(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានជូនដំណឹងថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ បានព្យាបាលជាសះស្បើយអ្នកឆ្លងជំងឺកូវីដ១៩ (Covid-19) ១ នាក់ លើបុរសជនជាតិខ្មែរនៅខេត្តកំពង់ចាម ក្រោយត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការជូនដំណឹងរបស់ក្រសូងសុខាភិបាល ថ្ងៃទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។
អ្នកជាសះស្បើយនោះ ជាបុរសជនជាតិខ្មែរ អាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅខេត្តកំពង់ចាម និងជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី តាមជើងហោះហើរត្រង់មកកកម្ពុជា។ បុរសរូបនេះ ទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន ២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផងដែរ។
បច្ចុប្បន្ននេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ១៤១នាក់ មានស្រ្តីចំនួន ៤០នាក់ និងបុរស ១០១នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា)។ ក្នុងនោះ កម្ពុជាបានព្យាបាលជាសះស្បើយទាំងស្រុងបានចំនួន ១៣០នាក់ ដែលមានស្រី ៣៩នាក់ និងប្រុស ៩១នាក់ ស្មើនឹង ៩២,២០%។
ដោយឡែក ចំពោះអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ជាជនជាតិខ្មែរចំនួន ១១នាក់ ស្រី ១នាក់ និងបុរស ១០នាក់ ដែលបានត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។
ទោះជាយ៉ាងណាក៏ដោយ ជំងឺកូវីដ១៩ នៅតែបន្តគម្រាមកំហែងជាប់ជានិច្ចលើពលរដ្ឋកម្ពុជា និងពិភពលោក សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាត ដ៏ខ្លាំងក្លានៅឡើយ។
ករណីនេះ រដ្ឋាភិបាល នៅតែបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា និងឈរជជែកគ្នាគម្លាតពីគ្នាជាដើម៕