ខេត្តស្ទឹងត្រែង ៖ ជនជាប់ចោទដែលជំរិតទារលុយ១០លានរៀលពីស្រីស្នេហ៍ជាថ្នូរនឹងការមិនបញ្ចេញរូបភាពអាសអាភាសជាសាធារណៈឱ្យផ្អើលហ្វេសប៊ុកនោះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង សម្រេចចោទប្រកាន់ជនជាប់ចោទរូបនេះ ដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ ការគំរាមកំហែងហែកកេរ្តិ៍ ដែលប្រព្រឹត្តនៅភូមិស្រែពោធិ៍ សង្កាត់ស្រះ ឫស្សី ក្រុងស្ទឹងត្រែង កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០។
ការសម្រេចចោទប្រកាន់នេះ គឺតាមមាត្រា៣២៧ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។ មាត្រានេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀលទៅ១០លានរៀលផងដែរ។
ជនជាប់ចោទខាងលើឈ្មោះចាន់ ភ័ត្រា ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតភូមិក្រោ ម ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ បច្ចុប្បន្នរស់នៅភូមិលើ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់។
ជនជាប់ចោទត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឃាត់ខ្លួននៅល្ងាចថ្ងៃទី១ កញ្ញា ២០២០ នៅត្រើយខាងកើតស្ពានសេកុង សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខណៈណាត់ឱ្យនារីដៃគូយកលុយចំនួន១០លានរៀល ប្រគល់ឱ្យខ្លួនជាថ្នូរនឹងការមិនបញ្ចេញរូបភាអាសអាភាសលើបណ្តាញសង្គមហ្វេសប៊ុក។
ក្រោយការឃាត់ខ្លួនជនសង្ស័យ កម្លាំងនគរបាលបានធ្វើការសាកសួរ ហើយជនសង្ស័យក៏បានសារភាពនូវទោសកំហុស និងបានគំរាមគំហែងដូចការចោទប្រកាន់ខាងលើនោះមែន។ បន្ទាប់មកសមត្ថកិច្ចបានធ្វើកំណត់ហេតុបញ្ជូនទៅសាលាដំបូងដើម្បីបន្តនីតិវិធី។
សាលាដំបូងស្ថិតក្រោមការស៊ើបសួរដោយលោក អួង វុទ្ធា ចៅក្រមស៊ើបសួរនៃសាលាដំបូងសាលាដំបូងបានសម្រេចចោទប្រកាន់ជនត្រូវចោទឈ្មោះ ចាន់ ភ័ត្រា ពីបទ គំរាមកំហែងហែកកេរ្តិ៍ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា៣២៧ និងបញ្ញាត្តិ ឱ្យផ្តន្ទាទោសតាមមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។ មាត្រានេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១០លានរៀលផងដែរ។
បច្ចុប្បន្នជនជាប់ចោទខាងលើនេះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារតាមដីការបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន លេខ៥៤៦ /២០ ហើយ។ផ្តល់សិទ្ធដោយ៖កោះសន្តិភាព