ក្មេងប្រុសពីរនាក់បងប្អូនអាយុ ១២ និង ១៤ ឆ្នាំត្រូវបានចាប់ខ្លួន បន្ទាប់ពីលួចម៉ូតូបានជាង ៣០ គ្រឿង។
ក្មេងប្រុសទាំងពីរនាក់នេះហាក់ដូចជាមិនស្គាល់កន្លែងចាក់សាំង ទើបពួកគេរកមើលម៉ូតូថ្មីមួយគ្រឿងទៀតដើម្បីលួច បន្ទាប់ពីម៉ូតូចាស់អស់សាំង។ ពួកគេបានប្រាប់ប៉ូលិសថា ការលួចនេះគឺដើម្បីឱ្យមានជីវិតរស់រានបន្ត ក្រោយពីឪពុកម្តាយរបស់ពួកគេលែងលះគ្នា មួយវិញទៀតពួកគេក៏ឈប់ទៅសាលារៀន ចាប់តាំងពីឪពុកម្តាយរបស់ពួកគេបែកបាក់គ្នាមកម៉្លេះ។ ស្នងការដ្ឋាននគរបាលខេត្ត Buriram បានចាប់ខ្លួនក្មេងប្រុសទាំងពីរនាក់ រួមទាំងម៉ូតូចំនួន ២ គ្រឿង(ពេលថ្មីៗ) បន្ទាប់ពីជនរងគ្រោះរាយការណ៍ភ្លាមៗទៅប៉ូលិស។ ក្មេងប្រុសទាំងពីរបានសារភាពថា ពួកគេចាប់ផ្តើមការលួចម៉ូតូនៅក្នុងខេត្ត Buriram ចាប់តាំងពីឪពុកម្តាយរបស់ពួកគេបានបែកគ្នា ប៉ុន្តែពួកគេមិនដែលមានចេតនាចង់លក់ម៉ូតូនោះទេ ព្រោះថានៅពេលម៉ូតូអស់សាំងហើយ ពួកគេនឹងត្រៀមលួចម៉ូតូថ្មីមួយគ្រឿងទៀតដោយទុកម៉ូតូចាស់ចោល។
ក្នុងរយៈពេល ៣ ខែអ្នកទាំង២ លួចបានម៉ូតូប្រហែល ៣០ គ្រឿង។ ក្រោយលួចម៉ូតូបាន គេទាំងពីរយកវាជិះទៅវត្តដែលមានពិធីបុណ្យសព ឬបុណ្យផ្សេងៗដើម្បីញ៉ាំអាហារដែលម្ចាស់ដើមបុណ្យទុកឱ្យភ្ញៀវ។ នៅពេលយប់ពួកគេទាំងពីរឈប់សម្រាកនៅចំណតឡានក្រុងណាមួយ មុននឹងបន្តជីវិតផ្សងព្រេងនៅថ្ងៃបន្ទាប់។ ឥឡូវនេះក្រុមមន្រ្តីប៉ូលិសបានទាក់ទងទៅសាច់ញាតិជនល្មើសដើម្បីពិភាក្សាអំពីភាពច្របូកច្របល់និងដំណោះស្រាយចំពោះបញ្ហានេះ។ បច្ចុប្បន្នក្មេងទាំងពីរនាក់ត្រូវបានអាជ្ញាធរប្រគល់ឱ្យមជ្ឈមណ្ឌលអង្កេតនិងការពារអនីតិជនក្នុងខេត្តមើលថែ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the thaiger