អ្នកបើកបរម៉ូតូអាយុ ៤៣ឆ្នាំម្នាក់ត្រូវបានគេប្រកាសថាស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ក្រោយពីបានបើកម៉ូតូទៅបុកពីក្រោយរថយន្តមួយគ្រឿងនៅចំណុចផ្លូវបំបែកមួយក្នុងទីក្រុងPattaya កាលពីយប់មិញ។
ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណជា ៨យប់ នៅចំណុចប្រសព្វវត្ត Boonkanjanaram។ ប៉ូលិសបានផ្តល់ព័ត៌មានមកកាន់ The Pattaya News ថានៅពេលបានទៅដល់កន្លែងកើតហេតុ គេឃើញម៉ូតូមួយគ្រឿងប៉ះទង្គិចជាមួយផ្នែកខាងក្រោយនៃរថយន្តធុនតូចពណ៌សមួយគ្រឿងនៅផ្លូវបំបែក។
សាកសពអ្នកបើកបរម៉ូតូត្រូវបានគេស្គាល់ឈ្មោះថា Tanakrit Saejang អាយុ ៤៣ឆ្នាំ។ យោងទៅតាមសម្តីរបស់អ្នកសង្គ្រោះបន្ទាន់បានឱ្យដឹងថា គាត់បានស្លាប់ដោយសារមានរបួសធ្ងន់ធ្ងរពេក ហើយសាកសពរបស់គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ អ្នកបើកបររថយន្តមានឈ្មោះថា Suthep Jearanaibanyong មានការងារជាអ្នកមគ្គទេសក៍ទេសចរម្នាក់បានប្រាប់កាសែត The Pattaya News ថាគាត់បានឈប់ឡាននៅខាងមុខភ្លើងស្តុបពណ៌ក្រហម ហើយក្នុងឡានមានអ្នកដំណើរបរទេសជាច្រើនទៀតរួមដំណើរជាមួយដែរ។ ភ្លាមៗនោះស្រាប់តែមានម៉ូតូមួយគ្រឿងបើកបរក្នុងល្បឿនលឿនបានបើកទៅបុកពីក្រោយរថយន្តរបស់គាត់ដែលកំពុងឈប់នៅចាំភ្លើងស្តុប។ ជាសំណាងល្អគាត់និងអ្នករួមដំណើរក្នុងឡានមិនបានរងរបួសអ្វីទេនៅក្នុងហេតុការណ៍នោះ។
ប៉ូលិសកំពុងឆែកកាមេរ៉ាសុវត្ថិភាពដើម្បីបញ្ជាក់ឱ្យបានច្បាស់អំពីហេតុការណ៍ដែលបានកើតឡើង។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ The pattaya news