ម៉ាឡេស៊ី ៖ កាសែតជាតិរបស់ម៉ាឡេស៊ី Bernama បានរាយការណ៍ថា ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានបន្ថែមយ៉ាងហោចណាស់ចំនួន ៩ប្រទេស រួមមានសហរដ្ឋអាមេរិក អង់គ្លេស និងបារាំង ទៅក្នុងបញ្ជីអ្នកកាន់លិខិតអនុញ្ញាតអន្តោប្រវេសន៍រយៈពេលវែង ដែលត្រូវបានហាមឃាត់មិនឱ្យចូលក្នុងប្រទេសរដ្ឋាភិបាលម៉ាឡេស៊ីកាលពីថ្ងៃអង្គារ៍ បាននិយាយថា ខ្លួននឹងចាប់ផ្តើមធ្វើបែបនេះនៅថ្ងៃទី៧ ខែកញ្ញានេះតទៅ ដែលបិទទៅលើអ្នកមកពីប្រទេសឥណ្ឌា ឥណ្ឌូនេស៊ី និង ហ្វីលីពីន ក្នុងគោលបំណង ដើម្បីកាត់បន្ថយករណីឆ្លងកូវីដ១៩ ដែលបាននាំចូលនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី ៣ នៅអាស៊ីអាគ្នេយ៍មួយនេះ។
សេចក្តីរាយការណ៍បានដកស្រង់សម្តីរបស់លោកទេសរដ្ឋមន្ត្រី Ismail Sabri Yaakob ថា ការហាមឃាត់ពេលនេះនឹងរាប់បញ្ចូលប្រទេសទាំងអស់ ដែលបានរាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណាច្រើនជាង ១៥០,០០០ករណី។
ប្រទេសម៉ាឡេស៊ីដែលទើបតែមានរបាយការណ៍ចំនួន ៩៣៧៤ករណី នៃការឆ្លងជំងឺកូវីដ១៩ និងករណីបាត់បង់ជីវិតចំនួន ១២៨នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ បានហាមប្រាមភ្ញៀវទេសចរនិងអ្នកធ្វើដំណើរអាជីវកម្មពីការចូលមកម៉ាឡេស៊ី ចាប់តាំងពីខែមីនា នៅពេលដែលប្រទេសនេះដាក់បម្រាមយ៉ាងតឹងរឹងទៅលើការធ្វើដំណើរនិងពាណិជ្ជកម្ម ដើម្បីទប់ស្កាត់ការរីករាលដាលនេះ។
បញ្ជីដែលបានហាមប្រាមបន្ថែមរួមមាន ប្រទេសប្រេស៊ីល បារាំង អេស្ប៉ាញ អ៊ីតាលី អារ៉ាប៊ីសាអូឌីត រុស្ស៊ី និងបង់ក្លាដែស។
លោក Ismail Sabri ត្រូវបានដកស្រង់សម្តីដោយលោក Bernama ថា៖ «យើងនឹងបន្ថែមប្រទេសជាច្រើនទៀតដែលត្រូវបានគេចាត់ទុកថា ជាហានិភ័យខ្ពស់»។
មុននេះ លោក Ismail Sabri បាននិយាយថា ការហាមឃាត់នេះនឹងរួមបញ្ចូលទាំងអ្នករស់នៅអចិន្ត្រៃយ៍ ជនបរទេស និស្សិត និងអ្នកដែលមានទិដ្ឋាការជាប្តីប្រពន្ធ និងអ្នកចូលរួមក្នុងកម្មវិធី My Second Home របស់ប្រទេសម៉ាឡេស៊ី៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព