អ្នកជំនាញណែនាំ «វិធីខ្លីៗ៤យ៉ាង» ជាវិថីឆ្ពោះទៅការកសាងទ្រព្យសម្បត្តិលុយហូរហៀរ
រាជធានីភ្នំពេញ ៖ នៅពេលនិយាយដល់បញ្ហាលុយ មនុស្សភាគច្រើនតែងតែលើកឡើងថា «តើធ្វើម៉េចក្លាយជាអ្នកមាន? » ឬខ្លះទៀតក៏ពោលថា «ធ្វើអី ឬរកស៊ីអី ដើម្បីបានលុយច្រើច្រើនៗ» ខណៈបងប្អូនខ្លះទៀតបាននិយាយថា «មានលុយ គឺមានគ្រប់យ៉ាង» ។
តែបងប្អូនខ្លះទៀតក៏ប្រាកដណាស់ ជុំវិញបញ្ហានេះអ្នកជំនាញខាងផ្នែកហិរញ្ញវត្ថុ និងជាអ្នកជំនាញខាងអចលទ្រព្យផងនោះលោក ង៉ែត ជូ បានលើកឡើងថា មានវិធីសំខាន់៤យ៉ាង ដែលជាវិថីឆ្ពោះទៅការកសាងទ្រព្យសម្បត្តិ បានអ្វីដែលអ្នកចង់បាន ។ លោកបានលាតត្រដាងនូវ «វិធីខ្លីៗ៤យ៉ាង» នោះគឺ ៖ ១ – ផ្លាស់ប្តូរគំនិតអវិជ្ជមានអំពីលុយដោយងាកមកគិតវិជ្ជមានដូចអ្វីដែលអ្នកមានគិត ៖ ដូចជា គិតថាថ្ងៃនេះខ្ញុំអត់លុយមែន ប៉ុន្តែ១០ឆ្នាំទៀតខ្ញុំប្រាកដជាមានលុយច្រើន ។
ភាពមានបានមិនមែនជាព្រេងវាសនាទេ ប៉ុន្តែ គឺជាការប្រឹងប្រែងដោយភាពវាងវៃ និង យល់ពីឱកាស ។ ២ – សងផ្តាច់នូវបំណុលអាក្រក់ដូចជា ការបង់រំលស់របស់របរប្រើប្រាស់ដែលមិនចាំបាច់ ។ល។ ព្រោះថា «បំណុលទាំងនេះមានការប្រាក់ខ្ពស់ ហើយរបស់របរដែលទិញបង់រំលស់ដូចជា ទូរស័ព្ទ រថយន្ត និងគ្រឿងអេឡិចត្រូនិក នានាមានការធ្លាក់តម្លៃលឿនណាស់» ។
៣- ប្តូរឥរិយាបទក្នុងការប្រើប្រាស់លុយអោយមានប្រសិទ្ធិភាព ៖ ពោល គឺលុយដែលរកបានត្រូវបែងចែកជាពីរគត់ គឺជាគ្រាប់បាយ និងគ្រាប់ពូជ ។ គ្រាប់បាយមានន័យថា ចាយតែអ្វីដែលចាំបាច់ដូចមនុស្សត្រូវការហូបបាយ ដើម្បីរស់ ។ រីឯគ្រាប់ពូជ គឺយកទៅវិនិយោគដើម្បីបង្កើតលុយ ។
បើលុយដែលរកបានច្រើនបំផុត៤០%ជាគ្រាប់បាយ និង៦០%ទៀតជាគ្រាប់ពូជ នោះអ្នកក្រមិនយូរទេ ។ ៤- យកលុយដែលគ្រាប់ពូជទៅបង្កើតជាផលចំណេញតាមរយៈការវិនិយោគលើភាគហ៊ុន (Stocks) ការវិនិយោគលើអចលនទ្រព្យ ការវិនិយោគលើក្រុមហ៊ុនគ្រប់គ្រងមូលនិធិរួមគ្នា (Fund Management Company) ៕
ផ្តល់សិទ្ធដោយ៖កោះសន្តិភាព