មនុស្សតែងប្រាថ្នាក្តីសុខពេញមួយជីវិត ប៉ុន្តែមានមនុស្សមិនច្រើនទេដែលអាចស្វែងរកក្តីសុខអោយជីវិតបាន។ គ្រប់គ្នាចេះមើលរំលងក្តីសុខដែលរត់ជុំវិញខ្លួន ហើយបែរជាទៅច្រណែនចង់បានជីវិតដូចជាដទៃទៅវិញុ។
ក្តីសុខពិតប្រាកដ គឺកើតចេញពីចិត្ត និងគំនិត។ បើកាលណាអ្នកមិនចេះពេញចិត្តនូវអ្វីដែលខ្លួនកំពុងតែធ្វើ ឬអ្វីដែលខ្លួនកំពុងមាន នោះក្តីខកបំណងក៏កើតមាន ហើយបង្កើតបានជាកង្វល់មិនចេះចប់មិនចេះហើយនេះឯង។
ប្រភពនៃសេចក្តីសុខ
– ចេះអំណត់ ៖ កុំបើកភ្លើងខៀវអោយសម្តីមិនល្អរបស់នរណាម្នាក់ចរាចរណ៍ក្នុងចិត្តរបស់អ្នក ស្តាប់ហើយក៏បោះចោលទៅ។
– ចេះអត់អោន ៖ ចូរអភ័យទោសដល់អ្នកដែលខុសលើអ្នកអោយបានច្រើន មេត្តានឹងនាំមកនូវសេចក្តីសុខយ៉ាងពិតប្រាកដ។
– ចេះគ្រប់គ្រាន់ ៖ ត្រូវពេញចិត្តនូវអ្វីដែលខ្លូនមាន ហើយបន្តរស់ក្នុងភាពគ្រប់គ្រាន់នេះ។
– ចេះដោះលែង ៖ អ្វីដែលមិនមែនជារបស់យើង កុំបាច់ទៅប្រឹងទាញយកមកឱបក្រសោបក្បែរខ្លួន ព្រោះវានាំក្តីចុកចាប់ដល់ខ្លួន។
– ចេះយល់ស្រលាញ់ ៖ ត្រូវស្រលាញ់គ្រប់យ៉ាងដែលខ្លួនមាន។
រៀនផ្តល់ក្តីសុខអោយជីវិតអោយច្រើនៗ មិនខឹងច្រើន មិនគុំគួន សុទិដ្ឋិនិយម មិនអត្មានិយម។ ចូរចាំថាសេចក្តីសុខដ៏គាប់ប្រសើរមួយ គឺកើតចេញពីភាពគ្រប់គ្រាន់ ទទួលស្គាល់ការពិត និងពេញចិត្តនូវអ្វីដែលខ្លួនមាន៕