ភ្នំពេញ៖ បុរសខ្មែរ២នាក់ទៀត ដែលទើបត្រឡប់មកពីប្រទេសម៉ាឡេស៊ី មានផ្ទុកកូវីដ-១៩។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ មិថុនា ឆ្នាំ២០២០នេះ។
អ្នកទាំង២ ជាអ្នកដំណើរមកពីប្រទេសម៉ាឡេស៊ី តាមជើងហោះហើរត្រង់ ដែលបានមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមិថុនា។ បុរសម្នាក់មានអាយុ ២៣ឆ្នាំ រស់នៅភូមិអំពិល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងម្នាក់ទៀតអាយុ១៥ឆ្នាំ រស់នៅភូមិព្រែកតាខ្មៅ ឃុំដើមមាន ខេត្តកណ្តាល។ បច្ចុប្បន្នបុរសទាំង២ ត្រូវបានឲ្សសម្រាកនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
តាមការកត់សម្គាល់របស់ក្រសួងសុខាភិបាល ជើងហោះហើរនេះមានអ្នកដំណើរសរុប ១០៧នាក់ ក្នុងនោះជនជាតិខ្មែរ១០៥នាក់ និងជនជាតិម៉ាឡេស៊ី២នាក់។ អ្នកដំណើរផ្សេងដែលទទួលលទ្ធផលតេស្តអវិជ្ជមាន ត្រូវបានដាក់ឲ្យស្នាក់នៅ មណ្ឌលចត្តាឡីស័កជម្ពូវ័ន១ រង់ចាំបញ្ជូនទៅមណ្ឌលចត្តាឡីស័កតាមមូលដ្ឋានរៀងៗខ្លួន។ រីឯជនជាតិម៉ាឡេស៊ី២នាក់ បន្តស្នាក់នៅធ្វើចត្តាឡីស័ក នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។
គិតត្រឹមថ្ងៃទី២៨មិថុនានេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ សរុប ១៤១នាក់ ក្នុងនោះមានអ្នកជំងឹ១២នាក់ កំពុងសម្រាកព្យបាលនៅមន្ទីរពេទ្យរដ្ឋ៕ ប៊ុនធឿន