ខេត្តបាត់ដំបង ៖ មនុស្សរាប់រយនាក់ដែលមិនមែនជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានលើកគ្នាទៅលួចបោះបង្គោលព្រំ ចាប់យកដីសាធារណៈរបស់រដ្ឋយ៉ាងអនាធិបតេយ្យ នៅក្នុងតំបន់«ការពារធម្មជាតិនៃដែនជម្រកសត្វព្រៃភ្នំសំកុស» ត្រង់ចំណុចភូមិវាលរលឹម ឃុំកំពង់ស្ពៅ ស្រុកសំឡូត ដែលមានមន្ត្រីខ្លះជាមេខ្លោងនៅពីក្រោយខ្នង នៃសកម្មភាពរំលោភបំពានយកដីរដ្ឋនេះ ។ នេះបើតាមលោកកត បូរាណ ប្រធានមន្ទីរបរិស្ថានខេត្ត បានថ្លែងប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី០៤ កញ្ញា ខណៈកម្លាំងរបស់លោកកំពុងប្រឈមមុខយ៉ាងតឹងតែង ជាមួយក្រុមអាណាធិបតេយ្យនៅកន្លែងកើតហេតុ។
លោកកត បូរាណ បានថ្លែងថា សកម្មភាពក្រុមមនុស្ស ដែលគេមិនសូវស្គាល់អត្តសញ្ញាណប្រហែលជាង១០០នាក់បានលើកគ្នាទៅបោះបង្គោលព្រំ ចាប់យកដីរដ្ឋនៅតំបន់ «ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃភ្នំសំកុស» ត្រង់ចំណុចខាងលើនេះ បានកើតឡើងជិត១ខែកន្លងមកហើយ។ លោកប្រាប់ថា ក្រុមនេះ មិនមែនជាអ្នករស់នៅក្នុងទឹកដីឃុំកំពង់ល្ពៅទេ។ ប៉ុន្តែពួកគេបាននាំគ្នាទៅបោះបង្គោលចាប់យកដីរដ្ឋ ដែលមានមន្ត្រីខិលខូចមួយចំនួននៅក្នុងស្រុកនេះ ជាមេខ្លោងនៅពីក្រោយខ្នង និងបានបំផុសបំផុតឲ្យមានសកម្មភាពនេះឡើង។ ភាគច្រើនពួកគេបាននាំគ្នាលួចបោះបង្គោលព្រំនៅពេលយប់។
ប្រធានបរិស្ថានរូបនេះបានបញ្ជាក់ថា មន្ត្រីរបស់លោកបានព្យាយាមទប់ស្កាត់ និងបានដើរដកបង្គោលទាំងនោះចោល តែហាក់មិនអាចទប់ទល់បានឡើយ រហូតលោកបង្ខំចិត្តបញ្ជាឲ្យមន្ត្រីរបស់លោក ចូលទៅបោះតង់យាមនៅលើដីនោះតែម្ដង។ ប៉ុន្តែនៅព្រឹកថ្ងៃទី០៤ កញ្ញា នេះ ស្រាប់តែមានក្រុមជនអនាធិបតេយ្យទាំងនោះ បានលើកគ្នាមកគំរាមកំហែង និងបង្ខំឲ្យមន្ត្រីលោកយកបង្គោលទៅដាំឲ្យពួកគេវិញ ដោយពួកគេអះអាងថា «ដីតំបន់នោះ ជាដីរបស់ពួកគេកាន់កាប់តាំងពីអំឡុងធ្វើសមាហរ័ណកម្ម » តែធាតុពិតជាដីតំបន់នោះ ជាដីសាធាររបស់រដ្ឋ នៅក្នុងតំបន់« ការពារធម្មជាតិ នៃដែនជម្រកសត្វព្រៃភ្នំសំកុស» ដែលបច្ចុប្បន្នជាដីព្រៃ គ្មានលំនៅឋានឬដំណាំអ្វីឡើយ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ ដែលកោះសន្តិភាពទទួលបាននៅព្រឹកថ្ងៃទី០៤ កញ្ញា នេះ បានឲ្យដឹងថា ដីរបស់រដ្ឋដែលមនុស្សរាប់សិបនាក់ កំពុងដណ្ដើមគ្នាបោះបង្គោលព្រំវាទយកធ្វើជាកម្មសិទ្ធិនោះ គឺស្ថិតនៅចំណុចដែលលោក កោ ស៊ុនកាំង អធិការស្រុកសំឡូត ធ្លាប់បោះបង្គោលព្រំចាប់យកធ្វើជាដីកម្មសិទ្ធរបស់ខ្លួនកាលពីឆ្នាំមុន តែក្រោយមកត្រូវបាន លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានប្ដឹងទៅអគ្គស្នងការនគរបាលជាតិ ដើម្បីរឹបអូសយកមកវិញ។ ប្រភពបានបញ្ជាក់ថា ដោយសារតែមានអ្នកបំផុសបំផុលថា អាជ្ញាធរស្រុកសំឡូត បាននិងកំពុងធ្វើរបាយការណ៏ស្នើសុំរដ្ឋាភិបាល ដើម្បីកាត់ដីរដ្ឋមួយចំនួននៅតំបន់នោះឲ្យទៅពលរដ្ឋដែលធ្លាប់កាន់កាប់កន្លងមក។ ដូច្នេះទើបមានជនមួយចំនួនកេណ្ឌគ្នាដឹកបង្គោលយកទៅបោះធ្វើព្រំចាប់យកយ៉ាងអាណាធិបតេយ្យ។ ហើយនៅព្រឹកថ្ងៃទី០៤ កញ្ញានេះ គេឃើញក្រុមអ្នកចាប់យកដីរដ្ឋទាំងនោះ បាននាំគ្នាទៅគំរាមកំហែងក្រុមមន្ត្រីបរិស្ថានដែលបោះតង់យាមលើដីនោះ យ៉ាងចាស់ដៃ។
អភិបាលស្រុកសំឡូត លោក សើ សាម៉េត បានផ្ដល់បទសម្ភាសន៍ផ្ទាល់ ជាមួយកោះសន្តិភាព កាលពីពេលថ្មីៗកន្លងទៅនេះ ដោយលោកបាននិយាយអំពីការដាក់សំណើរទៅរដ្ឋាភិបាល ដើម្បីសុំកាត់ដីរបស់រដ្ឋមួយចំនួនប្រគល់ជូនពលរដ្ឋបានកាន់កាប់ស្របច្បាប់។ ប៉ុន្តែត្រង់ចំណុចនេះ លោកអភិបាលស្រុក បានបញ្ជាក់យ៉ាងច្បាស់ ដោយផ្ដោតសំខាន់ទៅលើ តែពលរដ្ឋទាំងឡាយណា ដែលបានកាន់កាប់អាស្រ័យផលលើដីរដ្ឋផ្ទាល់រហូតមកដល់សព្វថ្ងៃនេះ និងមានដំណាំដាំដុះជាច្រើនឆ្នាំកន្លងមក។ ពោល គឺមិនសំដៅទៅលើពលរដ្ឋទាំងឡាយណា ដែលអះអាងថា បានកាន់កាប់ដីរដ្ឋទាំងនោះដែរ តែជាក់ស្ដែង បែរជាគ្មានលំនៅឋាន ឬ គ្មានដំណាំ គឺមានតែព្រៃនោះទេ។
លោក សើ សាម៉េត បានថ្លែងប្រាប់កោះសន្តិភាព នាពេលនោះថា ប្រជាពលរដ្ឋដែលរស់នៅប៉ះពាល់លើដីរបស់រដ្ឋនៅក្នុងស្រុកសំឡូត ទាំងមូល មានចំនួនជាង ២,៧៥០គ្រួសារ ដែលពលរដ្ឋទាំងនេះមាននៅក្នុងឃុំតាតោក ឃុំកំពង់ល្ពៅ និង ឃុំសំឡូត។ ដោយឡែក ផ្ទៃដីដែលត្រូវស្នើសុំកាត់ពីរដ្ឋជូនដល់ពលរដ្ឋនៅក្នុងឃុំទាំង៣នេះ មានទំហំសរុបជាង ១១,២០០ហិចតា។ លោកអភិបាលស្រុក បានបញ្ជាក់ថា «ខ្ញុំបានដាក់សំណើរនេះ ជូនរាជរដ្ឋាភិបាលរួចហើយ ដើម្បីសុំធ្វើយ៉ាងណា បានពួកគាត់រស់នៅលើដីនេះដោយស្របច្បាប់ មានប្លង់រឹង ហើយសំណើរនេះ ខ្ញុំបានដាក់ទៅតាំងពីខែមករា ឆ្នាំ២០២០»។
ទំនងដោយសារតែផែនការសុំកាត់ដីជាង១ម៉ឺនហិកតា ចេញពីដីសាធារណៈរបស់រដ្ឋយកទៅប្រគល់ឲ្យពលរដ្ឋជាង២,៧៥០គ្រួសារ របស់រដ្ឋបាលស្រុកសំឡូត បែបនេះហើយ ទើបបង្កឲ្យមានមេខ្លោងបំផុសបំផុលតៗគ្នា ពីឃុំមួយ ទៅឃុំមួយ នាំគ្នាយកបង្គោលទៅបោះធ្វើព្រំដី វាស់ចែកគ្នាយ៉ាងអាណាធិបតេយ្យ នៅតំបន់ហាមឃាត់ខាងលើនេះ។ នេះបើតាមការលើកឡើងពីមន្ត្រីនានា នៅក្នុងស្រុកសំឡូត ដែលបានទម្លាយប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី០៤ កញ្ញានេះ។ ប្រភពដែលបានចុះទៅកាន់ទីតាំងដណ្ដើមដីគ្នានោះ បានប្រាប់កោះសន្តិភាពថា សមាសភាពអ្នកដែលទៅបោះបង្គោលព្រំចាប់យកដីរដ្ឋ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តនេះ គឺជាមនុស្ស ឬជាមន្ត្រី ដែលធ្លាប់មានប្រវត្តិអាស្រូវ គ្រប់សព្វនៅក្នុងស្រុកនេះ ហើយក៏មានសាច់ញាតិចូលរួមបន្ថែមទៀតផងដែរ។
ប្រភពដដែលបានបញ្ជាក់ថា ក្រុមអ្នកដណ្ដើមយកដីរដ្ឋទាំងនោះ ត្រូវបានស្គាល់មុខយ៉ាងច្បាស់ក្រឡែត គឺមួយចំនួនជាមន្ត្រីនគរបាលស្រុក មន្ត្រីយោធា និង ជាមន្ត្រីរដ្ឋបាលស្រុកសំឡូតតែម្ដង។ រីឯមួយចំនួនតូចជាពលរដ្ឋ តែពួកគេក៏ជាសាច់ញាតិមន្ត្រីខិលខូចលួចដីរដ្ឋទាំងនោះផងដែរ។ មន្ត្រីលោភលន់ទាំងនោះ បានព្យាយាមស្លៀកពាក់ស៊ីវិល បិទម៉ាស់មុខយ៉ាងជិត តែមិនអាចបន្លំភ្នែកអ្នកឃ្លាំមើលបានឡើយ ដែលជនមួយចំនួនរស់នៅក្នុងឃុំតាសាញ។
ពាក់ព័ន្ធនឹងសកម្មភាពជនអាណាធិបតេយ្យលើកគ្នាទៅរំលោភបំពានដីរដ្ឋខាងលើនេះ លោក កត បូរាណ ប្រធានមន្ទីរបរិស្ថានខេត្ត បានប្រាប់ឲ្យដឹងថា បើគិតត្រិមព្រឹកថ្ងៃទី០៤ កញ្ញា នេះ ក្រុមអ្នកដណ្ដើមយកដីរដ្ឋ បាននាំគ្នាលួចបោះបង្គោលព្រំ វាស់ចែកគ្នាអស់ប្រវែងជាង១,០០០ម៉ហើយ គឺស្របតាមដងផ្លូវជាតិ ដែលក្រុមហ៊ុនចិនកំពុងសាងសង់ ត្រង់ចំណុចភូមិវាលរលឹម ឃុំកំពង់ល្ពៅ។ លោកបានប្រាប់ថា ពេលនេះមន្ត្រីរបស់លោកដែលបោះជំរុំនៅលើទីតាំងនោះ កំពុងប្រឈមនឹងការគំរាមកំហែងយ៉ាងខ្លាំង ពីសំណាក់ក្រុមអាណាធិបតេយ្យដែលបានទៅឡោមព័ទ្ធ ហើយបានបង្ខំឲ្យមន្ត្រីរបស់លោក យកបង្គោលទៅដាំតាមព្រំដីឲ្យពួកគេវិញ។ ប៉ុន្តែលោកកំពុងចាត់វិធានការលើករណីនេះ និង បានរាយការណ៏ទៅថ្នាក់លើបានជ្រាបអំពីរឿងនេះហើយ។
ប៉ុន្តែយ៉ាងណា លោក កត បូរាណ មិនបានបង្ហើបប្រាប់ឈ្មោះ មេខ្លោង ដែលបានបំផុសបំផុលឲ្យពលរដ្ឋនៅតំបន់ផ្សេងៗ លើកគ្នាទៅចាប់យកដីរដ្ឋខាងលើនេះទេ។ ប៉ុន្តែលោកបានអះអាងយ៉ាងប្រាកដថា «ខ្ញុំបានកំណត់អត្តសញ្ញាណ មេខ្លោងដឹកនាំចលនាវាទយកដីរដ្ឋនេះបានមួយចំនួនហើយ។ ពេលនេះ ខ្ញុំកំពុងធ្វើបន្ត ហើយនឹងបញ្ជូនឈ្មោះ មេខ្លោងទាំងនោះទៅក្រសួង ដើម្បីចាត់ការតាមផ្លូវតុលាការ»។ ប្រធានមន្ទីររូបនេះ បានបញ្ជាក់អំពីមុខសញ្ញាមេខ្លោងយ៉ាងដូច្នេះថា «បើតាមការស៊ើបអង្កេតរបស់ខ្ញុំ មេខ្លោងដែលដឹកនាំចលនាដណ្ដើមដីរដ្ឋនេះ ជាមន្ត្រីនៅក្នុងស្រុកសំឡូត នេះតែម្ដង ហើយពេលនេះវិធានការកំពុងដំណើរការហើយ» ៕