ ចាប់ខ្លួនបានចំនួនពីរនាក់ ក្នុងនោះមានជនជាតិឡាវម្នាក់ និងបានគេចខ្លួន៤នាក់។
លោកបន្តថា ក្រុមជនសង្ស័យត្រូវបង្ក្រាបនៅចំនុចអូរនាងខ្មៅ ចន្លោះបង្គោលព្រំសីមាលេខ២៩-៣០ ព្រំប្រទល់កម្ពុជា-ឡាវ ស្ថិតក្នុងភូមិសាស្ត្រភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ។
ជនសង្ស័យទាំង២នាក់ខាងលើ ក្នុងនោះម្នាក់ឈ្មោះ សាន់ សិទ្ធិ ភេទប្រុស អាយុ២៨ឆ្នាំ ជន
ជាតិខ្មែរ ទីលំនៅភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងនិងម្នាក់ទៀតឈ្មោះ អួន ភុធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឡាវ ទីលំនៅនៅខេត្តសារ៉ាវ៉ាន់ ប្រទេសឡាវ ។ ដោយឡែកវត្ថុតាងដែលបានដកហូត រួមមាន ក្បាលឆក់ប្រភេទក្តៅនិងត្រជាក់ កម្លាំង៣១៨០០០អំពែចំនួន១គ្រឿង អាគុយ៧០ A ចំនួន១គ្រឿង ដងឆក់ត្រី ចំនួន១គ្រឿង ខ្សែកាបឆក់ត្រី ប្រវែង១,៥ ម៉ែត្រ ទូកស្មាច់ប្រវែង៥,៩ម៉ែត្រ រួមទាំងម៉ាស៊ីនកម្លាំង២០សេស ចំនួន១គ្រឿង ត្រីចម្រុះចំនួន២០គីឡូក្រាម។
ក្រោយការចាប់ខ្លួនក្រុមជនសង្ស័យរួច កម្លាំងសហការខាងលើបានបញ្ជូនមកខណ្ឌរដ្ឋបាលជលផលសាកសួរបន្ថែមនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី៤កញ្ញា២០២០និងបន្តបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារនៅរសៀលថ្ងៃដដែលនេះដែរ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព