រាជធានីភ្នំពេញ ៖ មន្ត្រីក្រសួងពាណិជ្ជកម្មបានអះអាងដំណើរចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ បានកំឡុងដំណើរទៅមុខដែលទទួលលទ្ធផលជាវិជ្ជមាន ។
កិច្ចចរចាជុំទី២ បានធ្វើការពីថ្ងៃទី៣១ សីហា ដល់ថ្ងៃទី៣ កញ្ញា តាមប្រព័ន្ធវីដេអូ ហើយលទ្ធផលកិច្ចប្រជុំរវាងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ជុំទី២ មន្ត្រីថា មានការរីកចម្រើនទៅមុខគួរឲ្យកត់សម្គាល់ ។លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់អ្នកកាសែតតាមបណ្តាញសង្គមថា អ្វីដែលជាលទ្ធផលកិច្ចចរចាជុំទី២នោះ គឺបានបញ្ចប់ជំពូកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបានផ្ដល់ការបើកច្រកទីផ្សារក្នុងកម្រិតផ្សេងគ្នា គឺកម្ពុជាបើកច្រកទីផ្សារជូនកូរ៉េ តូចជាងទទួលបានពីកូរ៉េ ។
រីឯជំពូកផ្សេងទៀត ក្នុងសេចក្ដីព្រាងកិច្ចព្រមព្រៀងមានការឯកភាព (គិតជាភាគរយ) ក្នុងកម្រិតផ្សេងៗគ្នាជំពូកខ្លះក៏មានការឯកភាពគ្នាច្រើនជំពូកខ្លះក៏តិច ។ មន្ត្រីបានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសបានពិភាក្សាគ្នាលើសេចក្ដីព្រាងផែនការការងារសំដៅបញ្ចប់ការចរចានៅចុងឆ្នាំ២០២០នេះ ។ ជុំចរចាទី៣ នឹងធ្វើនៅចុងខែកញ្ញា ២០២០ ខាងមុខនេះ ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ យូ ម្យូងហ៊ី (YOO Myung-Hee) រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Video Conference) ។
រដ្ឋាភិបាលកម្ពុជា និងកូរ៉េខាងត្បូងបានផ្ដើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាផ្លូវការ កាលពីថ្ងៃទី៩ កក្កដា ។ ក្រសួងពាណិជ្ជកម្មធ្លាប់បានបញ្ជាក់ថា «ការសិក្សាបានបង្ហាញថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងអាចជាកាតាលីករជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយ បង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគ បង្កើនផលិតផលក្នុងស្រុកសរុប(GDP) ផ្តល់ផលប្រយោជន៍ដល់អ្នកប្រើប្រាស់ក៏ដូចជា ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននៃប្រទេសទាំងពីរ» ។
ទំហំពាណិជ្ជកម្មកម្ពុជា-កូរ៉េ ក្នុងឆ្នាំ២០១៩ មានប្រមាណ ១,០៣២ លានដុល្លាអាមេរិក ទំហំពាណិជ្ជកម្មនេះ បានកើនឡើងជិត២០% បើធៀបនឹងឆ្នាំ២០១៨ និងកើនឡើង ២៥៤% បើធៀបនឹងឆ្នាំ២០០៩ ដែលមានប្រមាណ ២៩១ លានដុល្លារអាមេរិក ។ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានការកើនឡើងជាមធ្យមប្រមាណ១៥%ក្នុងមួយឆ្នាំ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ។
ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្រៅពីប្រទេសចិន និងកូរ៉េខាងត្បូង កម្ពុជា គ្រោងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសធំៗជាច្រើនទៀតមាន សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) ជាអង្គការសមាហរណកម្មថ្នាក់តំបន់នៅអាស៊ីខាងលិច អាស៊ីខាងកើត និងអាស៊ីកណ្តាល, ប្រទេសអង់គ្លេស អាមេរិក ជប៉ុន ម៉ុងហ្គោលី ឥណ្ឌា ៕